ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមពិភាក្សាជាមួយសមាគមសណ្ឋាគារ អំពីវិស័យទេសចរណ៍នៅខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ2020 08:37 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ សមាគមសណ្ឋាគារកម្ពុជាប្រចាំខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំពិភាក្សាអំពីលទ្ធភាពស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ស្របពេលដែលវិស័យនេះកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់អង្គរ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ ដើម្បីចូលរួមផ្តល់យោបល់និងតាមដានស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាប។

អង្គប្រជុំនេះបានពិភាក្សាគ្នាលើចំណុចសំខាន់ៗមួយចំនួនដូចជា ការតាមដានអំពីវិធានការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ក្នុងស្ថានភាពកូវីដ១៩ ការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍នៅខេត្តសៀមរាប ការរៀបចំផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាប និងការបង្ហាញអំពីបច្ចុប្បន្នភាពនៃការរៀបចំវិស័យទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម សុខ សង្វារ បានជម្រាបជូនអង្គប្រជុំអំពីការត្រៀមខ្លួនរបស់អាជ្ញាធរជាតិអប្សរានាពេលបច្ចុប្បន្នដូចជា ការជួសជុលហេដ្ឋារចនាសម្ពន្ធ ការដាំដើមឈើ រៀបចំសួនដើម្បីឱ្យទេសភាពក្នុងរមណីយដ្ឋានអង្គរមានភាពស្រស់បំព្រង និងជាពិសេស គឺការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីបុគ្គលិក ដើម្បីពង្រឹងដល់ការគ្រប់គ្រងវិស័យទេសចរណ៍៕






















អត្ថបទនិងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ
ទំនៀមទម្លាប់ប្រពៃណីគឺជាអត្តសញ្ញាណមួយ ដែលធ្វើឲ្យអ្នកអង្គរមានភាពប្លែកពីតំបន់ដទៃទៀត។ បើនិយាយពីប្រពៃណីរបស់អ្នកអង្គរសព្វថ្ងៃ យើងសឹងតែអាចនិយាយបានថា វាជាផ្នែកមួយនៃអវៈយវៈរបស់ពួកគាត់ទៅហើយ ពោលគឺ មិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ។ ពេលខ្លះ យើងសង្កេតឃើញថា បើគាត់រវល់ណាស់ធ្វើអ្វីធំដុំមិនទាន់ ក៏គង់ធ្វើអ្វីតូចមួយមកជំនួសឲ្យសមនឹងកិច្ចពិធីនោះៗដែរ។ តែទោះយ៉ាងណា ក៏មិនចោលទំនៀមទម្លាប់ប្រពៃណីដែរ។
ពិព័រណ៍ការងារដើម្បីតម្រង់ទិសក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្ស ត្រូវបានរៀបចំឡើង ដោយអង្គការថែរក្សាដើម្បីកម្ពុជា Caring for Cambodia(CFC) និងវិទ្យាល័យផ្សេងៗ ព្រមទាំងមានការចូលរួមពីបណ្តាស្ថាប័នជាច្រើន។ ពិព័រណ៍បានរៀបចំនៅវិទ្យាល័យបាគង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមចំពោះការផ្សព្វផ្សាយនេះ ដោយមានមន្ត្រីជំនាញជាអ្នកពន្យល់ដោយផ្ទាល់ លើការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពចំពោះរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។
ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏បានយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាននោះផងដែរ។ ជាក់ស្តែងក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៦នេះ  បាននាំយកនូវសម្ភារៈ  និងគ្រឿងបរិភោគមួយចំនួន  ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបំពេញព្រះរាជបេសកកម្មប្រកបដោយភាពជោគជ័យលើទឹកដីនៃអតីតរាជធានីនៃអាណាចក្រខ្មែរ។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ នាព្រះលានជល់ដំរីនៃទីក្រុងអង្គរធំដែលជាអតីតរាជធានីដ៏ឧត្តុង្គឧត្តមនាកំឡុងសតវត្សទី៩ដល់ទី១៥ បច្ចុប្បន្នស្ថិតក្នុងរមណីយដ្ឋានអង្គរ ព្រះអង្គបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល។ ព្រះរាជបេសកកម្មបន្ទាប់គឺ ព្រះអង្គទ្រង់យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅតំបន់ប្រាសាទកោះកេរដែលក៏ជាអតីតរាជធានីក្នុងកំឡុងដើមសតវត្សទី១០ បច្ចុប្បន្នស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីបួងសួងដល់ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដើម្បីប្រទានក្តីសុខដល់ប្រជានុរាស្ត្រទូទាំងនគរនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅលើទឹកដីសៀមរាបអង្គរ នៅមុខព្រះលានជល់ដំរី នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ៤រោច ខែពិសាខ ពុទ្ធសករាជ ២៥៦០ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
1794
ម្សិលមិញ
:
14672
សប្តាហ៍នេះ
:
61167
ខែនេះ
:
0001794
សរុប
:
012984108