ព័ត៌មានថ្មីៗ

ការប្រកាន់ទម្លាប់នៃការចូលប្រាសាទដូចពីបុរាណកាល គឺរក្សាបានទាំងតម្លៃអភិរក្សប្រាង្គប្រាសាទនិងទេសភាពវប្បធម៌ក្នុងសង្គមខ្មែរដ៏ផូរផង់

បានផ្សាយនៅ ថ្ងៃទី 14 ខែ កញ្ញា ឆ្នាំ2020 06:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដូនតាខ្មែរបានកសាងប្រាសាទខ្លះមានខ្លោងទ្វារចេញចូល៤ទិស ខ្លះ២ទិស និងខ្លះ១ទិស ដែលឱ្យមនុស្សចេញចូលតាមទិសខាងកើតឬខាងលិចដែលកំណត់ថាជាខ្លោងទ្វារធំ ដោយយោងទៅលើប្រាង្គសំខាន់បែរមុខទៅទិសណា។

ដូចករណីនៅបាយ័ន្តនិងកំពែងក្រុងអង្គរធំ គឺមានខ្លោងទ្វារច្រើន ដែលខ្លះចូលចំប្រាសាទធំពីខាងកើត តែមនុស្សពុំសូវចេញចូល គេហៅថាខ្លោងទ្វារខ្មោចឬខ្លោងទ្វារខ្វាក់ ហើយច្រកដែលមនុស្សចេញចូលជាប្រចាំ គេហៅខ្លោងទ្វារជ័យ។ រីឯប្រាង្គប្រាសាទខ្លះមានទ្វារទាំង៤មែន តែបិទជិតឈឹងឬចំហ ហៅថាទ្វារបញ្ឆោត ក៏មិនអនុញ្ញាតឱ្យចេញចូលដែរ ដោយសារមានកសិន្ធុជុំវិញ។ ការកសាងខ្លោងទ្វារនិងកំពែងច្រើនដូច្នេះ គឺជាការរៀបចំតាមក្បួនកិច្ចពិធីផង សាសនាផង និងឋានានុក្រមសង្គមផងដែលចាស់បុរាណប្រកាន់ខ្ជាប់បំផុត។

ប៉ុន្តែសព្វថ្ងៃ ទម្លាប់នៃការចេញចូលច្រកទ្វារខ្លះ ហាក់ប្រាសចាកពីបុរាណកាល ហើយក៏មានភាពសេរី ដោយមិនបានបែងចែកថាខ្លោងទ្វារនេះសម្រាប់ព្រះមហាក្សត្រ ខ្លោងទ្វារនោះសម្រាប់រាស្ត្រសាមញ្ញចេញចូលឡើយ។ ជាក់ស្តែងនៅប្រាសាទអង្គរវត្ត មនុស្សមួយចំនួននិយមចេញចូលតាមច្រកខាងកើត ជំនួសឱ្យច្រកចេញចូលខាងលិចវិញ ដើម្បីទៅធ្វើបុណ្យនិងទៅទស្សនាប្រាសាទ ដែលពេលខ្លះបង្កភាពកកស្ទះនិងការប៉ះពាល់ដល់ប្រាង្គប្រាសាទផង។

តាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា ច្រកចេញចូលសំខាន់នៃប្រាសាទអង្គរវត្ត គឺមានតែមួយគត់ គឺនៅខាងលិច ឯច្រកខាងកើតគ្រាន់តែធ្វើបណ្តោះអាសន្នសម្រាប់កិច្ចការអភិរក្សដើម្បីយកគ្រឿងចក្រទៅជួសជុលប្រាសាទខាងក្នុង ជាពិសេសថែវខាងត្បូងដែលបែកបាក់កាលសម័យបារាំង និងសម័យក្រោយៗមកទៀត ព្រមទាំងការចេញចូលរបស់ព្រះសង្ឃដែលគង់នៅវត្តអង្គរខាងជើងនិងខាងត្បូងប៉ុណ្ណោះ។ បើនៅខាងកើតអង្គរវត្តមានច្រកចូលសំខាន់មែននោះ គឺច្បាស់ជាមានស្ពានហាល ផ្លូវចូលក្រាលថ្ម មានរបងល្អដូចខាងលិចពុំខាន មិនមែនមានត្រឹមទំនប់ទឹកនោះទេ។ ជាក់ស្តែងកាលពីដើមឡើយ ទាំងអ្នកអភិរក្ស ទាំងប្រជាជន ទាំងភ្ញៀវមកទស្សនា គឺចេញចូលតែខ្លោងទ្វារខាងលិចប៉ុណ្ណោះ។

សង្កត់ធ្ងន់លើការផ្លាស់ប្តូរទម្លាប់ចេញចូលប្រាសាទអង្គរវត្តនាបច្ចុប្បន្ន ដើម្បីទៅធ្វើបុណ្យឬទៅទស្សនាដោយចូលពីច្រកខាងកើតវិញ លោក សុខរិទ្ធី ថាមកពីការប្រញាប់ប្រញាល់ ពុំមានការគោរពសណ្តាប់ធ្នាប់ល្អ ភាពទំយើររបស់មនុស្ស ចង់បានស្រួល ចង់បានលឿន ទៅធ្វើបុណ្យដើម្បីបង្គ្រប់តែកិច្ច ពុំទាន់មានទម្លាប់ល្អក្នុងការចូលប្រាសាទជាទីសក្ការៈ។ បើប្រៀបធៀបនឹងបណ្តាប្រទេសជិតខាងដែលគេគោរពសាសនាព្រះពុទ្ធដូចយើងដែរ ឃើញថាគេមានទម្លាប់ល្អ មានការគោរពទីសក្ការៈ មានសណ្តាប់ធ្នាប់ ពេលគេចេញចូលទស្សនាប្រាសាទទៅគោរពបូជានិងធ្វើបុណ្យ។ អាជ្ញាធរជាតិអប្សរាក៏កំពុងរៀបចំសណ្តាប់ធ្នាប់ បង្កើតជាទីលានចំណតនៅខាងលិច កន្លែងលក់ដូរ។ល។និង។ល។ ដោយសង្ឃឹមថាសណ្តាប់ធ្នាប់ល្អនឹងត្រូវបានចូលរួមអនុវត្តជាបណ្តើរៗ។

