ព័ត៌មានថ្មីៗ

ក្រុមការងារគ្រប់គ្រងព្រៃឈើ កំពុងកាត់ដកហូតដើមឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទបន្ទាយស្រី

បានផ្សាយនៅ ថ្ងៃទី 22 ខែ តុលា ឆ្នាំ2020 11:30 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ឆ្លើយតបចំពោះដើមឈើដែលកំពុងមានហានិភ័យខ្ពស់មកលើប្រាង្គប្រាសាទបន្ទាយស្រី ក្រុមការងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តការងារកាត់ដកហូតដើមឈើទាលមួយដើម ដែលមានមុខកាត់១០០ស.ម និងកំពស់ប្រហែល៤០ម៉ែត្រ ដុះជាប់នឹងកំពែងខាងត្បូងក្នុងប្រាសាទបន្ទាយស្រី មានលក្ខណៈទ្រេតខ្លាំងទៅលើកំពែង និងថ្មចម្លាក់ សណ្ឋានដីជ្រាយ និងមានប្រព័ន្ធឫសខ្សោយ។ ដោយសារទីតាំងដើមឈើនោះកៀកនឹងប្រាសាទ និងមានកម្ពស់ខ្ពស់ផង មិនអំណោយផលដល់រថយន្តស្ទូចដើម្បីចូលទៅកាត់ ដែលតម្រូវឲ្យក្រុមការងារត្រូវប្រើប្រាស់រន្ទាដែកជំនួសវិញ ជាហេតុត្រូវប្រើពេលវេលាយូរបន្តិចក្នុងការដំឡើង ប៉ុន្តែផ្តល់សុវត្ថិភាពខ្ពស់ចំពោះប្រាសាទផង និងមនុស្សផង។

ក្រៅពីដើមឈើទាលមួយដើមនេះ ក្រុមការងារក៏បានសិក្សាពីហានិភ័យដើមឈើផ្សេងទៀត ស្ថិតក្នុង និងក្រៅបរិវេណប្រាសាទបន្ទាយស្រី ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រាសាទ និងមនុស្ស និងបានរៀបចំជាផែនទីហានិភ័យដើមឈើរួចហើយ ដែលក្នុងនោះមានដើមឈើសរុបចំនួន៥០ដើម ដោយចែកចេញជា៣កម្រិតហានិភ័យគឺ៖ ហានិភ័យខ្លាំងមានចំនួន១០ដើម(ត្រូវកាត់ដកហូតចេញ) ហានិភ័យមធ្យមចំនួន៣០ដើម(កាត់ក្រីមែកខ្លះ) និងហានិភ័យខ្សោយចំនួន១០ដើម(កាត់ក្រីមែកខ្លះ)។

ជាវិធានការដើម្បីបង្ការហានិភ័យដើមឈើទាំងអស់នេះមកលើប្រាសាទបន្ទាយស្រី អាជ្ញាធរជាតិអប្សរា នឹងដាក់ជូនសុំយោបល់ពីអ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្តទៀត ដើម្បីការងារនេះអនុវត្តបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

















អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
វត្តបូណ៌ ឬ វត្តរាជបូណ៌ ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០។ បើរាប់ពីដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាទីចាប់អារម្មណ៍បំផុតសម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។
ជឿន គឹមហេង ប្រហែលជាស្ត្រីពិការទី១ ដែលបានឡើងទៅទស្សនានៅលើរួតបាកាណ ដែលជាជាន់ខ្ពស់ជាងគេបង្អស់នៃប្រាសាទអង្គរវត្តបានដោយជោគជ័យ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ។ នេះក៏ដោយសារតែឆន្ទៈដ៏មុតមាំរបស់នាង ដែលបានទទូចស្នើសុំមកអាជ្ញាធរជាតិអប្សរាកន្លងមក។
ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយលោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការ វិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃ ICC-Angkor ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងថ្នាក់ដឹកនាំពាក់ព័ន្ធផ្សេងទៀតនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារជួសជុលនិងអភិរក្សនៅវត្តរាជបូណ៌ និង ប្រគេនទៀនវស្សាព្រមទាំងទេយ្យទានផ្សេងៗដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តរាជបូណ៌ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីចាប់យកមគ្គផលនិងរួមចំណែកក្នុងការលើកតម្កើងព្រះពុទ្ធសាសនាផងដែរ។ ក្នុងឱកាសចុះទៅពិនិត្យការងារជួសជុលនិងអភិរក្សនៅព្រះវិហារវត្តរាជបូណ៌ ឯកឧត្តមអគ្គនាយក និងថ្នាក់ដឹកនាំបានពិនិត្យពីលទ្ធផលនៃការជួសជុលរូបគំនូរដែលមានក្នុងព្រះវិហារ និងលទ្ធភាពជួសជុលដំបូលព្រះវិហារ។
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានសហការគ្នាជាមួយក្រុមពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា(AMH) ចំនួន២៥រូប បារាំង១៦រូបនិងខ្មែរ៩រូបចុះទៅពិនិត្យសុខភាពនិងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រុមអ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណ វិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគម្រោងជួសជុលចម្រឹងបង្អួចនៅរោងទងទី២ផ្នែក ខាងជើងនៃប្រាសាទអង្គរវត្ត។ ជាទូទៅស្ថានភាពចម្រឹងបង្អួចទាំងអស់នៅប្រាសាទអង្គរវត្ត ពុំមានភាពរឹងមាំល្អឡើយ ចម្រឹងខ្លះពុកផុយនិងសឹករិចរិលដោយអន្លើៗ ឯខ្លះទៀតបានបាក់ និងបាត់បង់ទាំងស្រុង។ ក្នុងដំណាក់កាលដំបូងនៃការសិក្សាលើស្ថានភាពចម្រឹងបង្អួចនៅរោង ទងទី២ផ្នែកខាងក្នុងគឺមានសរុបចំនួន១៤៩ស៊ុមស្មើនឹង១០៣៩ចម្រឹង ក្នុងនោះបានបង្ហាញពី ការខូចខាតខ្លាំងប្រមាណ២១% ខូចខាតមធ្យម ១៦% និងខូចតិចតួចចំនួន៣៩%។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
12160
ម្សិលមិញ
:
28276
សប្តាហ៍នេះ
:
91758
ខែនេះ
:
0395266
សរុប
:
014838107