ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី២ ខែមិថុនា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

បានផ្សាយនៅ ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ2020 10:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១៖ ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំអាណត្តិទី៥ លើកទី១
នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាអាណត្តិទី៥ លើកទី១ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលនិងអង្គភាពពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ ផ្តោតសំខាន់លើ ១) លទ្ធផលដែលសម្រេចបាន ២) របាយការណ៍សង្ខេបសកម្មភាពនិងលទ្ធផលការងារ ៣) របាយការណ៍ហិរញ្ញវត្ថុ ៤) ការពិនិត្យអនុម័តលើគម្រោងផែនការថវិកាឆ្នាំ២០២១ ៥) ការពិនិត្យអនុម័តលើអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរជាតិអប្សរា។ ព័ត៌មានលំអិត

២៖ សហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរនិងអាជ្ញាធរជាតិអប្សរា ចុះពិនិត្យតាមដានកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ
សហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ភាគីជប៉ុន ការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យដំណើរការអភិរក្សនិងអភិវឌ្ឍ នៅតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៦ដល់ទី១០ ខែមិថុនា ឆ្នាំ២០២០។
ការចុះពិនិត្យនេះគឺធ្វើឡើង ព្រោះតែកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ត្រូវបានខកខានដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក ហើយអ្នកជំនាញផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ ពុំបានអញ្ជើញមកដោយផ្ទាល់ដើម្បីពិនិត្យតាមដាន នូវវឌ្ឍនភាពនៃការអនុវត្តការងារអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។ ព័ត៌មានលំអិត

៣៖ សហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បញ្ចប់ការចុះពិនិត្យការដ្ឋានក្នុងរមណីយដ្ឋានអង្គរ
ចាប់តាំងពីថ្ងៃទី៦ និងទី១០ ខែ មិថុនា ឆ្នាំ២០២០ សហប្រធានបច្ចេកទេសបារាំង បានចុះពិនិត្យមើលការដ្ឋានជួសជុលនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ ក្នុងរមណីយដ្ឋានអង្គរ បន្ដពីភាគីជប៉ុន ដោយចាប់ពីការដ្ឋាននៅប្រាសាទមេបុណ្យខាងលិច ការដ្ឋានប្រាសាទអកយំ ប្រាសាទទន្លេស្ងួត ប្រាសាទព្រៃប្រាសាទ (ប្រាសាទតាអួន) ប្រាសាទបន្ទាយធំ និងការដ្ឋានប្រាសាទបន្ទាយស្រី។
ក្នុងការចុះមកពិនិត្យតាមការដ្ឋានការងារទាំងនេះ សហប្រធានបច្ចេកទេស(ស្ថានទូតជប៉ុន និងបារាំង) បានប្តូរវេនគ្នាដោយសហប្រធានបច្ចេកទេសជប៉ុនបានចុះពិនិត្យការងារចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា នៅការដ្ឋានដូចជា ការដ្ឋានផ្លូវកង់ ផ្លូវមុខព្រះលានជល់ដំរី ទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត ការដ្ឋានស្ពានហាលអង្គរវត្ត ការងារជួសជុលព្រះលានជល់ដំរី ការដ្ឋានប្រាសាទបាយ័ន ខ្លោងទ្វារខាងកើតប្រាសាទតានៃ ខ្លោងទ្វារតាកាវ ការដ្ឋានជួសជុលកំពែងក្រុងអង្គរធំ ការដ្ឋានស្រះស្រង់ និងការងារនៅការដ្ឋានខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី។ ព័ត៌មានលំអិត

៤៖ ព្រះសង្ឃសហការជាមួយអាជ្ញាធរជាតិអប្សរាដាំកូនឈើ១៥០០ដើមនៅវត្តព្រះឥន្ទទេព
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានរៀបចំប្រារព្ធពិធីដាំកូនឈើនៅវត្តព្រះឥន្ធទេព (ខាងត្បូងប្រាសាទបាយ័ន) ក្រោមកិច្ចនិមន្តចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប គណៈកម្មការ ព្រះសង្ឃ អាចារ្យ ពុទ្ធបរិស័ទ មន្រ្តី បុគ្គលិក ពលករ នៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណ២០០អង្គ-នាក់។
ការបានរៀបចំដាំដើមឈើទាំង១,៥០០ដើម មានដូចជាប្រភេទឈើ គ្រញូង បេង ធ្នង់ ច្រេស សុក្រំ គគីរ ឈើទាល រំដួល និងក្របៅ។ នេះជាកម្មវិធីលើកទី១នៃការដាំកូនឈើនាដើមរដូវវស្សាឆ្នាំ២០២០នេះ ហើយអាជ្ញាធរជាតិអប្សរានឹងបន្តការងារនេះនៅតាមតំបន់ប្រាសាទ វត្តអារាមនិងតំបន់គោលដៅជាច្រើនទៀត ក្នុងបំណងបង្កើនគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ។ ព័ត៌មានលំអិត

