ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងសាធារណជនបន្តដាំកូនឈើចំនួន៥០០០ពាន់ដើមនៅប្រាសាទបន្ទាយប្រីយ៍

បានផ្សាយនៅ ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ2019 10:43 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកអង្គារ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានបន្តដាំកូនឈើគ្រញូង និងគគីរចំនួន៥០០០ដើមនៅបរិវេណព្រៃខាងកើតប្រាសាទបន្ទាយប្រីយ៍ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប ព្រះសង្ឃ កាយរិទ្ធនារីកម្ពុជា លោកគ្រូអ្នកគ្រូ គរុសិស្ស និងពុទ្ធបរិស័ទប្រមាណជា៥០០អង្គ/នាក់។

ពិធីដាំដើមឈើនេះគឺធ្វើឡើងស្របពេលនឹងការប្រារព្ធពិធី «រុក្ខទិវា» ទូទាំងប្រទេស ដើម្បីបំផុសគំនិត និងដាស់តឿនស្មារតីមហាជនគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមដាំដើមឈើឡើងវិញ ជៀសវាងការកាប់បំផ្លាញព្រៃដែលជាជម្រកសត្វនិងជារនាំងការពារបុរាណដ្ឋានពីហានិភ័យនៃគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។

ក្នុងឱកាសនៃការដាំកូនឈើនោះ ព្រះតេជគុណ ពេជ្រ ដេវីត គង់នៅវត្តពោធិ៍លង្កា មានសង្ឃដីកាថា ដើមឈើពិតជាមានសារៈសំខាន់ណាស់ ព្រោះផ្តល់ជម្រកដល់មនុស្សសត្វ ផ្តល់ខ្យល់អាកាសបរិសុទ្ធ ជារនាំងបាំងខ្យល់ព្យុះ ការពារទឹកជំនន់ និងនាំទឹកភ្លៀងសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតសត្វលោក។ ព្រះអង្គក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គប្បីចូលរួមដាំដើមឈើទាំងអស់គ្នា ចូលរួមថែរក្សាការពារ ស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិឱ្យបានច្រើនជាជាងការកាប់បំផ្លាញ។

អ្នកមីង ចៅ តូច ប្រជាជនរស់នៅស្រុកប្រាសាទបាគងដែលជួយផ្គត់ផ្គង់ភេសជ្ជៈសម្រាប់អ្នកចូលរួមដាំដើមឈើទាំងអស់បង្ហាញនូវភាពរីករាយថា យើងដាំដើមឈើច្រើនគឺជួយដល់សង្គមជាតិទាំងមូលឱ្យមានភាពបៃតង ព្រោះដើមឈើផ្តល់ភ្លៀង ធ្វើឱ្យដំណាំបានផលល្អ សម្រស់ធម្មជាតិស្រស់ផូរផង់។ ប៉ុន្តែបើកាលណាគ្មានព្រៃឈើទេ វាធ្វើឱ្យដីស្ងួត គ្មានជីជាតិ អាកាសធាតុក៏ក្តៅ ឯការដាំដុះក៏មិនសូវបានផលច្រើនដែរ។

ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានប្រាប់ថា នេះជាលើកទី៥ហើយនៃយុទ្ធនាការដាំដើមឈើចំនួន៤០០០០ដើមនៅក្នុងរមណីយដ្ឋានអង្គរនារដូវវស្សាឆ្នាំ២០១៩នេះ។ បើគិតពីដើមឆ្នាំ២០១៩មកដល់ពេលនេះ យើងបានដាំដើមឈើចំនួន៧៣០០ដើមហើយ ហើយក៏បានចែកជូនកូនឈើដល់ប្រជាពលរដ្ឋចំនួន៣០៣៩៧ដើមដែរដែលនេះជាជោគជ័យមួយបង្ហាញអំពីការស្រឡាញ់បរិស្ថាន ស្រឡាញ់ធម្មជាតិ ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុផង និងការពារប្រាសាទបុរាណផង។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងបន្តបណ្តុះកូនឈើគ្រប់ប្រភេទរួមទាំងកូនឈើប្រណីត និងកូនឈើដែលងាយស្រួលដាំក្នុងគោលបំណងចែកជូនអង្គភាព ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានបំណងចង់យកទៅដាំតាមសហគមន៍ ភូមិស្រុក និងវត្តអារាមដើម្បីលើកស្ទួយភាពស្រស់បំព្រងនិងការពារគ្រោះធម្មជាតិផ្សេងៗក្នុងកន្លែងដែលខ្លួនរស់នៅ៕



























