ព័ត៌មានថ្មីៗ

រួមគ្នាលុបបំបាត់ការផ្សព្វផ្សាយនិងចែកចាយរូបភាពផ្ទុយពីបច្ចុប្បន្នភាពក្នុងតំបន់អង្គរ ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍!

បានផ្សាយនៅ ថ្ងៃទី 21 ខែ តុលា ឆ្នាំ2019 08:49 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ ក្នុងគោលដៅអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ បានរៀបចំអភិវឌ្ឍន៍ គ្រប់គ្រង ជួសជុល អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនេះឱ្យរួចផុតពីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ រហូតបានក្លាយជាគោលដៅទេសចរណ៍ដ៏ធំមួយក្នុងសកលលោក និងទទួលបានចំណាត់ថ្នាក់លេខមួយជាគោលដៅទេសចរណ៍ផ្ទួនៗគ្នានាឆ្នាំកន្លងមក។

តាមរយៈវិស័យអភិរក្សបេតិកភណ្ឌនិងវិស័យទេសចរណ៍វប្បធម៌ រមណីយដ្ឋានអង្គរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានផ្តល់នូវប្រយោជន៍ដ៏ឧត្តុងឧត្តមទាំងផ្ទាល់និងប្រយោលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ជាពិសេសផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

ផ្ទុយទៅវិញ កន្លងមកនេះមានការផ្សព្វផ្សាយ និងចែករំលែករូបភាពពុំស្តែងចេញអំពីបច្ចុប្បន្នភាពនៃតំបន់រមណីយដ្ឋានអង្គរទៅក្នុងបណ្តាញព័ត៌មានសង្គមដែលសកម្មភាពទាំងនោះខុសពីការពិតទៅនឹងអ្វីដែលអាជ្ញាធរជាតិអប្សរាបច្ចុប្បន្នកំពុងបំពេញយ៉ាងសស្រាក់សស្រាំ។ លើសពីនេះ ការផ្សព្វផ្សាយ និងចែកចាយរូបភាពផ្ទុយពីបច្ចុប្បន្នភាពបែបនេះអាចបង្កឱ្យភ្ញៀវទេសចរមានការយល់ច្រឡំ និងគិតមិនល្អក្នុងការសម្រេចចិត្តជ្រើសរើសមកទស្សនានៅកម្ពុជានិងរមណីយដ្ឋានអង្គរ។

ទាក់ទងនឹងបញ្ហានេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ក្រៅពីកិច្ចការជួសជុលអភិរក្សប្រាសាទ បានយកចិត្តទុកដាក់ធ្វើជាប្រចាំថ្ងៃលើកិច្ចការលើកកម្ពស់បរិស្ថានឱ្យមានភាពបៃតងនៅក្នុងតំបន់អង្គរតាមរយៈការរៀបចំសួនស្មៅ ការដាំដើមឈើប្រណីត ការទប់ស្កាត់អ្នកលក់ដូរនៅលើវាលស្មៅតាមកសិន្ធុអង្គរវត្ត ការរៀបចំចំណតយានយន្ត ការធ្វើផ្លូវកង់ ការស្ថាបនានិងថែទាំផ្លូវថ្នល់ក្នុងឧទ្យានអង្គរ។ល។ កិច្ចការទាំងនេះ គឺក្នុងបំណងបម្រើដល់សេវាកម្មទេសចរណ៍និងលើកកម្ពស់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន។

លោក ឡុង កុសល ក៏បានបញ្ជាក់ទៀតថា ការប្រើប្រាស់រូបភាពដែលពុំឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងបច្ចុប្បន្ន ពុំមែនជារឿងល្អប្រសើរទេ។ ដូច្នេះ សូមសាធារណជនប្រើប្រាស់រូបភាពនិងខ្លឹមសារដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាក់ស្តែងនៃតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសកម្មភាពដែលអាជ្ញាធរជាតិអប្សរាបានធ្វើនាបច្ចុប្បន្ននេះ ដូចជាការរៀបចំចំណត ការដាំស្មៅ ដាំផ្កា ដាំដើមឈើ។ល។ ដើម្បីរឹតតែទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់រមណីយដ្ឋានអង្គរកាន់តែកើនឡើងមិនខាន។

សូមរួមគ្នាលុបបំបាត់ការផ្សព្វផ្សាយនិងចែកចាយរូបភាពមិនមែនបច្ចុប្បន្នភាពអំពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីបំផុសនិងផ្សព្វផ្សាយរូបភាពល្អៗ និងភាពស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិ!!!
















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហ៊ុ រិទ្ធី
នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា
តាមរយៈការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ប្រជាពលរដ្ឋទាំង១២ភូមិនៃសង្កាត់ក្របីរៀលសរុបចំនួន១៨០នាក់ បានមកទស្សនារមណីយដ្ឋានអង្គរ។
តំណាងក្រុមហ៊ុនកូកាកូឡា បានប្រគល់អណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងដល់អាជ្ញាធរជាតិអប្សរា ដើម្បីស្រោចស្រពថ្នាលបណ្ដុះកូនឈើនៅភូមិលាងដៃ ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីកិច្ចការនេះ ក្រុមហ៊ុនកូកាកូឡាក៏មានគម្រោងថ្មីៗទៀតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងន័យរួមចំណែកអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែល្អប្រសើរ ជាផ្នែកមួយជួយអភិវឌ្ឍន៍សង្គមជាតិ។
អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរានឹងបិទការចេញចូលនៅខ្លោងទ្វារតាកាវបណ្តោះអាសន្ន ដើម្បីប្រារព្ធពិធីបើកការដ្ឋានជួសជុលខ្លោងទ្វារនេះ ក្រោមកិច្ចសហការជាមួយវិស័យឯកជន។
ក្នុងគោលដៅរៀបចំនិងដាក់ចេញនូវខ្សែសៀគ្វីទស្សនារមណីយដ្ឋានសំបូរព្រៃគុក អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំកម្មវិធីកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការរៀបចំខ្សែសៀគ្វីទេសចរណ៍រយៈពេល៣ថ្ងៃ និងបានអញ្ជើញមន្រ្តីបុគ្គលិកជំនាញផ្នែករៀបចំខ្សែសៀគ្វីទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាចូលរួមដើម្បីចែករំលែកបទពិសោធន៍ការងាររៀបចំខ្សែសៀគ្វីទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរកន្លងមក។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
63996
ម្សិលមិញ
:
98152
សប្តាហ៍នេះ
:
63996
ខែនេះ
:
0063996
សរុប
:
015133799