NEWS

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី២ ខែកញ្ញា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

Published on 12 September 2020 08:50 PM Post By ៖ Apsara National Authority
១៖ ទូតឥណ្ឌាចប់អាណត្តិជួបសម្ដែងការគួរសមនិងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ ជួបសម្ដែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានរំឭកពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌា និងអាជ្ញាធរជាតិអប្សរា ក្នុងការងារជួសជុលនៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម។ បន្ថែមពីនេះ លោកជំទាវអគ្គរដ្ឋទូត ក៏បានលើកពីគម្រោងបណ្ដុះបណ្ដាលវគ្គខ្លីៗដល់យុវជនកម្ពុជា លើការងារអភិរក្សប្រាសាទ សិល្បៈ និងវប្បធម៌ផងដែរ។
ថ្លែងក្នុងជំនួបនៅពេលនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់លោកជំទាវ Manika Jain ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងឥណ្ឌានាពេលកន្លងមក។ ឯកឧត្តមអគ្គនាយកមានសេចក្ដីរីករាយ នឹងទទួលយកនូវសំណើររបស់លោកជំទាវ ស្ដីពីគម្រោងបណ្ដុះបណ្ដាលធនធានយុវជនកម្ពុជា លើការងារអភិរក្សជួសជុលប្រាសាទ សិល្បៈនិងវប្បធម៌។ ព័ត៌មានលំអិត

២៖ វិទ្យាស្ថានបារាំងចុងបូព៌ាប្រគល់ឯកសារស្រាវជ្រាវតាំងពីជំនាន់បារាំងឱ្យអាជ្ញាធរជាតិអប្សរារក្សា
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកបណ្ឌិត ប្រ៊ីស វុំាងសង់ ប្រធានវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស ក្រុងសៀមរាប ចូលជួប និងបង្ហាញឯកសារស្រាវជ្រាវ ចាប់ពីស្ថាប័ននេះចូលរួមកិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាទុកក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ របស់អាជ្ញាធរជាតិអប្សរា។
លោកបណ្ឌិត ប្រ៊ីស វុំាងសង់ បានជម្រាបឯកឧត្តមអគ្គនាយកថា លោកបានប្រមូលឯកសារដែលពាក់ព័ន្ធ ក្នុងតំបន់រមណីយដ្ឋាន ប្រគល់ជូនអាជ្ញាធរជាតិអប្សរា សម្រាប់ជាឯកសារជាតិ។ ដើម្បីឱ្យដំណើរការចងក្រងឯកសារទាំងនេះមានប្រសិទ្ធភាពល្អ វិទ្យាស្ថានបារាំងចុងបូព៌ា គ្រោងរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធ រួមមានមន្រ្តីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីអាជ្ញាធរជាតិអប្សរាជាដើម។
ក្នុងជំនួបនោះ ឯកឧត្តម ហង់ ពៅ បានថ្លែងអំណរគុណដល់តំណាងវិទ្យាស្ថានបារាំងចុងបូព៌ា ដែលសម្រេចប្រគល់ឯកសារទាំងអស់ជូនអាជ្ញាធរជាតិអប្សរា ស្របតាមអនុសាសន៍គណៈកម្មាធិការ- អន្ដរជាតិ អាយស៊ីស៊ី-អង្គរ នាពេលកន្លងមក។ បន្ថែមពីនោះ ឯកឧត្តមអគ្គនាយក បានស្នើឲ្យភាគីបារាំង ពិនិត្យលទ្ធភាពប្រគល់ឯកសារលម្អិតបន្ថែមជុំវិញកិច្ចការស្រាវជ្រាវ និងអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ លើសពីសៀវភៅ និងឯកសារដែលបានចងក្រងរួចហើយ។ ព័ត៌មានលំអិត

