ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌាបើកសម្ពោធពិព័រណ៍ «ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា»

បានផ្សាយនៅ ថ្ងៃទី 12 ខែ តុលា ឆ្នាំ2019 07:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា។ ពិធីនេះ មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។

មានប្រសាសន៍ក្នុងពិធីបើកពិព័រណ៍នោះ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ការរៀបចំពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា នេះឡើងក្នុងបំណងរំឭកដល់ខួបនៃការកើតរបស់មហាត្មៈគន្ធី (១៨៦៩- ១៩៤៨) ដែលមកដល់ពេលនេះគឺមានរយៈពេល១៥០ឆ្នាំហើយ។ លោកជំទាវបន្តថា ក្នុងនាមជាអ្នកដឹកនាំម្នាក់ លោកមហាត្មះ គន្ធី បានកែប្រែជោគវាសនារបស់ប្រទេសមួយដែលមានប្រជាជនច្រើន មានពូជសាសន៍ ភាសា វប្បធម៌ និងវណ្ណៈ ខុសគ្នានៅលើទឹកដីមួយដ៏ធំធេង។ បន្ថែមពីនេះ លោកជំទាវឯកអគ្គរដ្ឋទូត ថា បដិវត្តន៍ដ៏អស្ចារ្យបំផុតប្រចាំសតវត្សរ៍ប្រឆាំងទៅនឹងការធ្វើអណានិគម ការរើសអើងពូជសាសន៍ និងការកៀងប្រវ័ញ្ចត្រូវបានធ្វើឡើងតាមរយៈការធ្វើបដិវត្តន៍សម្លៀកបំពាក់ ដោយក្នុងនោះលោកមហាត្មះ គន្ធី ដែលជាវីរៈបុរសឥណ្ឌា បានឱ្យប្រជាជនត្បាញក្រណាត់សម្រាប់ស្លៀកពាក់ដោយខ្លួនឯង ដោយមិនត្រូវលក់វត្ថុធាតុដើមឱ្យទៅប្រទេសអាណានិគមលើស្រុកខ្លួន ដែលគេផលិតដោយម៉ាស៊ីន រួចយកផលិតផលសម្រេចមកលក់ឱ្យប្រជាជនឥណ្ឌាវិញក្នុងតម្លៃថោកជាងផលិតផលក្នុងស្រុក។

ជាមួយគ្នានេះ ដោយជំទាវ Manika Jain ពន្យល់ទៀតថា ការស្លៀកពាក់គឺបង្ហាញពីខ្លួនឯង ថាយើងជាអ្នកណា របៀបស្លៀកពាក់មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណខ្លួនយើងប៉ុណ្ណោះទេ តែវាបានបង្ហាញអាកប្បកិរិយា និងទំនាក់ទំនងរបស់យើងទៅអ្នកដទៃផងដែរ។

មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម ស៊ុន សេងហ៊ួត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានវាយតម្លៃខ្ពស់ចំពោះពិព័រណ៍ ខាឌី របស់ឥណ្ឌានៅពេលនេះ។ ឯកឧត្តមថា កម្ពុជាមានមោទកភាពណាស់ដែលស្ថានទូតឥណ្ឌាធ្វើពិព័រណ៍នេះឡើង ដែលបានបង្ហាញពីស្នាដៃ សិល្បៈត្បាញក្រណាត់ដ៏ទំនើបមួយ ដែលរក្សាបានជាយូរ និងជាគំនិតផ្តួចផ្តើមរបស់លោកមហាត្មះ គន្ធី។ មន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម យល់ថា ជាការសំខាន់ដែលប្រជាជនមួយ ប្រើប្រាស់ផលិតផលដែលកើតចេញពីការខិតខំប្រឹងប្រែងដោយស្នាដៃប្រជាជនខ្លួនបែបនេះ ហើយនេះបង្ហាញពីការរក្សាប្រពៃណី ធ្វើបាននូវប្រភពគំនិតមួយ រក្សាប្រពៃណី ប្រើប្រាស់របស់ឥណ្ឌា ដែលច្នៃដោយឥណ្ឌា។

គួរបញ្ជាក់ថា ពិព័រណ៍ជាលើកទី១នេះ រៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែតុលា នៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី ដែលសាធារណជនអាចចូលទស្សនាបានដោយសេរី ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៧ល្ងាច៕

























អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
ក្រោមកិច្ចសហការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ប្រាសាទភ្នំបាខែងដែលរងការខូចខាតទ្រុឌទ្រោមមួយផ្នែកធំ កំពុងត្រូវបានជួសជុលស្តារឡើងវិញ ដោយស្ថាប័នមូលនិធិប្រាសាទពិភពលោក (World Monument Fund-WMF) ដែលបានទទួលជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា។ គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤មក ហើយអាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០។
បញ្ហាបរិស្ថាន ជាបញ្ហាចោទសំខាន់មួយនាពេលបច្ចុប្បន្ន ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងន់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ នេះក៏ព្រោះតែការកើនឡើងនៃចំនួនមនុស្ស កំណើនតម្រូវការប្រើប្រាស់ ការអភិវឌ្ឍសង្គម ទម្លាប់មិនល្អក្នុងការរស់នៅ ខ្វះការយល់ដឹងបញ្ហាបរិស្ថាន និងកត្តារួមផ្សំជាច្រើនផ្សេងទៀត។
អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (Institute of Southeast Asian Studies, Singapore) បានសហការរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីការស្រាវជ្រាវផ្នែកបុរាណវិទ្យានិងប្រវត្តិសាស្ត្រកម្ពុជានិងសិង្ហបុរី ដល់សិក្ខាកាមជាតិ-អន្តរជាតិរយៈពេល២៥ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។
រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌរស់របស់មនុស្សជាតិ។ រមណីយដ្ឋាននេះមិនមានត្រឹមតែប្រាង្គប្រាសាទ ព្រៃព្រឹក្សាប៉ុណ្ណោះទេ តែក៏មានមនុស្សរស់នៅប្រកបមុខរបរចិញ្ចឹមជីវិត និងរក្សាទំនៀមទម្លាប់ប្រពៃណីយ៉ាងល្អទៀតផង។ អ្នកស្រុកដែលរស់នៅក្នុងតំបន់រមណីយដ្ឋានពិភពលោកនេះ គេច្រើនហៅថា អ្នកអង្គរ។ ក្រៅពីមុខរបរជាកសិករ អ្នកអង្គរច្រើនតែមានមុខរបរទៀត ដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ដូចជា កម្មករជួសជុលប្រាសាទ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារការពារព្រៃឈើជុំវិញអង្គរជាដើម។
ប្រាសាទតានៃ គឺជាប្រាសាទមួយដែលមានទេសភាព និងរចនាប័ទ្មដ៏ស្រស់ស្អាត សាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះស្ថិតនៅក្នុកណ្តាលព្រៃយ៉ាងស្ងាត់ជ្រងំ និងផ្លូវចូលជាច្រកផ្លូវលំតូចមួយនោះ ដូច្នេះមិនសូវមានអ្នកទេសចរច្រើនទេ ដែលបានទៅដល់ប្រាសាទមួយនេះ។ ប្រាសាទតានៃ មានទីតាំងនៅខាងកើតប្រាសាទតាកែវ ឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
3540
ម្សិលមិញ
:
14627
សប្តាហ៍នេះ
:
121007
ខែនេះ
:
0238306
សរុប
:
011700902