៥៖ អាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត បន្តចូលរួមជាមួយអាជ្ញាធរជាតិអប្សរា រុះរើតូបលក់វត្ថុអនុស្សាវរីយ៍និងភោជនីយដ្ឋានធំៗចំនួន២កន្លែងទៀត
នាព្រឹកថ្ងៃពុធទី១០ខែមិថុនា ឆ្នាំ២០២០ អាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត បន្តចូលរួមជាមួយអាជ្ញាធរជាតិអប្សរា រុះរើតូបលក់វត្ថុអនុស្សាវរីយ៍និងភោជនីយដ្ឋានធំៗចំនួន២កន្លែងទៀត គឺមួយនៅខាងលិចស្ពានអណ្ដែតទឹក និងមួយទៀត នៅជិតបន្ទប់អនាម័យនៃបរិវេណប្រាសាទអង្គរវត្ត ។
ឯកឧត្តម យិត ចាន់ដារដ្ឋ៖ អាជ្ញាធរមានគម្រោងនឹងរុះរើតូបនិងភោជនីយដ្ឋានទាំងអស់ ចេញពីបរិវេណមុខប្រាសាទអង្គរ ឱ្យអស់យ៉ាងយូរត្រឹមចុងខែសីហាឆ្នាំ២០២០ខាងមុខ បើទោះបីជាយ៉ាងណាក៏ការរុះរើតូបទាំងនោះ មិនបានបង្ខិតបង្ខំអាជីវករទេ ប៉ុន្តែអាជ្ញាធរជាតិអប្សរានឹងប្រឹងប្រែងពន្យល់ ឱ្យពួកគាត់បានយល់។ អាជ្ញាធរជាតិអប្សរា កំពុងសាងសង់កន្លែងលក់ដូរថ្មី ដើម្បីប្ដូរជាមួយអាជីវករ ឱ្យទៅប្រកបរបរចិញ្ចឹមជីវិតតទៅទៀត ដែលមិនឆ្ងាយពីកន្លែងចាស់ប៉ុន្មានទេ។ ព័ត៌មានលំអិត

៦៖ អាជ្ញាធរជាតិអប្សរានិងមន្ទីរទេសចរណ៍ខេត្តសៀមរាបសហការគ្នារុះរើសំណង់នៅមុខប្រាសាទអង្គរវត្ត
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ សំណង់អាគារមុខប្រាសាទអង្គរវត្តត្រូវបានរុះរើជាស្ថាពរដោយមានការចូលរួមសហការដោយមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រោមគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរជាតិអប្សរា។ នេះជាសំណង់ទី១០ហើយ ដែលត្រូវបានរុះរើដោយស្ម័គ្រចិត្តនិងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា។
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការរុះរើសំណង់ទាំងអស់មុខប្រាសាទអង្គរវត្ត គឺមិនត្រូវបានលើកលែងអាគារណាមួយទេ សូម្បីសំណង់របស់អាជ្ញាធរជាតិអប្សរាផ្ទាល់។ ព័ត៌មានលំអិត

៧៖ អាជ្ញាធរជាតិអប្សរាកំពុងប្រតិបត្តិការជីកកូនស្រះ បូមភក់ និងដឹកទឹកបញ្ចូលក្នុងកសិន្ធុប្រាសាទបាគង
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនានេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង កំពុងខ្នះខ្នែងជីកអណ្ដូងទឹក បូមភក់ចេញដើម្បីឱ្យទឹកជ្រៅ និងដឹកជញ្ជូនទឹកពីតំបន់ខាងក្រៅ ដើម្បីបញ្ចូលទៅក្នុងកសិន្ធុប្រាសាទបាគង ដើម្បីសង្រ្គោះត្រីធំៗក្នុងកសិន្ធុ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ឱ្យដឹងថា ការជួយសង្រ្គោះនៅពេលនេះគឺជាលើកទី២ហើយ ព្រោះកាលពីថ្ងៃទី៧ដល់ថ្ងៃទី១៩ ខែឧសភាកន្លងមកក្រុមការងារបានបូមទឹក និងជីកកូនស្រះក្នុងកសិន្ធុម្តងរួចហើយ បច្ចុប្បន្ន ទឹកក្នុងកសិន្ធុប្រាសាទបាគងមានសភាពរីងហួតខ្លាំង និងមាននៅសល់ទឹកតិចតួច ព្រោះតែពុំមានភ្លៀងធ្លាក់ច្រើន។ មួយទៀតនោះ កសិន្ធុទឹកប្រាសាទបាគង ពុំមានភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយស្ទឹងណាមួយឡើយ។ ព័ត៌មានលំអិត

ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
ដើមដំបូងមុន12345...347348បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
3099
ម្សិលមិញ
:
5746
សប្តាហ៍នេះ
:
83524
ខែនេះ
:
0239605
សរុប
:
012747194