អត្ថបទ៖ កញ្ញា ឆាយ ផាន់នី         រូបភាព៖ លោក ហាប់ គឹមអាន/លោក សឿន ប៊ុនស៊រ
អាជ្ញាធរជាតិអប្សរានឹងរៀបចំបាឋកថាស្ដីអំពី «វប្បធម៌សំស្រ្កឹត និងការសិក្សានៅសម័យមុនអង្គរនិងសម័យអង្គរ» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នាវេលាម៉ោង៩ ដល់ម៉ោង១២ថ្ងៃត្រង់។ បាឋកថានេះ ធ្វើឡើងដោយបណ្ឌិត ឆោម គន្ធា អ្នកជំនាញផ្នែកសិលាចារឹករបស់អាជ្ញាធរជាតិអប្សរា។
នាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយកម្មវិធីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្ករ ISO14001 2015 រៀបចំកម្មវិធីអប់រំបរិស្ថានដើម្បីផ្សព្វផ្សាយ និងអប់រំផ្នែកបរិស្ថានដល់ពលករជួសជុលប្រាសាទ និងពលករសម្អាតក្នុងរមណីយដ្ឋានអង្គរ ៣គោលដៅដែលកំពុងប្រចាំការនៅវង់តូច វង់ធំ និងតំបន់រលួស សរុបប្រមាណ១៦០នាក់។
ព្រឹកថ្ងៃពុធ ៦រោជ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានអនុសាសន៍ដែលទទួលបានជាផ្លូវការតាមរយៈកិច្ចប្រជុំបច្ចេកទេសលើកទី៣២នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរកន្លងមក លើគោលដៅអនុវត្តការងារនៅតាមការដ្ឋានក្នុងតំបន់អង្គរទាំងផ្នែកអភិរក្ស និងអភិវឌ្ឍន៍។
រឿងរ៉ាវប្រវត្តិសាស្រ្ដខ្មែរជាច្រើនសន្ធឹក ត្រូវបានអ្នកស្រាវជ្រាវសិក្សាតាមរយៈវត្ថុតាងជាច្រើន ក្នុងនោះសិលាចារឹកក៏ជាភស្ដុតាងដ៏សំខាន់មួយដែរ។ សិលាចារឹកដែលចារដោយបុព្វបុរសខ្មែរ បានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែលអាចឱ្យមនុស្សសម័យថ្មីដឹងពីសាច់រឿងនិងរបៀបរស់នៅរបស់មនុស្សបុរាណ។ អ្នកសិក្សាស្រាវជ្រាវយល់ថា មនុស្សពីដើមចារអក្សរលើថ្មដើម្បីមូលហេតុសាសនា។
គ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាប្រចាំប្រទេសជប៉ុន TAISHUKAN (តៃស៊ូកាន់) បានស្នើសុំអ្នកស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ដើម្បីជ្រើសរើសអត្ថបទមួយដែលលទ្ធផលនៃកិច្ចការស្រាវជ្រាវអំពីបណ្តាញគមនាគមន៍បុរាណសម័យអង្គរ យកទៅប្រែសម្រួលបោះពុម្ពផ្សាយក្នុងសៀវភៅសិក្សាអប់រំថ្មី។ អត្ថបទដែលគ្រឹះស្ថាន TAISHUKAN ស្នើយកទៅបកប្រែនិងបោះពុម្ពនេះ គឺបានផ្សព្វផ្សាយនៅប្រទេសសិង្ហបុរីនៅឆ្នាំ២០១៦ មានចំណងជើងជាភាសាអង់គ្លេសថា «From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ពីបណ្ដាញផ្លូវសម័យអង្គរទៅកាន់ទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក៖ គម្រោងស្រាវជ្រាវទំនាក់ទំនងវប្បធម៌និងការអភិវឌ្ឍន៍ឆ្លងព្រំដែន»។
ដើមដំបូងមុន12345...237238បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
2683
ម្សិលមិញ
:
4193
សប្តាហ៍នេះ
:
13165
ខែនេះ
:
0080774
សរុប
:
008924917