ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌាបើកសម្ពោធពិព័រណ៍ «ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា»

បានផ្សាយនៅ ថ្ងៃទី 12 ខែ តុលា ឆ្នាំ2019 07:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា។ ពិធីនេះ មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។

មានប្រសាសន៍ក្នុងពិធីបើកពិព័រណ៍នោះ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ការរៀបចំពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា នេះឡើងក្នុងបំណងរំឭកដល់ខួបនៃការកើតរបស់មហាត្មៈគន្ធី (១៨៦៩- ១៩៤៨) ដែលមកដល់ពេលនេះគឺមានរយៈពេល១៥០ឆ្នាំហើយ។ លោកជំទាវបន្តថា ក្នុងនាមជាអ្នកដឹកនាំម្នាក់ លោកមហាត្មះ គន្ធី បានកែប្រែជោគវាសនារបស់ប្រទេសមួយដែលមានប្រជាជនច្រើន មានពូជសាសន៍ ភាសា វប្បធម៌ និងវណ្ណៈ ខុសគ្នានៅលើទឹកដីមួយដ៏ធំធេង។ បន្ថែមពីនេះ លោកជំទាវឯកអគ្គរដ្ឋទូត ថា បដិវត្តន៍ដ៏អស្ចារ្យបំផុតប្រចាំសតវត្សរ៍ប្រឆាំងទៅនឹងការធ្វើអណានិគម ការរើសអើងពូជសាសន៍ និងការកៀងប្រវ័ញ្ចត្រូវបានធ្វើឡើងតាមរយៈការធ្វើបដិវត្តន៍សម្លៀកបំពាក់ ដោយក្នុងនោះលោកមហាត្មះ គន្ធី ដែលជាវីរៈបុរសឥណ្ឌា បានឱ្យប្រជាជនត្បាញក្រណាត់សម្រាប់ស្លៀកពាក់ដោយខ្លួនឯង ដោយមិនត្រូវលក់វត្ថុធាតុដើមឱ្យទៅប្រទេសអាណានិគមលើស្រុកខ្លួន ដែលគេផលិតដោយម៉ាស៊ីន រួចយកផលិតផលសម្រេចមកលក់ឱ្យប្រជាជនឥណ្ឌាវិញក្នុងតម្លៃថោកជាងផលិតផលក្នុងស្រុក។

ជាមួយគ្នានេះ ដោយជំទាវ Manika Jain ពន្យល់ទៀតថា ការស្លៀកពាក់គឺបង្ហាញពីខ្លួនឯង ថាយើងជាអ្នកណា របៀបស្លៀកពាក់មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណខ្លួនយើងប៉ុណ្ណោះទេ តែវាបានបង្ហាញអាកប្បកិរិយា និងទំនាក់ទំនងរបស់យើងទៅអ្នកដទៃផងដែរ។

មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម ស៊ុន សេងហ៊ួត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានវាយតម្លៃខ្ពស់ចំពោះពិព័រណ៍ ខាឌី របស់ឥណ្ឌានៅពេលនេះ។ ឯកឧត្តមថា កម្ពុជាមានមោទកភាពណាស់ដែលស្ថានទូតឥណ្ឌាធ្វើពិព័រណ៍នេះឡើង ដែលបានបង្ហាញពីស្នាដៃ សិល្បៈត្បាញក្រណាត់ដ៏ទំនើបមួយ ដែលរក្សាបានជាយូរ និងជាគំនិតផ្តួចផ្តើមរបស់លោកមហាត្មះ គន្ធី។ មន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម យល់ថា ជាការសំខាន់ដែលប្រជាជនមួយ ប្រើប្រាស់ផលិតផលដែលកើតចេញពីការខិតខំប្រឹងប្រែងដោយស្នាដៃប្រជាជនខ្លួនបែបនេះ ហើយនេះបង្ហាញពីការរក្សាប្រពៃណី ធ្វើបាននូវប្រភពគំនិតមួយ រក្សាប្រពៃណី ប្រើប្រាស់របស់ឥណ្ឌា ដែលច្នៃដោយឥណ្ឌា។

គួរបញ្ជាក់ថា ពិព័រណ៍ជាលើកទី១នេះ រៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែតុលា នៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី ដែលសាធារណជនអាចចូលទស្សនាបានដោយសេរី ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៧ល្ងាច៕

























អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីអ្នកបន្តវេនផ្នែកអភិរក្សទេសភាពវប្បធម៌អង្គរ ក្រោមប្រធានបទ “ ការបង្ការហានីភ័យដើមឈើក្នុងឧទ្យានអង្គរ” ដល់មន្រ្តី-បុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ ដែលសរុបអ្នកចូលរួមចំនួន២០នាក់។
នៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ទី៣០ ខែវិច្ឆកា ឆ្នាំ២០១៩ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សារមន្ទីរវិទ្យានិងពុទ្ធសាសនា» រយៈពេល៥ថ្ងៃ ដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាដែលកំពុងបម្រើការនៅសារមន្ទីរ បង្រៀនដោយលោកសាស្រ្តាចារ្យ Darry Collins ដែលមានបទពិសោធន៍លើវិស័យសារមន្ទីរអស់រយៈពេលជាង៣០ឆ្នាំមកហើយ។
ប្រតិភូសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម លោក NGUYEN GIANG HAI ក្នុងដំណើរទស្សនាកិច្ចសិក្សានៅអង្គរ ដើម្បីពិភាក្សាការងារសហការទៅអនាគតជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សា នឹងធ្វើបាឋកថាអំពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» ដែលរៀបចំឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង១១:០០នាទីព្រឹក នៅសាលសន្និសីទអង្គរ។
ដោយសារកត្តាធម្មជាតិ ភ្លៀង ខ្យល់ កម្តៅថ្ងៃ រុក្ខជាតិ និងអាយុកាលនៃថ្មបានធ្វើឱ្យប្រាសាទបុរាណជាច្រើនបាក់បែក ដួលរលំ និងមានតម្រូវខ្ពស់ឱ្យក្នុងការទល់ទ្រឬជួសជុលឡើងវិញដើម្បីអភិរក្សសំណង់ប្រាសាទបុរាណទាំងនោះបានទាន់ពេលវេលា។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរអប្សរាបានបង្កើតកម្មវិធីបណ្តុះបណ្តាលជាច្រើនដើម្បីអភិវឌ្ឍន៍ធនធានមនុស្សជាអ្នកបន្តវេននាពេលអនាគត។
ក្រុមអ្នកជំនាញអភិរក្សនៃអាជ្ញាធរជាតិអប្សរាចំនួន១៥នាក់ បានទទួលការបណ្តុះបណ្តាលជំនាញអភិរក្សគំនូរលើជញ្ជាំងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ពីអ្នកជំនាញឥណ្ឌា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
9517
ម្សិលមិញ
:
16199
សប្តាហ៍នេះ
:
25716
ខែនេះ
:
0157842
សរុប
:
009626599