៣៖ អាជ្ញាធរជាតិអប្សរាស្វាគមន៍ការចូលរួមរបស់ធនាគារ CIMB ក្នុងការចូលរួមដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ
រសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយ លោក ប៊ុន យីម នាយកប្រតិបត្តិនៃធនាគារ CIMB ឯកឧត្តម ឈិត បូរ៉ាវុធ មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និងសហការី ដើម្បីពិភាក្សាពីការចូលរួមស្តារគម្របព្រៃឈើនៅរមណីយដ្ឋានអង្គរ។
លោក ប៊ុន យីម បានលើកឡើងថា ធនាគារ CIMB មានបំណងចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការដាំដើមឈើដើម្បីទុកជាកេរតំណែលសម្រាប់មនុស្សជំនាន់ក្រោយ។
ជាកិច្ចឆ្លើយតប លោក ឡុង កុសល បានសម្តែងសេចក្តីរីករាយចំពោះធនាគារ CIMB ដែលបានចូលរួមនិងផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា និងមានបំណងក្នុងការដាំដើមឈើក្នុងរមណីយដ្ឋានអង្គរ ដើម្បីបរិស្ថាននិងបេតិកភណ្ឌ។ អាជ្ញាធរជាតិអប្សរា សូមគាំទ្រទាំងស្រុងនូវការចូលរួមចំណែកជាសាធារណពីគ្រប់មជ្ឈដ្ឋានក្នុងស្មារតីចូលរួមគិត ចូលរួមធ្វើ និងចូលរួមទទួលខុសត្រូ ដើម្បីចូលរួមការពារនិងអភិរក្សកេរមតកដូនតាខ្មែរ។ ព័ត៌មានលំអិត

៤៖ អ្នកជំនាញធ្វើបទបង្ហាញពីដំណើរការជួសជុលស្ពានហាលខាងលិចអង្គរវត្ត
បាឋកថាស្ដីពី «វឌ្ឍនភាពនៃការជួសជុលស្ពានហាលខាងលិចអង្គរវត្ត» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបង្ហាញដល់សាធារណជនដែលមានបំណងចង់ឈ្វេងយល់ពីដំណើរការលម្អិតនៃគម្រោងជួសជុលនេះ។ អ្នកជំនាញបានរៀបរាប់អំពីប្រវត្តិនៃការជួសជុលស្ពានហាល ជាពិសេសរៀបរាប់ពីដំណើរការក្នុងការដ្ឋានដែលកំពុងជួសជុលបច្ចុប្បន្ន។
លោក អន សុភាព អ្នកគ្រប់គ្រងគម្រោងជួសជុល បានបង្ហាញថា ផ្នែកខ្លះនៃស្ពានហាលនេះ ត្រូវបានជួសជុលដំបូងនៅអំឡុងសតវត្សទី១៦ បន្ទាប់មកនៅសម័យបារាំងចន្លោះពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧២។ ក្រោយមក នៅឆ្នាំ១៩៩៦ តាមរយៈសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុនសហការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងជួសជុលដំណាក់កាលទី១ប្រវែង១០០ម៉ែត្រ ហើយបញ្ចប់នៅឆ្នាំ២០០៧ និងដំណាក់កាលទី២នេះ ប្រវែង៩០ម៉ែត្រ ចាប់ផ្តើមពីឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់ឲ្យបានមុនឆ្នាំ២០២៤។ គម្រោងជួសជុលនេះមានការត្រួតពិនិត្យនិងតាមដានយ៉ាងហ្មត់ចត់ពីអ្នកជំនាញនៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។
លោក ម៉ៅ សុខនី ស្ថាបត្យករធ្វើការក្នុងគម្រោងនេះ ឱ្យដឹងថា ស្ពានហាលខាងលិចអង្គរវត្ត មានប្រវែងសរុប ១៩៧.៤ម៉ែត្រ ឬប្រមាណ២០០ម៉ែត្រ ទទឹង ១១.៦៤ម៉ែត្រ និងមានកម្ពស់ ៣.៣៨៥ម៉ែត្រ។ ស្ពាននេះមានគ្រឹះធ្វើពីថ្មបាយក្រៀម៧ស្រទាប់។ ស្ថានភាពស្រុតចុះនៃកម្រាលថ្មភក់ ជាចំណុចប្រឈមខ្លាំង ដែលទាមទារឱ្យ ពន្លឿននៃគម្រោងជួសជុលនេះ។ ព័ត៌មានលំអិត

៥៖ ភ្នាក់ងារទេសចរណ៍ទទួលការបណ្ដុះបណ្ដាលពីការគ្រប់គ្រងហានិភ័យប្រាសាទ
