ព័ត៌មានថ្មីៗ

ប្រវត្តិនៃការជួសជុលតារាជ

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ2019 02:49 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

«តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុនៃព្រហ្មមញ្ញសាសនា ដែលមានព្រះហស្ថ៨ រចនាបថបាយ័ន្ត កម្ពស់ជិត៤ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំ តម្កល់ទុកនៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។ ភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពនេះ ត្រូវបានព្រះមហាក្សត្រខ្មែរនិងប្រជាជនខ្មែរតាំងពីបុរាណ រហូតដល់បច្ចុប្បន្នគោរពបូជា មានជំនឿជាក់មុតមាំនឹងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គ ហើយចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃ។

បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា «តារាជ» នៅតែបង្ហាញរាងមាំទាំនិងពេញដោយតេជៈបារមី។ ទេពអង្គនេះ ក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីអ្នកជំនាញជាតិ-អន្តរជាតិ ដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាមស៊ីវិល និងការយារយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅជួញដូរដ៏គួរឱ្យខ្លោចផ្សារ។

ទាក់ទងនឹងការអភិរក្សឡើងវិញ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាអ្នកធ្លាប់រួមចំណែកជួសជុលតារាជកន្លងមក បានឱ្យដឹងថា មកដល់ពេលនេះ លោកតារាជ បានឆ្លងកាត់ប្រវត្តិជួសជុលច្រើនជំនាន់មកហើយ យោងទៅលើភស្តុងតាងបច្ចេកទេសអភិរក្សនិងសម្ភារៈនៅក្នុងរាងកាយដែលធ្លាប់ជួសជុលពីសម័យមុនៗ។

លោក ណារី បញ្ជាក់ថា ការជួសជុលតារាជ គឺមានតាំងពីចុងស.វ.ទី១៦ នៅលើជើងដែលបាក់ជាពីរកំណាត់ទាំងពីរ ព្រោះតាមការពិសោធរបស់អ្នកជំនាញឃើញថា សាច់ថ្មនៅជើងនិងដងខ្លួនមានគុណភាពផ្សេងគ្នា។ បញ្ហាបែកបាក់នេះកើតឡើងប្រហែលដោយសារអន្តរកាលផ្លាស់ប្តូរសាសនាពីព្រហ្មមញ្ញមកព្រះពុទ្ធ។

បន្តមកទៀត នៅសម័យបារាំងដោយមើលឃើញហានិភ័យនៃបដិមាទ្រេតផ្ងារទៅក្រោយរកដួលរលំ អ្នកជំនាញសាលាបារាំងចុងបូព៌ា ក៏បានជួសជុលឡើងវិញ ដោយការជីកបង្ហាប់ដី ពង្រឹងគ្រឹះដើម្បីតម្កល់ព្រះវិស្ណុឬតារាជឱ្យមានលំនឹង កាន់តែ រឹងមាំ ឡើងវិញ នាឆ្នាំ១៩៤៦។

ក្រោយមក នៅឆ្នាំ១៩៨៧-១៩៩៣ ដោយមានកិច្ចសហប្រតិបត្តិការរវាងអភិរក្សដ្ឋានអង្គរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយឥណ្ឌា ក៏បានធ្វើការជួសជុលផ្នែកខ្លះនៃព្រះហស្ថទាំងសងខាងដែលបែកបាក់ បាត់បង់ ដោយប្រើស៊ីម៉ង់តិ៍ជំនួស។ បើរំឭកកាលពីឆ្នាំ១៩៨៥ ព្រះកេសរបស់លោកតារាជ ត្រូវបានជនទុច្ចរិតមួយក្រុមប៉ុនប៉ងអារផ្តាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ទើបសមត្ថកិច្ចយកព្រះកេសទៅរក្សាទុកនៅអភិរក្សអង្គរ មុននឹងបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញដើម្បីរក្សាសុវត្ថិភាព។ ក្នុងភាពវឹកវរ ប្រទេសជាតិមិនទាន់មានសន្តិសុខពេញលេញ ក្រុមអភិរក្សអង្គរបានចម្លងព្រះកេសថ្មីពីស៊ីម៉ង់តិ៍ជំនួសព្រះកេសដើមវិញ ដើម្បីបំពេញលក្ខណៈរាងកាយនៃបដិមានិងជំនឿរបស់ប្រជាជនខ្មែរ។

លុះមកដល់ឆ្នាំ២០០២-២០០៣ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នអាល្លឺម៉ង់ (GACP) ក៏បានធ្វើការជួសជុលលើព្រះហស្ថឆ្វេង២ ស្តាំមួយ និងស្មាស្តាំដែលប្រេះបម្រុងធ្លាក់ អាចបណ្តាល ឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រូបចម្លាក់ផ្ទាល់ និងទេសចរដែលឆ្លងកាត់ទីនេះមកគោរពបូជាផង ទើបក្រុមការងារក៏ បានប្តូរព្រះហស្ថទាំងបីនិងស្មាដែលធ្វើពីស៊ីម៉ង់តិ៍ជំនួសដោយថ្មភក់វិញ។ បន្ថែមពីនោះ ដោយមើលឃើញថាលោកតារាជ ជាទេពស័ក្តិសិទ្ធិក្នុងជំនឿខ្មែរ ហើយប្រទេសជាតិក៏មានសុខសន្តិភាពហើយ ក្រុមការងារអាជ្ញាធរជាតិអប្សរានិងអាល្លឺម៉ង់ ក៏បានស្នើទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិភ្នំពេញ ដើម្បីសុំព្រះកេសដើម ដើម្បីមកតភ្ជាប់នឹងព្រះកាយវិញ ទើបសមនឹងតម្លៃនៃការគោរពជំនឿដ៏មុតមាំនិងសមត្ថភាពនៃក្រុមការងាររបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការអភិរក្សផង។

