ព័ត៌មានថ្មីៗ

លទ្ធផលគំហើញនៃកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី

បានផ្សាយនៅ ថ្ងៃទី 23 ខែ សីហា ឆ្នាំ2019 09:51 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី បានចាប់ផ្តើមឡើងនៅថ្ងៃទី១០ និងបញ្ចប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីដឹងអំពីការវិវឌ្ឍនៃរចនាសម្ពន្ធ និងទំនាក់ទំនងរបស់សំណង់នីមួយៗ ព្រមទាំងការបណ្ដុះបណ្ដាលដល់និស្សិតមហាវិទ្យាល័យបុរាណវិទ្យា និងស្ថាបត្យកម្ម ក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យសូហ្វីយ៉ា។

លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានឱ្យដឹងថា នៅឆ្នាំ២០១៩ យើងបានធ្វើកំណាយនៅទីតាំងនៃសំណង់មួយហៅថា «ខឿនព្រះពុទ្ធសាសនា» ក្នុងគោលបំណងចង់បញ្ជាក់បន្ថែមលើកំណាយកាលពីឆ្នាំ១៩៩៥និង១៩៩៦ ដែលបានធ្វើនៅផ្នែកខាងលិចនៃខឿនព្រះពុទ្ធសាសនានេះ។ កាលនោះបានប្រទះឃើញកោដ្ឋដាក់ឆ្អឹងខ្លះដែលជាភាជន៍ចិនផលិតក្នុងរវាងស.វ.ទី១៦និង១៧។ លើកនេះ យើងបើករណ្ដៅធ្វើកំណាយនៅផ្នែកខាងកើត ដើម្បីចង់ដឹងថា តើមានកោដ្ឋដែលគេយកមកបញ្ចុះនៅទីតាំងខឿនព្រះពុទ្ធសាសនានេះទៀតដែរឬទេ? ហើយក៏ចង់ស្វែងយល់អំពីទំនាក់ទំនងនៃរចនាសម្ពន្ធរបស់ខឿនព្រះពុទ្ធសាសនា និងសំណង់ថ្មបាយក្រៀម (យើងឱ្យឈ្មោះថា C19) រួមទាំងសំណង់មួយទៀតដែលយើងមិនទាន់ដឹងអំពីតួនាទីពិតប្រាកដ។ ថ្វីត្បិតយើងមិនអាចកំណត់កាលបរិច្ឆេទនៃសំណង់ C19 ក្ដី ប៉ុន្តែយើងយល់ថា វាសាងមុនខឿនព្រះពុទ្ធសាសនា នេះបើពិនិត្យមើលលើស្ថានភាពគ្រឹះនៃសំណង់ដែលយើងធ្វើកំណាយឃើញ។ យើងនឹងធ្វើកំណាយបញ្ជាក់ម្ដងទៀតនៅឆ្នាំក្រោយ ដើម្បីស្វែងយល់លម្អិតអំពីរចនាសម្ពន្ធរបស់សំណង់ទាំងពីរនេះ។