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត ទទួលបានការបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហានិភ័យប្រាសាទ នៅរួតព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលរៀបចំឡើង ដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ។
លោក លឹម ស្រ៊ូ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកឡើងថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍ប្រចាំការផ្ទាល់នៅក្នុងប្រាសាទ ដើម្បីឱ្យភ្នាក់ងារទាំងអស់ បានដឹងពីស្ថានភាពជាក់ស្ដែងរបស់ប្រាសាទ និងដើម្បីធ្វើសម្រង់ស្ថិតិពីចំណុចនីមួយៗដល់ថ្នាក់ដឹកនាំ ក៏ដូចជាដើម្បីរាយការណ៍បន្ទាន់ដល់អ្នកអភិរក្សនិងជួសជុលប្រាសាទ។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ប្រាសាទចាត់ទុកដូចជាផ្ទះសម្រាប់ភ្នាក់ងារទេសចរណ៍គ្រប់រូប ដូច្នេះគឺត្រូវចេះសង្កេតគ្រប់ទីកន្លែង ដើម្បីដឹងពីស្ថានភាពទូទៅរបស់ប្រាសាទ។ ហើយការដឹងទាន់ពេលវេលានេះ អាចឱ្យអ្នកជំនាញមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួសជុលឬអភិរក្ស។ លោកបន្ថែមថា រាល់ប្រាសាទទាំងអស់ត្រូវការការថែទាំ ហើយពលរដ្ឋគ្រប់រូបមានភារកិច្ចការពារ ថែរក្សាមរតកដូនតា ហើយការងារទាំងនេះ ជាផ្នែកមួយនៃការអភិរក្សប្រាង្គប្រាសាទ។ ព័ត៌មានលំអិត

៦៖ អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ឧទ្យានអង្គរ
នៅក្នុងសប្តាហ៍ទី១នៃខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន១៨ករណី រួមមាន៖ ក្រុងសៀមរាប ៣ករណី ស្រុកបន្ទាយស្រី២ករណី ស្រុកអង្គរធំ២ករណី ស្រុកប្រាសាទបាគង៧ករណី ស្រុកពួក៣ករណី ស្រុកសូទ្រនិគម១ករណី។ ក្នុងរយៈពេលដូចគ្នានេះ ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់បានចំនួន០៨ករណី រួមមាន៖ ស្រុកអង្គរធំ៤ករណី ក្រុងសៀមរាប២ករណី ស្រុកប្រាសាទបាគង១ករណី និងស្រុកបន្ទាយស្រី១ករណី។ ព័ត៌មានលំអិត

៧៖ កូនឈើជិត២ពាន់ដើមដែលទទួលបាន ពីអាជ្ញាធរជាតិអប្សរា បានយកទៅដាំដើម្បីអភិវឌ្ឍន៍មូលដ្ឋាន
បន្ទាប់ពីទទួលបានកូនឈើដែលអាជ្ញាធរជាតិអប្សរាបានផ្ដល់ឲ្យ ព្រះសង្ឃ រួមនឹងសាធារណជន បានដាំកូនឈើនៅតាមទីតាំងផ្សេងៗ ដើម្បីបង្កើនគម្របព្រៃឈើ និងដើម្បីរួមចំណែកអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន។ សកម្មភាពដាំកូនឈើទាំងនោះគឺ ព្រះសង្ឃ អាជ្ញាធរ និងអ្នកភូមិចំនួន១៥០នាក់ បានចូលរួមដាំកូនឈើចំនួន៨០០ដើម នៅបរិវេណវត្តឧទុម្ពរ ហៅវត្តល្វា ក្នុងភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ ឯកូនឈើចំនួន១០០ដើម បានដាំនៅបរិវេណសាលាបឋមសិក្សាពោធិ៍រស្មីសង្គម ស្ថិតនៅភូមិកំពង់ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
