ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «បរមរតនកោដ្ឋ» គម្រប់ខួប៧ឆ្នាំ

បានផ្សាយនៅ ថ្ងៃទី 15 ខែ តុលា ឆ្នាំ2019 10:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។

ប្រជានុរាស្ត្រខ្មែរទូទាំងនគរចងចាំមិនភ្លេចឡើយនូវវេលានេះកាលពី៧ឆ្នាំមុន និងមានការសោកស្តាយជាអនេកដែលបាត់បង់ព្រះមហាវីរក្សត្រដ៏ឆ្នើមនៃព្រះរាជាណាចក្រកម្ពុជា។

កូន ចៅ ចៅទួតទាំងអស់ក៏មិនភ្លេចដែរនូវគុណបំណាច់ ស្នាព្រះហស្ថរបស់សម្តេចឪ សម្តេចតា សម្តេចតាទួតចំពោះប្រជារាស្ត្រខ្មែរនិងប្រទេសខ្មែរទាំងមូល គឺជោគជ័យនៃកម្ពុជាក្នុងការដណ្តើមយកឯករាជ្យជាតិជាផ្លូវការពីអាណានិគមនិយមបារាំងសេសនាឆ្នាំ១៩៥៤ ធ្វើឱ្យកម្ពុជាទទួលបានសិទ្ធិសេរីភាពពេញលេញក្នុងការសម្រេចជោគវាសនាប្រទេសខ្លួនដោយខ្លួនឯង។

ដោយឡែកចំពោះវិស័យបេតិកភណ្ឌវិញ តាមរយៈតុលាការអន្តរជាតិទីក្រុងឡាអេ ព្រះអង្គក៏បានទាមទារប្រាសាទព្រះវិហារខ្មែរមកវិញពីឈ្លានពានរបស់ប្រទេសជិតខាងនាឆ្នាំ១៩៦២។ ពិសេសព្រះអង្គបានឡាយព្រះហស្ថលេខានៅឆ្នាំ១៩៩១ ក្នុងនាមកម្ពុជាបានអំពាវនាវដល់បណ្តាប្រទេសជាដៃគូអន្តរជាតិឱ្យជួយស្រោចស្រង់អង្គរដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារអាយុកាលនៃសំណង់ សង្គ្រាម និងជនទុច្ចរិតជួញដូរវត្ថុបុរាណ រហូតបានសម្រេចដាក់អង្គរចូលជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

សូមរំឭកដែរថា ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស. ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន៕














អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
“ក្នុងឆ្នាំ២០១៥កន្លងទៅនេះ មានភ្ញៀវបរទេស និងខ្មែរមកទស្សនាអង្គរជាង៤លាននាក់ បើក្នុងចំណោមនោះ មានតែមួយលាននាក់មកប៉ះចម្លាក់តែមួយនោះ ប្រហែលមួយរយឬពីររយឆ្នាំក្រោយ កូនចៅយើងនឹងលែងបានប៉ះឬលែងបានឃើញទៀតហើយ។ នេះជាករណីមួយដែលយើងត្រូវតែគិតគូរអំពីការថែរក្សាអង្គររបស់យើង”។ នេះជាសម្តីដាស់តឿនដែលលើកឡើងដោយ លោកស្រី អ៊ុំ ម៉ារ៉ាឌី អនុប្រធានទទួលបន្ទុករួមនៃនាយកដ្ឋានគ្រប់គ្រងទេសចរណ៍អង្គរ នៅចំពោះមុខនិស្សិតជាង១០០នាក់នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ (USEA) ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។
ដោយមើលឃើញពីផលវិបាកនិងផលប៉ះពាល់ដល់សុខភាពប្រជាជន សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍធនធានមនុស្ស បរិស្ថាន និងវិស័យទេសចរណ៍នៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាមួយស្តីអំពី «ទឹកស្អាតនិងអនាម័យ» ក្នុង គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹកនិងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិង មន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាសហការគ្នាជាមួយអភិបាលស្រុក មេឃុំ មេភូមិបានចុះទៅផ្សព្វផ្សាយពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌ និងកិច្ចការងារផ្សេងៗមួយចំនួនទៀតដល់ប្រជាពលរដ្ឋនៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រៅពីការងារអភិរក្ស រៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារសហគមន៍ បានចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ផលលំបាក និងជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាជនដោយផ្ទាល់ដល់មូលដ្ឋាន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
1139
ម្សិលមិញ
:
8347
សប្តាហ៍នេះ
:
29774
ខែនេះ
:
0183283
សរុប
:
012952715