លោក សុខរិទ្ធី បានលើកឡើងថា អង្គរវត្ត គឺជាអត្តសញ្ញាណជាតិ ប្រដិស្ឋនៅលើទង់ជាតិខ្មែរ ហើយដែលគ្មាននរណាអាចបង្អាប់ជាន់ឈ្លីបាន។ នេះហើយជាមូលហេតុដែលខ្មែរយើងគួរនាំគ្នាចូលរួមគោរពនិងលើកតម្កើង។ វាជាការល្អណាស់ បើមនុស្សទូទៅដើរទៅទស្សនាប្រាសាទឬទៅធ្វើបុណ្យដោយឆ្លងច្រកខាងលិច កាត់តាមកសិន្ធុ ស្លៀកហូល ផាមួង អាវស អាវប៉ាក់ កាន់ចានស្រាក់ រែកអង្រែកម្ហូបអាហារ មានផ្លែឈើ នំអន្សមទៅធ្វើបុណ្យនោះ វាសមនឹងភាពផូរផង់នៃវប្បធម៌ខ្មែរតពីបុរាណដែលមានតម្លៃដ៏ខ្ពង់ខ្ពស់។

វាដូចគ្នានឹងប្រទេសជិតខាងមានទ្បាវ ភូមា ថៃជាដើម ដែលពុទ្ធបរិស័ទជ្រះថ្លានឹងសាសនា គោរពប្រណិប័តន៍ប្រពៃណី វត្តអារាម និងបុរាណដ្ឋានដែរ។ បើអាចមានដូច្នេះមែន រូបភាពមនុស្សចេញចូលអង្គរកាលពីសម័យមុនៗ ដែលយើងតែងចែករំលែកគ្នាតាមបណ្តាញសង្គមនោះនឹងមានពិតមែន ហើយបន្តរស់រវើកដល់ឥទ្បូវ និងមិនមែនជារូបភាពគ្រាន់ជាអនុស្សាវរីយ៍ទៀតទ្បើយ។ នោះយើងអាចការពាររក្សាបាននូវទេសភាពវប្បធម៌ ជួយដល់បរិស្ថាន បន្ថយផ្សែងពុល លើកតម្លៃ និងការអភិរក្សប្រាង្គប្រាសាទផង តាមរយៈបន្ថយទម្ងន់សង្កត់ បន្ថយលំញ័រ ភាពកកស្ទះនៃចរាចរណ៍នាំប៉ះពាល់រចនាសម្ពន្ធប្រាសាទ។យើងក៏បានជួយរក្សាតម្លៃរតនវត្ថុដែលដូនតាខ្មែរបន្សល់ទុកឱ្យនិងបន្តទៅមនុស្សជំនាន់ក្រោយៗទៀត៕









































អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក យី សុថា/ លោក ហាប់ គឹមអាន/ លោក យ៉េង ឈាងលី/ លោក ហ៊ុំ រិទ្ធី
នៅក្នុងសប្តាហ៍ទី១នៃខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន១៨ករណី រួមមាន៖ ក្រុងសៀមរាប ៣ករណី ស្រុកបន្ទាយស្រី២ករណី ស្រុកអង្គរធំ២ករណី ស្រុកប្រាសាទបាគង៧ករណី ស្រុកពួក៣ករណី ស្រុកសូទ្រនិគម១ករណី។
បន្ទាប់ពីទទួលបានកូនឈើដែលផ្តល់ដោយអាជ្ញាធរជាតិអប្សរានាពេលកន្លងមក ព្រះសង្ឃ រួមនិងសាធារណជនជិតឆ្ងាយ បានរៀបចំពិធីដាំនៅតាមទីតាំងផ្សេងៗ បំណងដើម្បីបរិស្ថាន បង្កើនគម្របព្រៃឈើឡើងវិញ និងជាពិសេសចូលរួមចំណែកអភិវឌ្ឍន៍ជាក់ស្តែងនៅមូលដ្ឋានរៀងៗខ្លួន ដែលសកម្មភាពដាំកូនឈើទាំងនោះមាននៅ៖
នៅដើមខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន Minebea របស់ជប៉ុន បានចូលរួមដាំកូនឈើគ្រញូងចំនួន៣០០ដើម នៅបរិវេណខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ កម្មវិធីនេះ ក្រោមកិច្ចសហការ និងរៀបចំដោយអាជ្ញាធរជាតិអប្សរា ដែលមានអ្នកចូលរួមពីស្ថាប័នទាំង២។
នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយ លោក ប៊ុន យីន នាយកប្រតិបត្តិនៃធនាគារ CIMB ឯកឧត្តម ឈិត បូរ៉ាវុធ មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និងសហការី ដើម្បីពិភាក្សាពីការចូលរួមស្តារគម្របព្រៃឈើនៅរមណីយដ្ឋានអង្គរ។
នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងការងារមួយចំនួននៅប្រាសាទអង្គរវត្តដើម្បីតាមដានពីការរីកចម្រើននៃការងារទាំងនោះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
3081
ម្សិលមិញ
:
5746
សប្តាហ៍នេះ
:
83506
ខែនេះ
:
0239587
សរុប
:
012747176