បន្ថែមពីនោះ កូនឈើចំនួន២០០ដើម បានដាំនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង។ ដោយឡែក កូនឈើចម្រុះសរុប៥០០ដើម ត្រូវបានដាំ នៅបរិវេណវត្ត ជ័យមុនីវនារាម ហៅវត្តជយោ ស្ថិតនៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ទន្ទឹមនឹងនោះ ក្រុមយុវជនចំនួន៤០នាក់ បានចូលរួមដាំដើមឈើឥន្ទនេលចំនួន២៥០ដើម លម្អតាមដងផ្លូវនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ព័ត៌មានលំអិត

៨៖ ក្រុមហ៊ុនMinebea ចូលរួមដាំកូនឈើជាមួយអាជ្ញាធរជាតិអប្សរា ចំនួន៣០០ដើមនៅខាងត្បូងប្រាសាទបន្ទាយក្តី
នៅដើមខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន Minebea របស់ជប៉ុន បានចូលរួមដាំកូនឈើគ្រញូងចំនួន៣០០ដើម នៅបរិវេណខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ កម្មវិធីនេះ ក្រោមកិច្ចសហការ និងរៀបចំដោយអាជ្ញាធរជាតិអប្សរា ដែលមានអ្នកចូលរួមពីស្ថាប័នទាំង២។ អាជ្ញាធរជាតិអប្សរា បានប្រកាសពីគម្រោងដាំនិងចែកចាយកូនឈើចំនួន១១ម៉ឺនដើមនៅឆ្នាំ២០២០នេះ ក្នុងនោះវិស័យឯកជនក៏អាចចូលរួមដាំកូនឈើទាំងនោះក្នុងរមណីយដ្ឋានអង្គរផងដែរ ដើម្បីបង្កើនគម្របព្រៃឈើក្នុងប្រទេសកម្ពុជា។ ព័ត៌មានលំអិត

បច្ចុប្បន្នបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែមុខមាត់ថ្មីជាបណ្ដើរៗស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកដែលមានភាពទាក់ទាញដ៏អស្ចារ្យ ដោយលោកអ្នកអាចឃើញនូវទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកទស្សនាប្រាសាទអង្គរវត្ត ក្រោយពីតំបន់នេះមានការអភិវឌ្ឍជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា។
១ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម បំផុសគំនិតឱ្យពលរដ្ឋខ្មែរដាំដើមព្នៅឡើងវិញ
នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ដាំដើមព្នៅចំនួន៨៤ដើម នៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានសង្ឃដីកាថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យ ដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់ គឺថាដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ ជារុក្ខជាតិរបស់ព្រះសិវៈ និងជាឱសថព្យាបាលរោគផង។
ក្នុងឱកាសនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាបានត្រៀមដីមួយកន្លែងនៅខាងជើងក្រុងអង្គរធំ សម្រាប់ធ្វើជាចម្ការព្នៅ និងដាំពូជព្នៅចម្រុះសម្រាប់ជាប្រយោជន៍ទៅថ្ងៃក្រោយ។ ឯកឧត្តមបន្ថែមទៀតថា ក្នុងរមណីយដ្ឋានអង្គរ ដើមឈើរហូត ១៨៣ប្រភេទ ហើយគោលការណ៍អាជ្ញាធរជាតិអប្សរា គឺថែរក្សាតំបន់នេះ ឲ្យនៅតែសម្បូរធនធានធម្មជាតិចម្រុះបែបនេះរហូតតទៅ។ ព័ត៌មានលំអិត
rn
២ កូនឈើចំនួន៥០០ដើម ត្រូវបានដាំនៅបរិវេណវត្តតាំងតុក្នុងក្រុងអង្គរធំ
