NEWS

ពលរដ្ឋសាទរចំពោះការរៀបចំសួនច្បារថ្មីនិងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍បន្ត

Published on 18 October 2019 04:37 PM Post By ៖ Apsara National Authority
បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននិងកំពុងរៀបចំជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។

លោក រ៉ែល អ្នកបើករថយន្តដឹកភ្ញៀវទេសចរណ៍របស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយ បាននិយាយថា មុខប្រាសាទអង្គរវត្តមានការផ្លាស់ប្ដូរច្រើននារយៈពេលចុងក្រោយនេះ ពិសេសក្រោយវត្តមានសួនច្បារបានកើតឡើង។ កំពុងអង្គុយក្រោមម្លប់ឈើលើសួនច្បារថ្មីដែលមានភាពបៃតង លោក រ៉ែល បាននឹកទៅអតីតកាលដែលទីធ្លានេះជាចំណតរថយន្តនិងមានបរិស្ថានមិនសូវស្អាត ស័ក្ដិសមជារមណីយដ្ឋានទេសចរណ៍វប្បធម៌ឡើយ។ ក្រោយរៀបចំដាំស្មៅ និងដើមឈើតូចធំជាច្រើនហើយនោះ អ្នកបើករថយន្តរូបនេះយល់ថា គួរតែមានការរៀបចំបន្តទៀត ដើម្បីឱ្យបរិស្ថានជុំវិញមានភាពស្រស់បំព្រង និងជាទីទាក់ទាញដល់ទេសចរទូទៅ។

មិនឆ្ងាយប៉ុន្មានពីលោក រ៉ែល រំលងប្រមាណ២០ម៉ែត្រ ទីនោះគឺលោក ហូ ដែលកំពុងរង់ចាំភ្ញៀវនៅលើរ៉ឺម៉កកង់បី។ ឆ្លើយតបទៅនឹងសំណួរ លោក ហូ ប្រាប់ថា គាំទ្រចំពោះការរៀបចំបរិស្ថានមុខអង្គរ ដើម្បីបង្កើនសោភ័ណភាពដល់ប្រាសាទដ៏អច្ឆរិយៈរបស់ខ្មែរមួយនេះ។ ជាមួយគ្នានោះ លោក ហូ ក៏ចង់ឱ្យអាជ្ញាធរជាតិអប្សរាបន្តការរៀបចំជាបន្តទៀត ក្នុងនោះក្រៅពីរៀបចំដាំស្មៅ លោកក៏ចង់ឱ្យគិតគូរពីបញ្ហាដីហ៊ុយតាមផ្លូវមុខអង្គរវត្តរហូតដល់ស្ពានហាលផងដែរ ដ្បិតថា ស្ថានភាពសព្វថ្ងៃបង្កផលប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរជាខ្លាំង។

ជាងថតរូបម្នាក់ដែលនៅមុខប្រាសាទអង្គរវត្តក៏មិនជំទាស់ចំពោះការរៀបចំខាងលើនេះដែរ។ លោកមានសុទិដ្ឋិនិយមថាការអភិវឌ្ឍទាំងនេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលនៅតំបន់មុខប្រាសាទអង្គរវត្តនាថ្ងៃអនាគតយ៉ាងពិតប្រាកដ៕
















អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
នៅពេលដែលមានមនុស្សឈឺរ៉ាំរ៉ៃ ជាពិសេស ទាក់ទិននឹងជំងឺរបស់មនុស្សចាស់ ដែលគ្រប់គ្នាយល់ថា វាជារឿងធម្មជាតិរបស់មនុស្សមិនអាចជៀសផុត ដូនតាខ្មែរតែងមានកិច្ចពិធីមួយចំនួនទៀត ដើម្បីជួយអបស្ទបជីវិតរបស់ពួកគាត់។ ពិធីនោះសោតមានតូចមានធំ ទៅតាមលទ្ធភាពជាក់ស្តែងរបស់ក្រុមគ្រួសារនៃអ្នកជំងឺ។ គោលបំណងសំខាន់នៃពិធីគឺដើម្បីរំដោះកម្មពៀរ ឬថា ផ្តាច់កម្មពៀរផ្សេងៗ ហើយអាចជួយទ្រទ្រង់អាយុជីវិតរបស់អ្នកជំងឺនោះឲ្យបានយូរតទៅទៀត។
វិស័យទេសចរណ៍ពិតជាកាតាលីករ ដ៏មានសក្តានុពលក្នុងការជួយចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យមានវឌ្ឍនភាពប្រាកដ។ ក្រោយពីសង្រ្គាមបានបញ្ចប់ទៅក្រោមគោលនយោបាយ យុទ្ធសាស្រ្តឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះ ប្រទេសជាតិមានសុខសន្តិភាពពេញលេញធ្វើឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ ហើយប្រាសាទបុរាណជាច្រើននៃតំបន់រមណីយដ្ឋានអង្គរក្លាយជាគោលដៅទេសចរណ៍ដែលមានការទាក់ទាញខ្ពស់បំផុតលើពិភពលោក។
ដោយមើលឃើញពីអត្ថប្រយោជន៍ដ៏ច្រើនលើសលុបចំពោះសុខភាពមនុស្សគ្រប់គ្នាពីការហាត់យោហ្កា អង្គការសហប្រជាជាតិបានកំណត់ថ្ងៃទី២១ ខែមិថុនា ជាទិវាអន្តរជាតិស្តីពីយោហ្កា (International Day of Yoga) ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដើម្បីផ្សព្វផ្សាយអំពីការហាត់សមាធិទាំងផ្លូវកាយ ផ្លូវចិត្តសម្រួលចលនាសាច់ដុំ និងចង្វាក់សរសៃឈាមឱ្យរត់ស្រួលសម្រាប់សុខភាពរាងកាយរបស់យើងគ្រប់គ្នា។
ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០រូបដែលត្រូវ ចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិនបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នៅសាលប្រជុំបេងមាលានៃមជ្ឈមណ្ឌលអាជា្ញធរជាតិអប្សរា ។
ហៅព្រលឹងនាគ (ព្រលឹងអ្នកបួស) គឺជាកិច្ចសំខាន់មួយនៅក្នុងពិធីបំបួសនាគ ដែលខ្មែរបានយកទំនៀមរបស់ខ្លួនមកផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា។ ពិធីនេះនៅតែបន្តធ្វើនិងស្ថិតក្នុងផ្នត់គំនិតខ្មែររហូតដល់បច្ចុប្បន្ន សម្រាប់វត្តមួយចំនួនក្នុងខេត្តសៀមរាបដែលនៅកាន់ទំនៀមបុរាណ។ ទាក់ទងនឹងពិធីហៅព្រលឹងនាគនេះ ថ្វីត្បិតត្រូវបានវត្តបុរាណជាអ្នកនៅតែប្រកាន់យក តែចំពោះការរៀបចំគ្រឿងរណ្តាប់និងកិច្ចធ្វើពិធី គឺមានលក្ខណៈខុសគ្នាទៅតាមទម្លាប់នៃតំបន់នីមួយៗ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
0394
Yesterday
:
33427
This Week
:
00394
This Month
:
0303377
Total
:
015373180