ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងប្រើពេល៤ខែអភិរក្សនិងជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែន

បានផ្សាយនៅ ថ្ងៃទី 30 ខែ កក្កដា ឆ្នាំ2020 06:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើនក្នុងការអភិរក្សនិងជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែនឱ្យមានស្ថានភាពល្អប្រសើរឡើងវិញ។

គម្រោងអភិរក្សនិងជួសជុលប្រាសាទនេះ មានរយៈពេល៤ខែ ដោយចាប់ផ្តើមពីថ្ងៃទី២០ខែកក្កដា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោកបណ្ឌិត ឈាន រដ្ឋា និងអនុវត្តផ្ទាល់ដោយលោក ពុទ្ធ សុទ្ធ និងមន្ត្រីបុគ្គលិកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ។

ប្រាសាទដំរីក្រាប រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀងនិងរុក្ខជាតិ ដែលធ្វើឱ្យគ្រឹះស្រុតផ្នែកខាងលិច បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។ បញ្ហាសំណើមក៏ធ្វើឱ្យផ្នែកខឿនប្រាសាទពុកផុយខ្លាំង និងផ្នែកកណ្តាលមធ្យម។ រួមទាំងកត្តាមនុស្សដែលបានលួចបំផ្លិចបំផ្លាញក្បាច់ក្រឡោតខ្ពស់នៅលើជញ្ចាំង ហោជាង ផ្តែរ និងជីកកកាយគ្រឹះខាងក្នុងប្រាសាទ ធ្វើឱ្យលំនឹងប្រាសាទមានការប្រែប្រួល។

ដើម្បីលើកកម្ពស់តម្លៃប្រាសាទឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសម្រេចពង្រឹងខឿនដែលពុកផុយនៅជុំវិញតួប៉ម ជួសជុលខ្លោងទ្វារខាងកើត រៀបផ្ជិត ពង្រឹងស្នាមប្រេះតូចធំនៅលើជញ្ជាំង ដំបូល និងជួសជុលដំបូលដែលពុកផុយ។

ប្រាសាទដំរីក្រាប មានទីតាំងស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជាប្រាសាទឥដ្ឋ ដែលមានតួប៉ម៣សង់លើខឿនតែ១ មានកំពែងព័ទ្ធជុំវិញ ហើយក៏ជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនដែលស្ថិតនៅក្នុងរចនាបថគូលែនក្នុងរជ្ជព្រះបាទជ័យវរ្ម័នទី២ (គ.ស.៨០២-៨៥០) ដែលជាការចាប់ផ្តើមនៃអារ្យធម៌អង្គរ។ ប្រាសាទនេះមិនសូវខុសប្លែកពីសម័យមុនៗទេ គឺបែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោតចំនួន៣ ប្លង់បាតមានរាងការេ៕





















អត្ថបទនិងរូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ
របាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំខែកក្កដា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ បានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២១២ សំណើ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់ជូនកូនឈើចំនួន ១,២០០ដើម ដល់តំណាងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប និងតំណាងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ក្នុងនោះ ផ្តល់ឲ្យតំណាងភូមិត្រពាំងវែង ចំនួន៣២០ដើម ដើម្បីយកទៅដាំលំអតាមលំនៅដ្ឋាន និងតាមដងផ្លូវក្នុងភូមិ។ កូនឈើទាំងនោះរួមមាន គ្រញូងចំនួន៥០ដើម បេងចំនួន១០ដើម គគីរចំនួន២០ដើម ឈើទាលចំនួន១០ដើម លឿងរាជចំនួន១០០ដើម អង្គារដីចំនួន៥០ដើម ឥន្ទនេលចំនួន២០ដើម ស្តៅចំនួន២០ដើម សេដាចំនួន១០ដើម រំដួលចំនួន១០ដើម និងគុយចំនួន២០ដើម។
កំឡុងខែកក្កដា ឆ្នាំ២០២០ នេះ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃ ក្នុងដំណើរការសាងសង់លំនៅដ្ឋានក៏ដូចជាសំណង់ឧបសម្ព័ន្ធផ្សេងៗទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរបានចំនួន ៣៨៧គ្រួសារ។
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់កូនឈើចំនួន៥០ដើម ដល់លោកស្រី គេន មុំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីយកទៅដាំនៅបរិវេណដីផ្ទាល់ខ្លួន។ កូនឈើដែលផ្តល់ជូននៅពេលនោះរួមមាន កកោះចំនួន២០ដើម បេងចំនួន១០ដើម ធ្នង់ចំនួន១០ដើម និងគ្រញូងចំនួន១០ដើម។
ថ្មីៗកន្លងមកនេះ ក្រុមអ្នកជំនាញស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ទើបតែបញ្ចប់ការកំណាយនៅប្រាសាទលលៃ បានប្រទះឃើញរចនាសម្ពន្ធសំណង់ប្រាសាទ វត្ថុសិល្បៈ និងឧបករណ៍ប្រើប្រាស់ជាច្រើនដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលបានកប់ក្នុងដីក្រោមកុដិវត្តលលៃជាច្រើនឆ្នាំ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
3200
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
14929
ខែនេះ
:
0241793
សរុប
:
012067424