ព័ត៌មានថ្មីៗ

ក្រុមការងារចម្រុះចុះពិនិត្យទីតាំងរៀបចំសណ្ដាប់ធ្នាប់នៅបរិវេណជុំវិញទ្វារទឹកសំពៅលូនខាងជើងកសិន្ធុអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ2019 09:40 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ក្រុមការងារចម្រុះដែលមាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ នាយកដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានគ្រប់គ្រងអន្ដរវិស័យ និងក្រុមសណ្ដាប់ធ្នាប់ប្រាសាទនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានចុះពិនិត្យទីតាំងបរិវេណជុំវិញទ្វារទឹកសំពៅលូន ឬទំនប់ស្ទាក់ខ្សាច់ ដែលស្ថិតនៅខាងជើងកសិន្ធុអង្គរវត្ត ដើម្បីត្រៀមរៀបចំ កែលម្អ សោភ័ណភាព អនាម័យនៅទីតាំងនោះ។ ការងារនេះធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ អ្នកលក់ដូរ ប្រើប្រាស់សម្រាប់ការលក់ដូរយ៉ាងអាណាធិបតេយ្យ ដូចជាក្រាលកន្ទេល និងចងអង្រឹង សម្រាប់អង្គុយហូបអាហារ និងផឹកគ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ដល់រមណីយដ្ឋានអង្គរជាខ្លាំង។

ក្រុមការងារចម្រុះ បានចុះកំណត់ទីតាំង និងស្វែងរកដំណោះស្រាយរួម សំដៅធ្វើយ៉ាងណា ប្រែក្លាយបញ្ហាដែលកំពុងមានសព្វថ្ងៃ ឱ្យមានភាពល្អប្រសើរឡើងវិញ។ ក្នុងនោះ ក្រុមការងារបានសម្រេចរៀបចំគោលការណ៍មួយដាក់ទៅអគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីសម្រេចនិងកំណត់ការអនុវត្តនាពេលខាងមុខ។ បន្ថែមពីនោះ ក្រុមការងារចម្រុះនាយកដ្ឋានបានបង្ហាញគោលការណ៍រួមថា នឹងរៀបចំទីតាំងនេះឱ្យមានភាពបៃតងឡើងវិញ ដូចជាត្រូវដាំស្មៅ និងដាំដើមឈើ ហើយថាទីតាំងនេះមិនគួរឱ្យមានសំណង់ឡើយ ព្រោះវានៅលើកសិន្ធុអង្គរវត្ត។

សកម្មភាពនេះ ធ្វើឡើងស្របពេលដែលអាជ្ញាធរជាតិអប្សរា កន្លងមកធ្លាប់ចេញសេចក្ដីជូនដំណឹងអំពីបំរាមការដាក់កន្ទេល ចងអង្រឹងគ្រប់ប្រភេទនៅតំបន់ជុំវិញវាលស្មៅ ក៏ដូចជាកសិន្ធុអង្គរ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យនៅតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនៅទីតាំងនេះ បង្ហាញឱ្យឃើញពីការបំពានបំរាមខាងលើ ហើយអាជ្ញាធរជាតិអប្សរា មានសមត្ថកិច្ចគ្រប់គ្រាន់ដើម្បីរៀបចំឡើងវិញ៕














អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
ច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើងស្ពានហាលសរុបប្រវែង៩០ម៉ែត្រ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាឮ ជួសជុលសម្រេចបានក្នុងរយៈ៨ឆ្នាំកន្លងមកនេះ។
ក្នុងសន្និសីទអន្តរជាតិស្ដីពីទឹកនិងវប្បធម៌ក្រោមប្រធានបទ“ការសិក្សាអំពីបេតិកភណ្ឌទឹកដើម្បីការអភិវឌ្ឍប្រចាំតំបន់ប្រកបដោយភាពច្នៃប្រឌិត” លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានធ្វើបទអន្តរាគមន៍ស្ដីពីវប្បធម៌ និងការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីអង្គសន្និសីទទាំងមូល។
គម្រោងស្ថាបនាផ្លូវកៅស៊ូថ្មីនៅលើគន្លងផ្លូវដីក្រហមចាស់ដែលមានអាយុកាលតាំងពីឆ្នាំ១៩១២ ដែលមានទីតាំងនៅមុខបរិវេណប្រាសាទសួរព្រ័ត្រ ជំនួសការប្រើប្រាស់ផ្លូវកៅស៊ូបច្ចុប្បន្នមុខព្រះលានជល់ដំរី នឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមខែកុម្ភៈ ឆ្នាំ២០២០ នេះ ដោយប្រើរយៈពេល០៥ខែ។
នៅខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានផ្តល់ថវិកាបដិភាគក្នុងការសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋរស់នៅរមណីយដ្ឋានអង្គរបានចំនួន២៩ គ្រួសារ នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញការងារនៅទីក្រុងតូក្យូប្រទេសជប៉ុន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Hiroyasu Ando ប្រធានស្ថាប័នមូលនិធិជប៉ុន (JAPAN FOUNDATION)។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
6118
ម្សិលមិញ
:
19738
សប្តាហ៍នេះ
:
75109
ខែនេះ
:
0219551
សរុប
:
010175698