ព័ត៌មានថ្មីៗ

យុវជនទទួលចំណេះដឹងច្រើនពីការគ្រប់គ្រងរមណីយដ្ឋានអង្គរ ក្រោយពីបានបញ្ចប់កម្មវិធីយុវជនស្ម័គ្រចិត្តសម្រាប់បេតិកភណ្ឌពិភពលោក នៅអង្គរ

បានផ្សាយនៅ ថ្ងៃទី 19 ខែ សីហា ឆ្នាំ2019 09:24 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តាមរយៈកម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌពិភពលោកនៅអង្គរ យុវជន១៨នាក់ មកពី៨ប្រទេស រួមមានកម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូឡុំប៊ី ប៊ុលហ្ការី ឥណ្ឌា និងចិន បានទទួលការបណ្តុះបណ្តាលអំពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងបានធ្វើការផ្លាស់ប្តូរបទពិសោធន៍យ៉ាងច្រើនពាក់ព័ន្ធនឹងជាមួយវិស័យបេតិកភណ្ឌ ក៏ដូចជាការងារចូលរួមជាមួយសហគមន៍។

កញ្ញា Juanita Erasso យុវជនស្ម័គ្រចិត្តមកពីប្រទេស Colombia បានឱ្យដឹងថា នេះជាលើកទីមួយហើយដែលកញ្ញាបានចូលរួមជាយុវជនស្ម័គ្រចិត្តនៅរមណីយដ្ឋានអង្គរ និងបានស្វែងយល់អំពីការគ្រប់គ្រង ជួសជុល អភិរក្ស សហគមន៍ និងយល់ដឹងពីក្រមប្រតិបត្តិអង្គរដែលជាចំណុចដែលទេសចរគ្រប់រូបត្រូវប្រតិបត្តិ។ កញ្ញាបន្តថា រមណីយដ្ឋានអង្គរជាបុរាណដ្ឋានបុរាណវិទ្យាមានវិសាលភាពធំមួយ ហើយនៅទីនេះមានប្រជាជនរស់នៅ បន្តគោរពប្រតិបត្តិនូវជំនឿសាសនារបស់ខ្លួនយ៉ាងរស់រវើក។ រីឯការគ្រប់គ្រងបេតិកភណ្ឌវិញ មានភាពខុសគ្នាពីប្រទេស Colombia តែស្ថិតក្នុងគោលដៅថែរក្សាបេតិកភណ្ឌមនុស្សជាតិតែមួយ ហើយកញ្ញានឹងយកបទពិសោធន៍ដ៏ល្អនេះទៅចែករំលែកនៅប្រទេសរបស់ខ្លួនលើវិស័យបេតិកភណ្ឌ។

លោក ជុំ សៀកហ៊ យុវជនស្ម័គ្រចិត្តមកពីមន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថាតាមរយៈវគ្គបណ្តុះបណ្តាលនេះក្រុមយុវជនបានទៅស្វែងយល់តាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ ហើយទីតាំងនីមួយៗខុសប្លែកគ្នា តួយ៉ាងការជួសជុលប្រាសាទឥដ្ឋ ជួសជុលថ្ម ការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ការអភិរក្សកុលាលភាជន៍ និងសហគមន៍ជាដើម។ លោកបន្តថា វគ្គបណ្តុះបណ្តាលបានផ្តល់នូវចំណេះដឹងជាច្រើន ជាពិសេសអំពីវិធីសាស្រ្តជួសជុលដែលមានលក្ខណៈស្មុគ្រស្មាញដែលកន្លងលោកមិនធ្លាប់ដឹង ហើយសកម្មភាពទាំងនោះកាន់តែជំរុញទឹកចិត្តយុវជនឱ្យស្រលាញ់មរតកដូនតាថែមទៀត។ លោកបន្ថែមទៀតថា នឹងយកចំណេះដឹងទាំងនោះទៅប្រើជាប្រយោជន៍នៅស្ថាប័នរបស់លោក និងសូមឱ្យមានកម្មវិធីនេះជាបន្តបន្ទាប់ដើម្បីបង្កើនទំនាក់ទំនងរវាងយុវជន និងយុវជនជាលក្ខណៈសកល។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ព្រមទាំងអ្នកជំនាញដែលបានចូលរួមជាផ្នែកមួយសម្រាប់កម្មវិធីនេះឱ្យបានដំណើរការរលូនក្នុងគោលបំណងថែរក្សា ការពារសម្បត្តិបេតិកភណ្ឌ និងការចង់ចេះចង់របស់យុវជនដឹងអំពីការងាររៀបចំតំបន់បេតិកភណ្ឌពិភពលោកដែលស្ថិតក្រោមសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា។

ឯកឧត្តមជឿជាក់ថា ពេលមនុស្សស្គាល់អ្វីមួយច្បាស់ គេនឹងចាប់ផ្ដើមស្រលាញ់ និងគោរព ពេលនោះគេនឹងមានចិត្តចង់ការពារឱ្យគង់វង្សយូរអង្វែង និងចែករំលែកដល់អ្នកដទៃឱ្យបានយល់ដែរ។ ហេតុដូច្នេះបានជាមានការរៀបចំកម្មវិធីនេះដើម្បីឱ្យយុវជនបានយល់ពីតំម្លៃអង្គរ និងរឿងរ៉ាវនានាដែលនៅពីក្រោយភាពដ៏អស្ចារ្យនេះ។ ជាគំនិតស្នូល មិនសម្រាប់តែអង្គរប៉ុណ្ណោះទេ គឺសម្រាប់តំបន់បេតិកភណ្ឌនៅជុំវិញពិភពលោក ដែលយើងគ្រប់គ្នាគួរតែស្វែងយល់។ ឯកឧត្តមក៏បានសំណូមពរឲ្យយុវជនទាំងនោះ ពេលត្រលប់ទៅវិញ នឹងចែករំលែកបទពិសោធន៍ និងចំណេះដឹងពីទីនេះ ទៅកាន់គ្រួសារ មិត្តភក្តិ និងសហគមន៍របស់ពួកគេ។

សូមបញ្ចាក់ដែរថា កម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌពិភពលោកនៅអង្គរ មានរយៈពេល១៣ថ្ងៃ ថ្ងៃទី៧-១៩ ខែសីហា ឆ្នាំ២០១៩ តាមរយៈកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការងារអភិរក្ស និងគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកអង្គរ តាមរយៈអ្នកជំនាញអាជ្ញាធរជាតិអប្សរាទៅដល់យុវជនជំនាន់ក្រោយ៕


















អត្ថបទ៖ លោក យីសុថា រូបភាព៖ លោក ហ៊ុំ រិទ្ធី
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូនៃគណៈកម្មការទី៧នៃព្រឹទ្ធសភា ដឹកនាំដោយប្រធានគណៈកម្មការឯកឧត្តម ម៉ុម ជឹមហ៊ុយ, ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធាន, ឯកឧត្តម សុខ យាត និងឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកគណៈកម្មការ បានចុះស្វែងយល់ពីការងារទូទៅនៅអាជ្ញាធរជាតិអប្សរា។ បេសកកម្មរបស់គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មីៗ និងបញ្ហាប្រឈមរបស់អាជ្ញាធរជាតិអប្សរា។
ជំនឿនៃការលាបំណន់
( ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2019 )
បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។
ដើមដំបូងមុន12345...246247បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1881
ម្សិលមិញ
:
13678
សប្តាហ៍នេះ
:
42959
ខែនេះ
:
0125914
សរុប
:
009085485