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ បានដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ នាពេលនោះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានឱ្យដឹងថា ការដាំកូនឈើគឺដូចជាការផ្តល់នូវជីវិតឡើងវិញ និងជារួមចំណែកគិតគូរពីបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា ការចូលរួមនេះទោះតិចឬច្រើន គឺយើងបាននាំប្រយោជន៍ដល់សង្គមជាតិ ពិសេសបានរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន។ ជាងនេះទៅទៀត ការដាំកូនឈើឡើងវិញក្នុងរមណីយដ្ឋានអង្គរ គឺជាចំណែកដ៏សំខាន់ក្នុងវិស័យបេតិកភណ្ឌ ដ្បិតថា ព្រៃឈើជាផ្នែកមួយដ៏សំខាន់ក្នុងកិច្ចការការពារបេតិកភណ្ឌជាតិក្នុងតំបន់រមណីយដ្ឋានអង្គរ។ ព័ត៌មានលំអិត
rn
៣ អ្នកជួសជុលប្រាសាទភ្នំបាខែងមានមោទនភាពចំពោះការងារអភិរក្សប្រាង្គប្រាសាទ
អ្នកជំនាញជួសជុលប្រាសាទ លោក ឈឹម សុខា បានបម្រើការងារផ្នែកអភិរក្សតាំងឆ្នាំ២០០១ «ខ្ញុំសប្បាយចិត្តណាស់ ដែលបានធ្វើការជួសជុលមរតកដូនតា ឱ្យល្អប្រសើរឡើងវិញ។ យើងខ្ញុំធ្វើការបម្រើអង្គរដោយស្មោះត្រង់ ដោយកម្លាំងញើសឈាម ធ្វើការទាំងក្តៅ ទាំងភ្លៀង ជួបការលំបាកជាច្រើន សូម្បីថ្មបាយក្រៀមក៏រុញឡើង ថ្មនៅតែដាប់ ធ្វើការបែកដៃបែកជើង ហូរញើសជោកខ្លួនជាមួយបរទេស ដើម្បីតែភាពរឹងមាំរបស់ប្រាសាទ។ ដូច្នេះ សូមបងប្អូនជួយស្រឡាញ់វត្ថុបុរាណនិងបេតិកភណ្ឌរបស់យើងឡើងវិញ។ យើងខ្ញុំស្រឡាញ់បេតិកភណ្ឌដូនតាណាស់»។
លោកស្រី Ginevra Baotto ប្រធានគម្រោងមូលនិធិប្រាសាទពិភពលោកប្រចាំកម្ពុជា «ខ្ញុំរីករាយដែលបានឃើញការខិតខំរបស់ពួកគេនៅក្នុងរឿងកិច្ចការអភិរក្ស តាមរយៈគំនិតផ្តួចផ្តើមនិងការប្រាស្រ័យទាក់ទង ផ្សេងៗ។ លោកស្រីបន្ថែមថា ក្រុមការងារអន្តរជាតិទាំងអស់ ដែលធ្វើការនៅតំបន់អង្គរ និងអាជ្ញាធរជាតិអប្សរាក៏កំពុងធ្វើការជាមួយគោលដៅរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា»។ អាជ្ញាធរជាតិអប្សរា សហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ ដើម្បីអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ឲ្យមានភាពរឹងមាំ សោភ័ណភាពស្អាតឡើងវិញ។ ព័ត៌មានលំអិត
rn
៤ ប្រជាពលរដ្ឋក្នុងតំបន់អង្គរចំនួន៣០៩គ្រួសារ ត្រូវបានអាជ្ញាធរជាតិអប្សរាចុះពិនិត្យ លក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាន
តាមរបាយការណ៍ របស់នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ រួមមាន ក្រុងសៀមរាបចំនួន៨១គ្រួសារ ស្រុកប្រាសាទបាគង ចំនួន៧២គ្រួសារ ស្រុកបន្ទាយស្រីចំនួន ៧០គ្រួសារ ស្រុកអង្គរធំ ចំនួន៤៦គ្រួសារ និងស្រុកពួក ចំនួន៤០ គ្រួសារ។
ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា តែងតែចុះពិនិត្យជាប្រចាំ ដើម្បីសម្រប សម្រួលករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វ ផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទីនិងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា។ ព័ត៌មានលំអិត
rn
៥ ក្រុមការងារនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការចូលរួមដាំកូនឈើនៅតំបន់ប្រាសាទព្រះខ័ន