លោក សុធាវិន្ទ បញ្ជាក់ទៀតថា កំណាយលើកនេះ យើងបានប្រទះឃើញកោដ្ឋចំនួន៣ ចានដាក់ឆ្អឹងចំនួន៣ និងដបដាក់ទឹកចំនួន៤ (បើពង្រីករណ្ដៅកំណាយអាចមានច្រើនទៀត) ដែលគេយកមកបញ្ចុះនៅទីតាំងនៃខឿនព្រះពុទ្ធសាសនានេះ។ បើពិនិត្យលើការបញ្ចុះដោយមានដាក់ដបទឹក និងប្រភេទកោដ្ឋ គឺជារបស់ថ្មីទេ អាចក្នុងរវាង៤០ទៅ៦០ឆ្នាំប៉ុណ្ណោះ។ យោងតាមអ្នកភូមិរហាល ពួកគាត់ថានៅក្នុងទសវត្សឆ្នាំ១៩៨០ មានអ្នកភូមិរហាល និងស្រះស្រង់ (ភូមិនៅក្បែរប្រាសាទ) បានយកកោដ្ឋមកបញ្ចុះនៅទីនេះ ខ្លះយកទៅបញ្ចុះនៅអង្គរវត្ត។ កាលពីទសវត្សឆ្នាំ១៩៧០ ពេលដែលមានការទម្លាក់គ្រាប់បែកខ្លាំង អ្នកភូមិនៅក្បែរបន្ទាយក្ដីក៏បាននាំគ្នាមករស់នៅក្នុងបរិវេណប្រាសាទនេះច្រើន ដើម្បីសុវត្ថិភាព។ ពេលនោះក៏មានគេយកកោដ្ឋសាច់ញាតិមកបញ្ចុះនៅជុំវិញខឿនព្រះព្រះពុទ្ធសាសនានេះដែរ។ រហូតដល់សព្វថ្ងៃ ពេលចូលឆ្នាំខ្មែរ និងមុនភ្ជុំបិណ្ឌ អ្នកភូមិតែងតែមករៀបចំពិធីនៅទីនេះ ដើម្បីរំឭកដល់សាច់ញាតិដែលបានចែកស្ថានទៅ។ ក្រុមការងារក៏នឹងស្រាវជ្រាវបន្តរកសាច់ញាតិដែលបានយកកោដ្ឋមកបញ្ចុះនៅទីតាំងនេះ ដើម្បីដឹងព័ត៌មានលម្អិតក្រោយចប់កំណាយ។

សូមបញ្ជាក់ថា ក្នុងរយៈពេលជិត៣០ឆ្នាំនេះ យើងបានយល់អំពីការវិវឌ្ឍន៍និងសម័យកាលរបស់រចនាសម្ពន្ធនៃសំណង់នីមួយៗ។ ទោះបីសំណង់នៃប្រាសាទបន្ទាយក្ដីបានសាងឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វទី១២ក្ដី ប៉ុន្តែយើងបានរកឃើញរចនាសម្ពន្ធនៃសំណង់ខ្លះនៅស.វ.ទី១០ និងទី១១ដែរ។ បើយោងតាមសិលាចារឹកស្ដុកកក់ធំ (K.235) ចារនៅក្នុងឆ្នាំ១០៥១គ.ស ទីតាំងនៃប្រាសាទនេះមានមនុស្សមកតាំងទីបង្កើតជាភូមិ ស្រុកនៅដើមស.វទី៩ ដែលសូម្បីតែឈ្មោះនៃប្រាសាទនេះ "ក្ដី" ក៏មានចារនៅក្នុងសិលាចារឹកស្ដុកកក់ធំ និងសិលាចារឹកប្រាសាទបាតជុំ (K.266) ដែរ។ ក្រៅពីនេះយើងក៏បានធ្វើកំណាយរកឃើញវត្ថុសិល្បៈជាច្រើននៅក្នុងបរិវេណបន្ទាយក្ដី ជាពិសេសនៅឆ្នាំ២០០០និង២០០១ យើងបានធ្វើកំណាយរកឃើញប្រតិមាព្រះពុទ្ធរូបចំនួន២៧៤បំណែក ហើយនៅឆ្នាំ២០១០ រកឃើញចំនួន៦បំណែកទៀត ដែលសព្វថ្ងៃប្រតិមាទាំងនោះដាក់តាំងនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ៕
















អត្ថបទ៖ លោក ញឹម សុធាវិន្ទ
កែសម្រួល៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ញឹម សុធាវិន្ទ / លោក ហាប់ គឹមអាន / លោក សឿន ប៊ុនស៊រ
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូនៃគណៈកម្មការទី៧នៃព្រឹទ្ធសភា ដឹកនាំដោយប្រធានគណៈកម្មការឯកឧត្តម ម៉ុម ជឹមហ៊ុយ, ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធាន, ឯកឧត្តម សុខ យាត និងឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកគណៈកម្មការ បានចុះស្វែងយល់ពីការងារទូទៅនៅអាជ្ញាធរជាតិអប្សរា។ បេសកកម្មរបស់គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មីៗ និងបញ្ហាប្រឈមរបស់អាជ្ញាធរជាតិអប្សរា។
ជំនឿនៃការលាបំណន់
( ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2019 )
បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។
ដើមដំបូងមុន12345...246247បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1907
ម្សិលមិញ
:
13678
សប្តាហ៍នេះ
:
42985
ខែនេះ
:
0125940
សរុប
:
009085511