NEWS

សួនបណ្ដុះកូនឈើមណ្ឌល៣ ត្រៀមកូនឈើប្រមាណ៣ម៉ឺនដើមសម្រាប់ដាំនិងចែកចាយ

Published on 13 May 2020 03:36 PM Post By ៖ Apsara National Authority

សួនបណ្ដុះកូនឈើមណ្ឌល៣ ជាសួនមួយក្នុងចំណោមសួនបណ្ដុះកូនឈើទាំង៤របស់អាជ្ញាធរជាតិអប្សរា។ ជារៀងរាល់ឆ្នាំ សួននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះកូនឈើ សម្រាប់ការដាំដុះ និងចែកចាយដល់ប្រជាពលរដ្ឋដែលមានបំណងយកទៅដាំដុះនៅតំបន់នានាជាពិសេសនៅក្នុងតំបន់អង្គរ។ ឆ្នាំនេះ សួនបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើព្រៃហូបផ្លែ និងឈើលម្អ បានត្រៀមកូនឈើប្រមាណ៣ម៉ឺនដើមសម្រាប់ការងារដាំដុះ ក៏ដូចជាការចែកចាយ។

លោកស្រី ថៃ ប៊ុនធា បុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកការងារគ្រប់គ្រងនៅសួនបណ្ដុះកូនឈើមណ្ឌល៣ បានឱ្យដឹងថា នៅសួននេះមានបណ្ដុះប្រភេទឈើមួយចំនួនដូចជា ដើមរំដួល ដើមសេមាន់ ដើមគុយ ដើមផ្ញៀវ ដើមផ្កាត្របែកព្រៃ ដើមផ្កាអ៊ិនតាណែល និងប្រភេទដើមឈើមួយចំនួនទៀតសរុបជាង១០មុខ។ លោកស្រីបន្ថែមថា សួនបណ្ដុះកូនឈើមណ្ឌល៣នេះដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះឡើងវិញនូវប្រភេទកូនឈើដែលកម្រ ក្នុងបំណងអភិរក្សដើមឈើទាំងនោះឱ្យគង់វង្សទៅថ្ងៃក្រោយ។

ចំណែកការងារបណ្ដុះវិញ ដូចទៅនឹងសួនបណ្ដុះកូនឈើដទៃទៀតដែរ ក្រុមការងារបានដើររើសគ្រាប់ពូជនៅតាមព្រៃក្នុងរមណីយដ្ឋានអង្គរ តែពូជខ្លះក៏ត្រូវទិញគេដែរ ដោយសារជាប្រភេទឈើកម្រ ឬឆ្នាំខ្លះដើមទាំងនោះខ្សត់ផ្លែជាដើម។ លោកស្រី ថៃ ប៊ុនធា ប្រាប់ថាក្នុងមួយឆ្នាំ សួនបណ្ដុះកូនឈើមណ្ឌល៣ អាចបណ្ដុះឈើចម្រុះពី២ទៅជាង៣ម៉ឺនដើម។

ទន្ទឹមនឹងនោះ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងស្នើសុំកូនឈើយកទៅដាំ សូមធ្វើការទំនាក់ទំនងទៅកាន់ស្នាក់ការអាជ្ញាធរជាតិអប្សរា ហើយរយៈពេលមួយសប្ដាហ៍ពួកគេនឹងទទួលបានកូនឈើយកទៅដាំ។ អាជ្ញាធរជាតិអប្សរា សូមលើកទឹកចិត្តដល់ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូប យកកូនឈើទៅដាំនៅតាមសាលារៀន វត្តអារាម និងនៅក្នុងសហគមន៍ ដើម្បីបង្កើនគម្របព្រៃឈើក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានស្ថានីយ៍បណ្ដុះកូនឈើចំនួន៤ទីតាំង ទី១ គឺស្ថានីយបណ្ដុះកូនឈើ៨ហិកតា ដែលបណ្ដុះកូនឈើប្រណិត៤ប្រភេទ មានដើមបេង គ្រញូង ច្រេះ និងធ្នង់ ទី២ ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដែលបណ្ដុះប្រភេទកូនឈើលេខ១ លេខ២ លេខ៣ និងក្រៅលំដាប់ថ្នាក់ ទី៣ ស្ថានីយបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើលម្អ និងប្រភេទឈើហូបផ្លែព្រៃ និងទី៤ ស្ថានីយបាឡុង បណ្តុះ ថែទាំ និងផ្សាំកូនឈើបន្តវេនគ្រប់ប្រភេទ។ ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាគ្រោងដាំកូនឈើនិងចែកចាយកូនឈើប្រមាណ១១ម៉ឺនដើម៕

















អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
FirstPrev12345...328329NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
9730
Yesterday
:
34377
This Week
:
94692
This Month
:
0211991
Total
:
011674587