NEWS

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរារៀបចំទល់ទ្រប្រាសាទព្រហ្មកិល

Published on 21 November 2019 10:37 AM Post By ៖ Apsara National Authority
ប្រាសាទព្រហ្មកិល ជាមន្ទីរពេទ្យបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ កសាងអំពីថ្មភក់ ចុងសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ នាពេលបច្ចុប្បន្នប្រាសាទនេះមានសភាពទ្រុឌទ្រោម រងការខូចខាតជាខ្លាំង ដោយជញ្ជាំងប្រាសាទមួយផ្នែកនៅជ្រុងនិរតីបានដួលរលំ និងខឿនប្រាសាទរលុះស្ទើរតែទាំងស្រុង។

ក្នុងគោលបំណងទល់ទ្រ ពង្រឹង សង្រ្គោះប្រាសាទឱ្យជៀសផុតពីហានិភ័យ អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានរៀបចំដំណើរការទល់ទ្រ ក្នុងដំណាក់កាលទី១ ចាប់ពីថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០។

លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទព្រហ្មកិល និងជាស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹង ហានិភ័យដែលបង្កឱ្យខូចខាតរចនាសម្ពន្ធប្រាសាទ បណ្តាលមកពីគ្រឹះប្រាសាទរលុះថ្មខឿនព័ទ្ធជុំវិញ។ លោកបន្តថា មេទ្វារមុខខាងកើតទ្រេតគ្មានលំនឹង ហើយជញ្ជាំងផ្នែកខាងលិចទ្រេត និងខាងក្រោមគ្មានថ្មសម្រាប់ទល់ទ្រ នៅជ្រុងនិរតីនៃជញ្ជាំងប្រាសាទមួយផ្នែកដួលរលំអស់ ហើយជញ្ជាំងខាងត្បូងគ្មានលំនឹង មានថ្មក្រៀកចេញពីគ្នាធ្វើឱ្យជ្រុងខាងត្បូងងាយនឹងរលំដោយសារខាងក្រោមបាត់ថ្មអស់ជាច្រើនដុំ។

អ្នកជំនាញរូបនេះឱ្យដឹងទៀតថា ដោយសារផ្នែកខាងត្បូងឈៀងខាងលិចថ្មប្រាសាទមួយចំហៀងត្រូវបានដួលរលំនៅជ្រុងនិរតី និងផ្នែកនៅសល់គ្មានលំនឹង ដូចនេះកំពូលរបស់វាមានហានិភ័យខ្ពស់ត្រូវការទល់ទ្របន្ទាន់ ដើម្បីឱ្យប្រាសាទឈរនៅរឹងមាំ។

បន្ថែមពីលើនេះ លោកបញ្ជាក់ថា មាន១ចំណុចជាហានិភ័យថ្មីដែលត្រូវការទល់ទ្រជាបន្ទាន់ ហើយមាន៤ចំណុចចាស់ត្រូវរើទល់ទ្រដើម្បីពង្រឹងឡើងវិញ និងរឹតខ្សែកាបចំនួន៣ខ្សែនៅកំពូលប្រាសាទ។

អ្នកជំនាញដដែលបន្តថា ជំហានទី១សមស្របទៅតាមអនុសាសន៍អាយស៊ីស៊ី-អង្គរ កាលពីខែឧសភា ឆ្នាំ២០១៩ ដែលបានចុះមកពិនិត្យជាក់ស្តែង និងបានផ្តល់អនុសាសន៍ជាជំហានទី២ ត្រូវសិក្សាសម្រង់ប្លង់មេទូទៅ ធ្វើកំណាយស្រាវជ្រាវអំពីរចនាសម្ពន្ធរបស់ប្រាសាទ និងជំហានទី៣ ឈានទៅដល់ការជួសជុលប្រាសាទតែម្តង។

លោកបានបញ្ជាក់ថា នៅឆ្នាំ១៩១៩ សាលាបារាំងចុងបូព៌ា បានសម្អាតទីតាំងជុំវិញបរិវេណប្រាសាទ និងទល់ទ្រផ្នែកខ្លះដូចជាទាមដែក និងចាក់កំណល់បេតុងជាដើម។ លុះមកដល់នៅឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាបានទល់ទ្រ៤ទីតាំងបន្ថែមទៀតដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗរហូតមកដល់បច្ចុប្បន្ន៕












អត្ថបទ៖ លោក យី សុថា
រូបភាព លោក រដ្ឋ ផល្លីន និងលោក ម៉ៅ សុខនី
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
5519
Yesterday
:
19738
This Week
:
74510
This Month
:
0218952
Total
:
010175099