ព័ត៌មានថ្មីៗ

ប្រាសាទក្រហមក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២នៅលើខ្នងភ្នំគូលែនទើបបញ្ចប់ការជួសជុលជាលើកដំបូង

បានផ្សាយនៅ ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ2020 09:56 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទក្រហមកសាងក្នុងស.វ.ទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២នៅលើភ្នំគូលែន បានបញ្ចប់ការជួសជុលឱ្យផុតពីហានិភ័យជាលើកដំបូង ដោយក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរានៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរក្រោមការដឹកនាំដោយលោកបណ្ឌិត ឈាន រដ្ឋា និងដឹកនាំអនុវត្តផ្ទាល់ដោយលោក ពុទ្ធ សុទ្ធ កាលពីពេលថ្មីៗនេះ។

លោក ឮ ចាន់ណូរ៉ា មន្ត្រីបច្ចេកទេសជួសជុលប្រាសាទក្រហមនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឱ្យដឹងថា ប្រាសាទក្រហមជាប្រាសាទ ឥដ្ឋលាយថ្មភក់ កសាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នាស.វ.ទី៩ ឧទ្ទិសដល់ព្រះឥសូរ ស្ថិតនៅលើភ្នំគូលែន កម្ពស់៣៧០ម៉ែត្រពីនីវ៉ូទឹក សមុទ្រ និង១៤គីឡូម៉ែត្រពីព្រះអង្គធំ។ ប្រាសាទនេះមានចំនួនពីរគឺ ប្រាសាទក្រហម១ និងប្រាសាទក្រហម២។

លោក ណូរ៉ា បន្តថា មុនការជួសជុលប្រាសាទក្រហម១បានប្រឈមនឹងការបំផ្លាញពីដើមឈើនិងឫសឈើចាក់ចូលទៅក្នុងតួប្រាសាទ ជញ្ជាំង និងដំបូលធ្វើឱ្យប្រាសាទនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ម្យ៉ាងទៀតឥដ្ឋមួយចំនួនពុកផុយដោយសារអាយុកាល និងអាកាសធាតុ បង្កឱ្យរុក្ខជាតិចាក់ចូលទៅបំផ្លាញរចនាសម្ពន្ធប្រាសាទ ហើយកាលពីសម័យមុនមានការលួចជីកកកាយរកវត្ថុបុរាណនៅផ្នែកកណ្តាល ធ្វើឱ្យខូចគ្រឹះឥដ្ឋសម្រាប់ទ្រលិង្គ និងយោនី ភាពរាយប៉ាយ នៃវត្ថុសិល្បៈ ការបំផ្លាញពីសត្វកណ្តៀរនិងម្រោម ដែលធ្វើសំបុកក្នុងជញ្ជាំងឥដ្ឋនិងខឿនប្រាសាទ។ កត្តាទាំងនេះទើបតម្រូវឱ្យជួសជុលជាបន្ទាន់ ដើម្បី សង្គ្រោះប្រាសាទឱ្យបានទាន់ពេលវេលា សម្រាប់វិស័យទេសចរណ៍និងលើកតម្លៃកេរតំណែលដូនតា។

ចំពោះការជួសជុលលើកដំបូងនេះ ក្រុមការងារបានកំណាយបកដីដែលចាក់បង្គ ស្វែងរកវត្ថុសិល្បៈ និងរៀបទុកដាក់ឥដ្ឋឱ្យមានសណ្តាប់ធ្នាប់ និងធ្វើជំរាលដោះទឹក។ សម្អាតរុក្ខជាតិ ដើមឈើ ដែលដុះនៅលើជញ្ជាំង និងដំបូលប្រាសាទ។ រៀបភ្ជឹតជញ្ជាំងប្រេះនិងជួសជុលពង្រឹងជញ្ជាំងដែលពុកផុយ។ ជួសជុលពង្រឹងដំបូលដែលបម្រុងជ្រុះធ្លាក់ ជួសជុលនិងដំឡើងក្លោងទ្វារខាងកើតឡើងវិញ។

កិច្ចការជួសជុលប្រាសាទក្រហម១នៅដំណាក់កាលដំបូងនេះ មិនទាន់គ្រប់គ្រាន់ទេលោក បណ្ឌិត ឈាន រដ្ឋា បានលើកឡើងថា ទៅអនាគតនាយកដ្ឋាននឹងស្នើគម្រោងជួសជុលដំណាក់កាលទី២ គឺជួសជុលផ្នែកដំបូល ពង្រឹងរចនាសម្ពន្ធគ្រឹះឥដ្ឋសម្រាប់ទ្រលិង្គនិងយោនី ជួសជុលវត្ថុសិល្បៈបន្ថែមដែលបានរកឃើញនៅជុំវិញប្រាសាទដើម្បីឱ្យប្រាសាទនៅរឹងមាំ គង់វង្សយូរអង្វែង និងកំណាយស្រាវជ្រាវដើម្បីដឹងព័ត៌មានបន្ថែមពីប្រាសាទនេះ៕






































អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក យី សុថា / ក្រុមការងារជួសជុលប្រាសាទក្រហម
នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុកក្នុងតំបន់អង្គរ តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរជាតិអប្សរា ក្នុងការអនុញ្ញាតជាគោលការណ៍សាងសង់លំនៅដ្ឋានរបស់ខ្លួនក៏ដូចជាសំណង់ឧបសម្ពន្ធមួយចំនួនទៀត។
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍នៅលើកំណាត់ទ្រូងផ្លូវប្រវែង២១៨១ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់ចំណុចព្រលានយន្តហោះ និងកំពុងដាំឧបករណ៍ចំណាំងភ្លើង(គ្រាប់ភ្នែកកង្កែប)លើកំណាត់ទ្រូងផ្លូវប្រវែង៦៧១២ម៉ែត្រទៀត ចាប់ពីចំណុចមុខភោជនីយដ្ឋានប្រាសាទនាងពៅទៅដល់ចំណតឡាន មុខប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាបានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់អារម្មណ៍និងការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ។ ទាំងនេះគឺ ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។
ដើមដំបូងមុន12345...317318បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
16413
ម្សិលមិញ
:
16308
សប្តាហ៍នេះ
:
52562
ខែនេះ
:
0200670
សរុប
:
010881323