ព័ត៌មានថ្មីៗ

អ្នកជំនាញអះអាងថាការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តត្រូវការពេលវេលាបន្ថែមដើម្បីបញ្ចប់គម្រោងជួសជុល!

បានផ្សាយនៅ ថ្ងៃទី 15 ខែ វិច្ឆិកា ឆ្នាំ2019 09:14 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០ អាចនឹងត្រូវពន្យាពេលដោយមូលហេតុបច្ចេកទេសចាំបាច់មួយចំនួន។

លោក លោក អន សុភាព មន្ត្រីបច្ចេកទេសប្រចាំការដ្ឋានជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បញ្ជាក់ថា តាមលទ្ធផលជាក់ស្តែងការជួសជុលអនុវត្តបានត្រឹមតែ១៥%ប៉ុណ្ណោះ ព្រោះយើងបានចំណាយពេលវេលាច្រើនលើការងារស្រាវជ្រាវ និងវិភាគបច្ចេកទេស ដូចជារចនាសម្ពន្ធនិងសម្ភារៈសំណង់ ស្ថានភាពនៃការខូចខាតរបស់ថ្ម គុណភាពថ្ម ស្ថានភាពដីដែលបង្ហាប់នៅក្នុងស្ពានហាល និងលទ្ធផលពិសោធលើការបុកបង្ហាប់ដីសាកល្បងចំនួន១០ម៉ែត្របានជោគជ័យ។

ម្យ៉ាងវិញទៀត ការជួសជុលលើកនេះគឺមានការខុសប្លែកពីការជួសជុលនៅសម័យបារាំងនិងការជួសជុលក្នុងដំណាក់កាលទី១ ដោយក្រុមអ្នកជំនាញផ្នែកអភិរក្សរបស់អាយស៊ីស៊ី-អង្គរ បានតម្រូវមិនឱ្យមានការរុះរើជញ្ជាំងស្ពានថ្មបាយក្រៀមនេះឡើយ ដោយត្រូវរក្សាស្លាកស្នាមនៃការជួសជុលនៅក្រោយសម័យអង្គរទុកជាប្រវត្តិសាស្ត្រ ថ្វីត្បិតតែរចនាសម្ពន្ធសំណង់ស្ពាននេះមានការខូចខាតខ្លាំងក៏ដោយ។

លោក អន សុភាព បន្តថា នេះជាចំណុចពិសេសមួយដែលលំបាកបំផុតសម្រាប់ការជួសជុល ដែលទាមទារឱ្យក្រុមអ្នកជំនាញរកគ្រប់វិធីសាស្ត្រ គ្រប់បច្ចេកទេសដើម្បីទប់ពង្រឹងរចនាសម្ពន្ធសំណង់ប្រកបដោយគុណភាពខ្ពស់ ហើយមិនប៉ះពាល់ដល់សំណង់ស្ពានចាស់ ដែលទ្រុឌទ្រោមខូចខាតដោយសារអាយុកាលនៃវត្ថុធាតុដើម ការត្រាំក្នុងទឹកជាប្រចាំ។

ដូច្នេះហើយ ក្នុងការជួសជុលនេះ ក្រុមការងារចាំបាច់ត្រូវរក្សាភាពដើមឱ្យបានច្រើនបំផុត ដោយប្រើបច្ចេកទេសនិងសម្ភារៈទំនើបខ្លះ លាយនឹងបច្ចេកទេសបុរាណ ដើម្បីពង្រឹងរចនាសម្ពន្ធសំណង់ឱ្យជាប់មាំបានល្អ។

សូមបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងរវាងអាជ្ញាធរជាតិអប្សរាជាមួយនិងសាកលវិទ្យាល័យសូហ្វយ៉ាប្រទេសជប៉ុន ការជួសជុលស្ពានហាលប្រាសាទអង្គរវត្តមានរយៈពេល៥ឆ្នាំ (២០១៥-២០២០) និងគ្រោងបញ្ចប់ជាស្ថាពរនៅពាក់កណ្តាលឆ្នាំ២០២០៕












អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក អេង បញ្ញាវុឌ្ឍី
កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ដើម្បីអបអរខួបមួយឆ្នាំក្នុងការចុះបញ្ជីល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ឆ្នាំ២០១៨-២៨ វិច្ឆិកា ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប មន្រ្តីអាជ្ញាធរជាតិអប្សរា ព្រមទាំងមហាជនជាទេសចរជាតិ-អន្ដរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។
រយៈពេល០៩ថ្ងៃហើយ ដែលមជ្ឈមណ្ឌលបណ្តុះ បណ្តាលនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាល អ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវប្រាសាទបុរាណ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មក។
ប្រតិភូសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម លោក NGUYEN GIANG HAI បានចូលរួមធ្វើបាឋកថាស្ដីពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» ដែលបានចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យបុរាណវិទ្យាដល់មន្រ្តី បុគ្គលិក និងសាធារណជន ដែលសរុបប្រមាណ៥០នាក់។
វត្តរាជបូណ៌ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ អារាមនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើងក្នុងរាជ្យព្រះបាទនរោត្តម។
យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាក្នុងអំឡុងខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារបានជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសចំនួន១០ករណី ក្នុងនោះមាន រអិលឬជំពប់ជើងដួល គ្រិច ថ្លោះដៃជើង ខ្យល់គរ ដួលសន្លប់ និងចុកពោះ ជាដើមបាន។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។
ដើមដំបូងមុន12345...271272បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
9940
ម្សិលមិញ
:
15922
សប្តាហ៍នេះ
:
09940
ខែនេះ
:
0142066
សរុប
:
009610823