ព័ត៌មានថ្មីៗ

សិក្ខាកាម៤៥រូបបានទទួលការបណ្តុះបណ្តាលការវិនិយោគសាធារណៈ៣ឆ្នាំរំកិល

បានផ្សាយនៅ ថ្ងៃទី 26 ខែ មិថុនា ឆ្នាំ2020 03:36 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី២៤ដល់២៥ ខែមិថុនា ឆ្នាំ២០២០ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរសហការជាមួយមន្ត្រីជំនាញពីក្រសួងផែនការ បានរៀបចំវគ្គបណ្តុះបណ្តាលធនធានមនុស្សស្តីពីការប្រើប្រាស់និងរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៤៥នាក់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរាដែលបម្រើការផ្នែករដ្ឋបាលតាមនាយកដ្ឋាន/អង្គភាព ដែលទទួលខុសត្រូវលើផ្នែកថវិកាឱ្យបានយល់ដឹងកាន់តែច្បាស់លាស់ឱ្យស្របតាមកម្មវិធីដែលក្រសួងចង់បាន។ កម្មវិធីបានផ្តោតទៅលើសាវតានៃការរៀបចំកម្មវិធីវិនិយោគសាធារណៈ ដំណើរការរៀបចំវិនិយោគសាធារណៈ ការគ្រប់គ្រងចំណាយវិនិយោគសាធារណៈ ទំនាក់ទំនងរវាងកម្មវិធីវិនិយោគសាធារណៈជាមួយអាទិភាពជាតិ គម្រោងនៅក្នុងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល គម្រោងនៅក្នុងផែនការយុទ្ធសាស្ត្រថវិកា និយមន័យ និងរបៀបបំពេញទិន្នន័យគម្រោងក្នុងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលតាមអនឡាញ។

លោក ម៉ុក គន្ធី ប្រធានការិយាល័យបុគ្គលិកនិងសម្ភារៈនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា កម្មវិធីដែលរៀនពេលនេះ គឺថ្មីសម្រាប់ការអនុវត្តលើការងារចាស់ ដែលធ្វើឱ្យសិក្ខាកាមទាំងអស់មានការពិបាកក្នុងការស្វែងយល់ខ្លះៗ តែក៏បានចេះនូវអ្វីថ្មីៗបន្ថែមទៀត ដែលងាយស្រួលយល់ និងអនុវត្តបានល្អ ឆាប់រហ័សជាងមុនទៅលើការចាយវាយថវិកាចៀសវាងកំហុសឆ្គង។ លោកក៏សំណូមពរឱ្យមានកម្មវិធីបង្រៀននេះឱ្យបានច្រើន ដើម្បីបង្កើនពុទ្ធិ សមត្ថភាពការងារចំពោះគោលការណ៍ថ្មីៗរបស់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសបិទកម្មវិធីថា នេះជាមេរៀនថ្មីមួយទៀតសម្រាប់បង្កើនចំណេះដឹងនិងសមត្ថភាពការងាររបស់ធនធានមនុស្សនៅអាជ្ញាធរជាតិអប្សរា។ ឯកឧត្តមរំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យក្រុមការងារអនុវត្តការងារបានងាយស្រួល ហើយបំពេញការងារបានលឿនជាងមុន ដោយគ្មានការខុសឆ្គង៕
















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
ប្រឡាយនៅតាមប្រាសាទមានទំហំតូចៗ ដោយសារមិនអាចធ្វើធំពេកបាន។ ធ្វើធំមិនបាន ដោយសារម្យ៉ាងធ្វើឲ្យប៉ះពាល់ទេសភាពវប្បធម៌នៃរមណីយដ្ឋានអង្គរ ហើយម្យ៉ាងទៀត អាចធ្វើឲ្យប៉ះពាល់គ្រឹះប្រាសាទដែរ។ តែប្រឡាយតូចៗងាយនឹងកកស្ទះដោយសំរាម និងដីដែលហូរចូលពេលមានភ្លៀងធ្លាក់ម្តងៗ។ ដូច្នេះហើយ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា មានការងារជាប្រចាំលើការងារថែទាំ និងស្តារសម្អាតប្រឡាយជុំវិញប្រាសាទក្នុងតំបន់អង្គរ។
ប្រធានភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាតាមបណ្តាប្រាង្គប្រាសាទនានា មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ប្រចាំតំបន់ឧទ្យានអង្គរ កំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋម ពីក្រុមអ្នកជំនាញ The CPR Hero training center មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ វគ្គសិក្សានេះធ្វើឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។
“វប្បធម៌គឺជាសៀវភៅមួយក្បាល ដែលផ្ទុកដោយកំណត់ត្រាប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សាសនា និងប្រពៃណីរបស់យើង។ វិស័យទេសចរណ៍ គឺជាអ្នកបោះពុម្ព ដែលក្នុងនោះភ្ញៀវទេសចរគឺជាអ្នកអាន និងមគ្គុទ្ទេសក៍ទេសចរណ៍គឺជាអ្នកអត្ថាធិប្បាយ បកស្រាយសៀវភៅមួយក្បាលនេះ ឲ្យបានទូលំទូលាយដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍”។ នេះជាប្រសាសន៍របស់ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ នៅសណ្ឋាគារសោមាទេវីអង្គរ។
ភ្នំគូលែន ជាឧទ្យានជាតិមួយដែលបានបង្កើតនិងកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ឈ្មោះថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានផ្ទៃដីសរុប ៣៧.៣៧៣ហិកតា។ យោងតាមទិន្នន័យស្រាវជ្រាវផ្ទាល់និងទិន្នន័យ LiDAR បានសន្និដ្ឋានថា ភ្នំគូលែនជាទីក្រុងបុរាណមួយដែលមានបុរាណដ្ឋានរាប់រយគួរឱ្យកត់សម្គាល់។
តាមការស្រាវជ្រាវ ដំបូលរោងទងនៃប្រាសាទអង្គរវត្តទាំងអស់សុទ្ធតែមានពិតានឈើ ដែលបុព្វបុរសបានឆ្លាក់ក្បាច់ភ្ជាប់នឹងដំបូល ប៉ុន្តែពិតានទាំងនោះបានរបេះធ្លាក់ជាបន្តបន្ទាប់ដោយសារពេលវេលា និងអាយុកាលដ៏យូរលង់។ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានសិក្សាពីទម្រង់នៃពិតានទាំងនោះឡើងវិញ តាមបំណែកដែលមាននៅសេសសល់ខ្លះ ហើយបានសហការជាមួយស្ថាប័នអន្តរជាតិដើម្បីធ្វើពិតានឈើថ្មីទៅជំនួសវិញ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ីអង្គរកន្លងទៅថ្មីៗនេះ សំណើឆ្លងយោបល់ដើម្បីបំពាក់ពិតានឈើនៅរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត បានទទួលការអនុម័តជាផ្លូវការហើយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
3706
ម្សិលមិញ
:
6587
សប្តាហ៍នេះ
:
22874
ខែនេះ
:
0003706
សរុប
:
012773138