ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបង្រស់សម្បត្តិវប្បធម៌មនុស្សជំនាន់មុនសម្រាប់មនុស្សជំនាន់ក្រោយ

បានផ្សាយនៅ ថ្ងៃទី 27 ខែ វិច្ឆិកា ឆ្នាំ2019 11:37 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

វត្តរាជបូណ៌ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ អារាមនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើងក្នុងរាជ្យព្រះបាទនរោត្តម។

នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺ គំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤ ដោយជាងឈ្មោះ ប៉ិល និងក្មួយរបស់គាត់ឈ្មោះ ឌិត។ ជាងគំនូរទាំង២ គឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំ ទើបគំនូរមានទម្រង់កាយវិការបែបដូចស្បែកធំ។ ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារនិងបង្អួច។

ព្រះវិហារចំណាស់នេះធ្លាប់មានការជួសជុលតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ។ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមដោយអន្លើ ដែលតម្រូវឱ្យមានការជួសជុលជាចាំបាច់ ដោយសារអាយុកាលនិងអាកាសធាតុជាដើម។ ដើម្បីរួមចំណែករក្សាមរតកនេះឱ្យគង់វង្សតទៅទៀត អាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីចាប់ផ្តើមជួសជុលផ្នែកសំខាន់ៗនៃព្រះវិហារនៅឆ្នាំ២០១៤។ សន្លឹកទ្វារ សន្លឹកបង្អួច គំនូរ និងបដិមាក្នុងវិហារជាដើម សុទ្ធតែបានជួសជុលនិងសម្អាតតាមបច្ចេកទេសដោយអ្នកអភិរក្ស។ កិច្ចការទាំងអស់នេះតែងមានព្រះទ័យយកចិត្តទុកដាក់ខ្ពស់និងការផ្តល់ឱកាសដ៏ពេញលេញអំពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌។

កិច្ចការអភិរក្សនាបច្ចុប្បន្នចំពោះព្រះវិហារបានត្រូវជួសជុលជា២ដំណាក់កាលបន្ថែមនាពេលថ្មីៗនេះ៖
- ដំណាក់កាលទី១៖ សិក្សាគម្រោងសម្រង់ប្លង់ចាស់និងធ្វើដំបូលដែកគ្របលើវិហារ ដោយប្រើប្រាស់ថវិការបស់ពុទ្ធបរិស័ទ ក្រោមការផ្តួចផ្តើមពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ។
- ដំណាក់កាលទី២៖ ការជួសជុលដំបូលវិហារផ្តោតលើការជួសជុលគ្រឿងបង្គុំដំបូលដើម្បីរក្សាលំនឹងរបស់ដំបូល សម្លាប់មេរោគ និងសត្វល្អិតស៊ីសាច់ឈើ ជួសជុលសម្អាតហោជាងដែលមានចម្លាក់ក្បាច់ និងគ្រឿងលម្អដំបូលទាំងអស់ឡើងវិញរួចរាល់បាន១០០% ក្រោមការផ្តល់ថវិកា និងលក្ខណៈបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា។ ជាលក្ខណៈបច្ចេកទេស យើងព្យាយាមរក្សារូបរាងឱ្យនៅដដែលនិងប្រើប្រាស់សម្ភារៈចាស់ដែលមានស្រាប់តាមលទ្ធភាព និងប្រើប្រាស់វិធីសាស្ត្រដែលសមស្របសម្រាប់ការអភិរក្សនាពេលអនាគត។

ការអភិរក្សមរតកវប្បធម៌នេះជាឧទាហរណ៍ដ៏ល្អ ព្រោះយើងទាំងអស់គ្នាបានរួមចំណែក «បង្រស់»សម្បត្តិវប្បធម៌នៃមនុស្សជំនាន់មុនឱ្យនៅបន្តរស់ទៅដល់អ្នកជំនាន់ក្រោយទៀត ក្នុងការប្រើប្រាស់ និងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រនិងសិល្បៈរបស់ខ្លួន៕












អត្ថបទនិងរូបភាព៖ ក្រុមការងារកិច្ចការវត្តអារាម
ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងសង្គ្រោះឱ្យរួចផុតពីហានីភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។
ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម គឹម សុធិន អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ សារឿន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
ដើមដំបូងមុន12345...303304បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1104
ម្សិលមិញ
:
1988
សប្តាហ៍នេះ
:
11907
ខែនេះ
:
0007111
សរុប
:
010595209