លោក ឡុង ណារី ក៏បានសំណូមពរដល់អ្នកមកគោរពបូជា សូមកុំស្រោចទឹកលើព្រះបាទ បដិមា ដែលបណ្តាលឱ្យទឹកហូរជ្រាបចូលតាមស្នាមប្រេះដល់បាយអរ នាំឱ្យសាច់ថ្មឆាប់សឹករិចរិល និងពុកផុយ។ រីឯផ្សែងធូប ច្រើន នឹងធ្វើឱ្យម្រ័ក្សណ៍និងទឹកមាសលើរូបបដិមា ប្រែទៅជាពណ៌ខ្មៅស្រអាប់។ ក្នុងនោះដែរ ការបំពាក់ ស្បង់ចីពរ ច្រើនជាន់ លើ គ្នា នឹង ធ្វើ ឱ្យធ្ងន់ នាំឱ្យរបេះដល់ជាតិម្រ័ក្សណ៍លើ ដងខ្លួនបដិមា ព្រោះម្រ័ក្ស ណ៍ខ្លះដែលទើប លាបជំនាន់ក្រោយមិន មាន គុណភាពល្អដូច ដើមទេ ងាយនឹងធ្វើឱ្យខូចខាតណាស់៕






















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី        រូបភាព៖ EFEO/ GACP/ លោក ហ៊ុំ រិទ្ធី
មួយរយៈកន្លងមកនេះ មានព័ត៌មានមួយចំនួនក្នុងបណ្តាញទំនាក់ទំនងសង្គម និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅបារាយណ៍ខាងលិច មានការមិនសប្បាយចិត្ត ព្រមទាំងរិះគន់យ៉ាងច្រើនមកលើអាជ្ញាធរជាតិអប្សរាថា ការដែលបារាយណ៍រីងស្ងួតទឹកដូច្នេះ មកពីអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកមិនបានល្អ បង្ហូរទឹកចោលខ្ជះខ្ជាយ។
ដំណឹងជ្រើសរើសបុគ្គលិក
( ថ្ងៃទី 20 ខែ មេសា ឆ្នាំ2016 )
បើនិយាយពីការទុកជុកឬកំប៉ោយឱ្យកូនសម្រាប់ប្រជាជនខ្មែរសម័យនេះ យើងកម្របានឃើញណាស់ ព្រោះការរក្សាទំនៀមទម្លាប់នេះបានថមថយទៅតាមពេលវេលា អ្នកប្រតិបត្តិ ជីវភាព ការវិវត្តនៃបច្ចេកវិទ្យាទំនើប។ល។ ហើយដែលមានសេសសល់តិចតួច ក៏មានតែនៅទីជនបទស្រុកស្រែចម្ការប៉ុណ្ណោះ។ ចំណែកការរៀបចំពិធីក្នុងការកោរផ្តាច់ជុកឬកំប៉ោយចោលវិញ ក៏កាន់តែថមថយ និងរៀបចំដោយសង្ខេបៗទៅតាមធនធានផងដែរ។
កំពែងអង្គរធំភាគខាងជើងដែលមានប្រវែង១៤ម៉ែត្រ ត្រូវបានក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលដោយជោគជ័យទាំងស្រុងហើយកាលពីចុងខែមីនាកន្លងទៅ។ នេះជាសមិទ្ធផលនៃគម្រោងជួសជុលកំពែងអង្គរធំជំហានទី២ ក្រោយពីកំពែងអង្គរធំភាគឦសានប្រវែង៨ម៉ែត្រកម្ពស់៧ម៉ែត្រកន្លះ ដែលជាជំហានទី១ ត្រូវបានក្រុមអ្នកជំនាញ ធ្វើការជួសជុលរួចរាល់កាលពីចុងខែធ្នូឆ្នាំ២០១៥កន្លងទៅ។
មហាព្រឹតិ្តការណ៍អង្គរសង្ក្រាន្តដែលបានរៀបចំឡើង ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ នៅលើទឹកដីនៃទីក្រុងវប្បធម៌សៀមរាបអង្គរ បានបិទបញ្ចប់ហើយនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ដែលប្រកបដោយខ្លឹមសារដ៏ជ្រាលជ្រៅគឺ ការជួបជុំ និងសាមគ្គីជាធ្លុងមួយនៃមហាគ្រួសារខ្មែរ។ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត រួមទាំងឥស្សរជនជាតិដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានមកចូលរួមក្នុងមហាព្រឹត្តិការណ៍នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2352
ម្សិលមិញ
:
3709
សប្តាហ៍នេះ
:
11916
ខែនេះ
:
0039372
សរុប
:
009412648