ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកពួកដែលស្ថិតនៅក្នុងឧទ្យានអង្គរ។
ការងារនេះ ក្រុមការងារសហគមន៍ប្រចាំស្រុកពួក ដឹកនាំដោយលោក អឿន សំអុន បានពិនិត្យ និងដោះស្រាយចំនួន ០៩សំណើ ស្ថិតក្នុងភូមិប្រឡាយ ភូមិព្រៃធ្លក ឃុំខ្នាត។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៥សំណើ។
ប្រភេទសំណើដែលក្រុមការងារសហគមន៍ចុះពិនិត្យនិងដោះស្រាយមាន ១. ការជួសជុលផ្ទះ៖ ការជួសជុលឬប្តូរដំបូល ប្តូរជញ្ជាំង ប្តូរសសរ ប្តូរឬតសំយ៉ាប ជួសជុលជណ្តើរ ជួសជុលរបងមានស្រាប់ បន្ទប់ក្រោមផ្ទះ។ ២. សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រុងមាន់ ទា ជ្រូក ជង្រុកស្រូវ តូបឬរោងលក់ដូរមុខផ្ទះ។ ៣.ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោម។ល។ រាល់ការស្នើសុំច្បាប់សាងសង់គឺពុំមានការបង់ប្រាក់ទេ។
សូមបញ្ចាក់ថា ក្រុមការងារសហគមន៍តែងចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលលើករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទីអាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ៕n
អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារលេខាធិការដ្ឋានសហគមន៍