ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រទះឃើញសំណង់ឈើអាយុកាលជិត១០០០ឆ្នាំ ក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងប្រាសាទអង្គវត្ត

បានផ្សាយនៅ ថ្ងៃទី 26 ខែ មិនា ឆ្នាំ2020 05:08 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។

មានប្រសាសន៍នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា រចនាសម្ពន្ធសំណង់ឈើដែលបានប្រទះឃើញនេះស្ថិតនៅចំកណ្តាលនៃស្រះ ដែលមានអាយុកាលជិត១ពាន់ឆ្នាំហើយ តែនៅមានទ្រង់ទ្រាយល្អដូចដើម និងមានការបញ្ចុះបានយ៉ាងត្រឹមត្រូវ ដោយមានស្រទាប់ខ្សាច់ ស្រទាប់ថ្ម ស្រទាប់កំណករុក្ខជាតិនិងធញ្ញជាតិ ស្រទាប់សត្វសមុទ្រ និងបំណែកកុលាលភាជន៍ជាច្រើនសម័យកាល ដែលបានរៀបចំយ៉ាងស្អាតប្រកបដោយគំនិតសិល្បៈ លាយបញ្ចូលនឹងជំនឿ ព្រោះមានមានតម្កល់បដិមានៃព្រហ្មមញ្ញសាសានា១អង្គផង។ បដិមានេះជាទេពតំណាងឱ្យចំណេះដឹង បញ្ញាញាណ និងមន្តអាគម។ ការដែលបញ្ចុះទេពលាយជាមួយដូច្នេះ គឺបង្ហាញពីការគោរពតាមជំនឿដើម្បីជាទីពឹងពាក់របស់មនុស្សនិងដើម្បីឱ្យទីនេះក្លាយជាទីទុកចិត្ត ក្លាយជាទឹកពិសិដ្ឋ សម្រាប់ប្រោះព្រំអ្នកផងមកសំពះព្រះពិស្ណុលោក។

លោក សុខរិទ្ធី បានបន្តថា ការរកឃើញថ្មីនេះ ជាប្រវត្តិសាស្ត្រនៃការស្រាវជ្រាវដំបូងហើយដែលបានប្រទះឃើញនូវសំណង់ឈើមានស្នាដៃល្អស្អាតនិងព្រះមួយអង្គនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះក៏ជាភស្តុតាងវិទ្យាសាស្រ្តស្រាវជ្រាវបែបបុរាណវិទ្យា ដែលបានបំពេញបន្ថែមទៅលើព័ត៌មានកន្លងមកដែលយើងពឹងផ្អែកការសិក្សាស្រាវជ្រាវលើសិលាចារឹក បដិមាសាស្រ្ត ប្រវត្តិសិល្បៈ។ល។ ដែលបង្ហាញនូវអាថ៌កំបាំងយ៉ាងធំមួយទាក់ទងនឹងប្រវត្តិនៃការកសាងស្រះទឹក សំណង់ប្រាសាទអង្គរវត្ត បរិស្ថានធម្មជាតិ និងការរស់នៅរបស់មនុស្ស ដែលបង្ហាញឱ្យដឹងថា អង្គរមិនមានការបោះបង់ចោលនោះទេ គឺមានមនុស្សមករស់នៅទីនេះមិនដាច់តាំងពីសម័យកសាងរហូតដល់សម័យទំនើប។

លោកបន្ថែមថា ដំណាក់កាលដំបូងនេះ យើងមិនទាន់កំណត់ឱ្យច្បាស់ថាសំណង់ឈើនេះមានប្រភេទឈើអ្វីខ្លះ? សំណង់មានតួនាទីអ្វីប្រាកដនោះឡើយ គឺរង់ចាំការយកបំណែកឈើទៅពិសោធន៍និងសិក្សាតាមបែបវិទ្យាសាស្ត្រជាមួយអ្នកជំនាញផ្សេងៗទៀត៕






























អត្ថបទ និង​ រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុកក្នុងតំបន់អង្គរ តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរជាតិអប្សរា ក្នុងការអនុញ្ញាតជាគោលការណ៍សាងសង់លំនៅដ្ឋានរបស់ខ្លួនក៏ដូចជាសំណង់ឧបសម្ពន្ធមួយចំនួនទៀត។
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍នៅលើកំណាត់ទ្រូងផ្លូវប្រវែង២១៨១ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់ចំណុចព្រលានយន្តហោះ និងកំពុងដាំឧបករណ៍ចំណាំងភ្លើង(គ្រាប់ភ្នែកកង្កែប)លើកំណាត់ទ្រូងផ្លូវប្រវែង៦៧១២ម៉ែត្រទៀត ចាប់ពីចំណុចមុខភោជនីយដ្ឋានប្រាសាទនាងពៅទៅដល់ចំណតឡាន មុខប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាបានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់អារម្មណ៍និងការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ។ ទាំងនេះគឺ ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។
ដើមដំបូងមុន12345...317318បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
15906
ម្សិលមិញ
:
16308
សប្តាហ៍នេះ
:
52055
ខែនេះ
:
0200163
សរុប
:
010880816