ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌាបើកសម្ពោធពិព័រណ៍ «ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា»

បានផ្សាយនៅ ថ្ងៃទី 12 ខែ តុលា ឆ្នាំ2019 07:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា។ ពិធីនេះ មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។

មានប្រសាសន៍ក្នុងពិធីបើកពិព័រណ៍នោះ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ការរៀបចំពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា នេះឡើងក្នុងបំណងរំឭកដល់ខួបនៃការកើតរបស់មហាត្មៈគន្ធី (១៨៦៩- ១៩៤៨) ដែលមកដល់ពេលនេះគឺមានរយៈពេល១៥០ឆ្នាំហើយ។ លោកជំទាវបន្តថា ក្នុងនាមជាអ្នកដឹកនាំម្នាក់ លោកមហាត្មះ គន្ធី បានកែប្រែជោគវាសនារបស់ប្រទេសមួយដែលមានប្រជាជនច្រើន មានពូជសាសន៍ ភាសា វប្បធម៌ និងវណ្ណៈ ខុសគ្នានៅលើទឹកដីមួយដ៏ធំធេង។ បន្ថែមពីនេះ លោកជំទាវឯកអគ្គរដ្ឋទូត ថា បដិវត្តន៍ដ៏អស្ចារ្យបំផុតប្រចាំសតវត្សរ៍ប្រឆាំងទៅនឹងការធ្វើអណានិគម ការរើសអើងពូជសាសន៍ និងការកៀងប្រវ័ញ្ចត្រូវបានធ្វើឡើងតាមរយៈការធ្វើបដិវត្តន៍សម្លៀកបំពាក់ ដោយក្នុងនោះលោកមហាត្មះ គន្ធី ដែលជាវីរៈបុរសឥណ្ឌា បានឱ្យប្រជាជនត្បាញក្រណាត់សម្រាប់ស្លៀកពាក់ដោយខ្លួនឯង ដោយមិនត្រូវលក់វត្ថុធាតុដើមឱ្យទៅប្រទេសអាណានិគមលើស្រុកខ្លួន ដែលគេផលិតដោយម៉ាស៊ីន រួចយកផលិតផលសម្រេចមកលក់ឱ្យប្រជាជនឥណ្ឌាវិញក្នុងតម្លៃថោកជាងផលិតផលក្នុងស្រុក។

ជាមួយគ្នានេះ ដោយជំទាវ Manika Jain ពន្យល់ទៀតថា ការស្លៀកពាក់គឺបង្ហាញពីខ្លួនឯង ថាយើងជាអ្នកណា របៀបស្លៀកពាក់មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណខ្លួនយើងប៉ុណ្ណោះទេ តែវាបានបង្ហាញអាកប្បកិរិយា និងទំនាក់ទំនងរបស់យើងទៅអ្នកដទៃផងដែរ។

មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម ស៊ុន សេងហ៊ួត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានវាយតម្លៃខ្ពស់ចំពោះពិព័រណ៍ ខាឌី របស់ឥណ្ឌានៅពេលនេះ។ ឯកឧត្តមថា កម្ពុជាមានមោទកភាពណាស់ដែលស្ថានទូតឥណ្ឌាធ្វើពិព័រណ៍នេះឡើង ដែលបានបង្ហាញពីស្នាដៃ សិល្បៈត្បាញក្រណាត់ដ៏ទំនើបមួយ ដែលរក្សាបានជាយូរ និងជាគំនិតផ្តួចផ្តើមរបស់លោកមហាត្មះ គន្ធី។ មន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម យល់ថា ជាការសំខាន់ដែលប្រជាជនមួយ ប្រើប្រាស់ផលិតផលដែលកើតចេញពីការខិតខំប្រឹងប្រែងដោយស្នាដៃប្រជាជនខ្លួនបែបនេះ ហើយនេះបង្ហាញពីការរក្សាប្រពៃណី ធ្វើបាននូវប្រភពគំនិតមួយ រក្សាប្រពៃណី ប្រើប្រាស់របស់ឥណ្ឌា ដែលច្នៃដោយឥណ្ឌា។

គួរបញ្ជាក់ថា ពិព័រណ៍ជាលើកទី១នេះ រៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែតុលា នៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី ដែលសាធារណជនអាចចូលទស្សនាបានដោយសេរី ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៧ល្ងាច៕

























អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។
ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។
នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
96193
ម្សិលមិញ
:
84683
សប្តាហ៍នេះ
:
321495
ខែនេះ
:
0625003
សរុប
:
015067845