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រុមការងារនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា បានសហការចូលរួមដាំកូនឈើជាមួយកម្លាំងនគរបាលការពារបេតិកភណ្ឌ ដោយបានដាំកូនឈើសរុបចំនួន ១០០ដើម នៅតាមដងផ្លូវស្ថិតនៅភូមិភ្លុង សង្កាត់អង្គរធំ ក្រុងសៀមរាប។ កូនឈើទាំងនោះត្រូវបានដាំឡើងវិញ ដើម្បីបំពេញចន្លោះព្រៃឈើនៅតាមដងផ្លូវ និងចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និង អភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។ ព័ត៌មានលំអិត
rn
៦ ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈ នៃអាជ្ញាធរជាតិអប្សរាចុះណែនាំអ្នកលក់ដូរតាមប្រាសាទ
ភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈ នៃនាយកដ្ឋានសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការអាជ្ញាធរជាធរជាតិអប្សរា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះណែនាំអាជីវករលក់ដូរតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ឱ្យលក់ដូរមានរបៀបរៀបរយ ត្រឹមត្រូវតាមទីតាំងដែលបានកំណត់ និងចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតជុំវិញកន្លែងលក់ដូររបស់ខ្លួន។ ព័ត៌មានលំអិត
rn
៧ ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា ប្រមូលទឹកស្ដុកទុកមិនឱ្យជន់លិចរមណីយដ្ឋានអង្គរ នាអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលរបស់ព្យុះនូល
ប្រទេសកម្ពុជា បានរងនូវឥទ្ធិពលពីព្យុះនូលចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងខេត្តសៀមរាប ហើយក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែង ប្រមូលទឹកភ្លៀងទាំងនោះ តាមប្រព័ន្ធផ្លូវទឹកបុរាណ ដើម្បីបញ្ចូនទៅរក្សាក្នុងបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុលនិង អាងស្តុកផ្សេងៗទៀ ដើម្បីបញ្ជៀសមិនឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាក្រុងសៀមរាប។ ការប្រមូលទឹកចូលក្នុងអាងស្តុកទឹកនេះ ជាប្រយោជន៍ដល់កិច្ចការអភិរក្សប្រាសាទ និងការស្រោចស្រពកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ នារដូវប្រាំង។ ព័ត៌មានលំអិត
rn
៨ ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈនៃអាជ្ញាធរជាតិអប្សរាចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារនៃនាយកដ្ឋានសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ កិច្ចការនេះមានការរៀបចំបង្គោលរបងខណ្ឌផ្លូវកុំឱ្យយានជំនិះជិះចូលឬចតទុក ឱ្យមានរៀបរៀបរយ និងកាប់ឆ្ការមែកឈើផ្សេងៗ ដែលប៉ះពាល់ដល់ការធ្វើដំណើរទៅប្រាសាទ ដើម្បីឱ្យមានសោភ័ណភាពស្រស់ស្អាតនិងបង្ការគ្រោះថ្នាក់ដល់ទេសចរ។ ព័ត៌មានលំអិត
rn
ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
FirstPrev12345...347348NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
3095
Yesterday
:
6616
This Week
:
15677
This Month
:
0258352
Total
:
012765941