NEWS

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបង្ហាញក្ដីបារម្ភចំពោះសំណង់ខុសច្បាប់ដែលសង់ខុសពីលិខិតអនុញ្ញាត

Published on 22 November 2019 10:46 AM Post By ៖ Apsara National Authority

បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យជួសជុល កែលម្អគេហដ្ឋាន ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស អ្នកស្រុកបានធ្វើការជួសជុល កែលម្អគេហដ្ឋាន ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស ខុសពីលិខិតអនុញ្ញាត ដែលធ្វើឱ្យសំណង់របស់ពួកគេក្លាយជាសំណង់ខុសច្បាប់ទៅវិញ។

លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានលើកឡើងថាសំណង់ខុសច្បាប់ជាច្រើនខ្នង បាននឹងកំពុងសង់ក្នុងរូបភាពស្របច្បាប់ បន្ទាប់ពីប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរទទួលបានលិខិតអនុញ្ញាតសាងសង់ស្របច្បាប់ពីអាជ្ញាធរជាតិអប្សរា។ លោកបញ្ជាក់ថា ការរៀបចំលំនៅដ្ឋានក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរគឺត្រូវឱ្យស្របនិងជាផ្នែកមួយនៃការលើកតម្លៃបេតិកភណ្ឌដូច្នេះរាល់ការស្នើរសុំសាងសង់ទាំងអស់ចាំបាច់ត្រូវសុំច្បាប់ជាមុន និងចាំបាំច់ត្រូវធ្វើការសាងសង់ស្របតាមខ្លឹមសារដែលបានអនុញ្ញាត។

លោក ឡុង កុសល បញ្ជាក់បន្ថែមថា ក្នុងករណីប្រជាពលរដ្ឋមានបំណងស្នើសុំជួសជុល កែលម្អគេហដ្ឋាន សង់របង រោងគោ រោងមាន់ បង្គន់អនាម័យឬតម្រូវការផ្សេងៗដែលមានលក្ខណៈជាប្រភេទសំណង់ស្រាល សូមបងប្អូនប្រជាពលរដ្ឋអាចធ្វើការទាក់ទងមកក្រុមការងារសហគមន៍តាមគោលដៅភូមិនីមួយៗតាមរយៈភូមិឃុំ/សង្កាត់។ ដោយឡែក ក្នុងករណីប្រជាពលរដ្ឋមានបំណងស្នើសុំរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស នោះពួកគាត់អាចអញ្ជើញមកដាក់ពាក្យស្នើសុំនៅមជ្ឈមណ្ឌលសេវាកម្មរបស់អាជ្ញាធរជាតិអប្សរា ឬក៏នៅច្រកចេញចូលតែមួយរបស់ស្រុកពួក ក្រុងសៀមរាប និងសាលាខេត្តសៀមរាប។ រាល់ការចុះពិនិត្យបច្ចេកទេសនិងការផ្តល់លិខិតអនុញ្ញាតគឺមិនមានបង់ប្រាក់ទេ។

ដូច្នេះ អាជ្ញាធរជាតិអប្សរាស្នើសុំដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវដាក់ពាក្យសុំសាងសង់មកអាជ្ញាធរជាតិអប្សរា ដោយត្រូវកំណត់ទ្រង់ទ្រាយនិងទំហំឱ្យបានច្បាស់លាស់ និងត្រូវធ្វើការជួសជុលឬសាងសង់ដោយគោរពទៅតាមអ្វីដែលបានស្នើសុំនោះ ជៀសវាងធ្វើឱ្យសំណង់ទាំងនោះក្លាយជាសំណង់ខុសច្បាប់ក្នុងពេលជួសជុលឬសាងសង់ព្រោះប្រឈមនឹងមោឃភាពលិខិតអនុញ្ញាត ការរើរុះចេញ និងវិធានការច្បាប់៕
ដើម្បីអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធឡើងនៅក្នុងបរិវេណមុខព្រះលានជល់ដំរី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានោះ អាជ្ញាធរជាតិអប្សរានឹងចែកទឹកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនាកម្មវិធីរយៈពេល៤ថ្ងៃដោយមិនគិតថ្លៃ គឺចាប់ពីថ្ងៃទី២៣រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ ទីតាំងចែកចាយទឹកមានពីរកន្លែងស្ថិតនៅផ្នែកខាងជើង និងខាងត្បូងនៃព្រះលានជល់ដំរី ដែលជាទីតាំងប្រារព្ធពិធី។
អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារសហគមន៍ប្រចាំស្រុកបា្រសាទបាគង នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ បាននាំយកអំណោយសង្គ្រោះបឋមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅជូនប្រជាពលរដ្ឋមួយគ្រួសារដែលមានអាសយដ្ឋាននៅភូមិកញ្ជរ ឃុំរលួស ដែលរងគ្រោះដោយត្រូវខ្យល់ព្យុះដួលរលំផ្ទះទាំងស្រុង កាលពីដើមខែឧសភាកន្លងទៅ។
ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំប្រព័ន្ធទឹក ដោយបង្កប់ទុយោដាក់តាមបណ្តោយផ្លូវចូលពីខ្លោងទ្វារចូលទៅកសិណនៃប្រាសាទបន្ទាយស្រី។ ការរៀបចំប្រព័ន្ធទឹកនេះ គឺដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀងធ្លាក់ម្តងៗ និងដើម្បីលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទ ជាពិសេស គឺសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងរដូវភ្លៀង។
កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សឹង គង់ ទីប្រឹក្សាអាជា្ញធរជាតិអប្សរា និងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជនរួមជាតិដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាមួយព្រះសង្ឃ អាជា្ញធរខេត្ត មន្រ្តីជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវត្តទេពពោធិវង្សក្រុង-ខេត្តសៀមរាប។
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
0138
Yesterday
:
22718
This Week
:
22856
This Month
:
0303685
Total
:
010259832