ព័ត៌មានថ្មីៗ

សៀវភៅផាត់ពណ៌បេតិកភណ្ឌទី៣នឹងលេចរូបរាងសម្រាប់សិស្សអនុវត្តក្នុងពេលឆាប់ៗនេះ

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ2019 09:50 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

វណ្ណកម្មទី៣ដែលមានចំណងជើងថា“ស្វែងយល់អំពីរាជធានីអង្គរ”បន្ទាប់ពីចំណាយពេលអស់២ឆ្នាំ នឹងប្រសូត្រទ្បើងឆាប់ៗនេះតាមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា មជ្ឈមណ្ឌលជាតិយុវជនខេត្តសៀមរាប នៃក្រសួងអប់រំ យុវជននិងកីទ្បា ព្រមទាំងមានការគាំទ្រយ៉ាងសកម្មពីសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ហៅកាត់ថា «NFUAJ»។

ដៃគូសហការទាំងបីបានប្រជុំសម្រេចកំណែសម្រួលចុងក្រោយ តាមការណែនាំរបស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា។

លោក អ៊ឹម សុខរិទ្ធី ប្រធានក្រុមការងាររៀបចំសៀវភៅផាត់ពណ៌ទី៣របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារទាំងបីស្ថាប័នមានការមូលមាត់គ្នារៀបចំចងក្រងឲ្យលេចរូបរាងសៀវភៅនេះទ្បើង ក្នុងស្មារតីរួមមួយ ដើម្បីបង្កើនសម្ភារៈសិក្សាបន្ថែមសម្រាប់សិស្ស សាលាបឋមសិក្សា ផ្តល់ចំណេះដឹងអំពីវប្បធម៌ទូទៅ អប់រំកុមារ និងយុវវ័យឲ្យស្គាល់អំពីសម្បត្តិវប្បធម៌ដែលជាបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិនិងរបស់ពិភពលោក បង្កើនស្មារតីស្រលាញ់និងជួយថែរក្សាការពារបេតិកភណ្ឌ ព្រមទាំងឲ្យកុមារ និងអ្នកសិក្សាមានមូលដ្ឋានក្នុងការប្រើពណ៌សម្រាប់ផាត់ផង។

លោក សុខរិទ្ធី ក៏បានប្រាប់ពីសេចក្តីសំខាន់ៗនៅក្នុងសៀវភៅភាគ៣នេះថា វាបង្ហាញសិស្សអំពីរូបភាពនិងទ្រង់ទ្រាយរបស់រាជធានីអង្គរ ប្រព័ន្ធធារាសាស្រ្ត ព្រះបរមរាជវាំង ផ្ទះសម្បែងនិងរបៀបរស់នៅរបស់ខ្មែរនាសម័យអង្គរ ប្រភេទផ្ទះខ្មែរ តំបន់ការពារបេតិកភណ្ឌទី១និងទី២ ទេសភាពវប្បធម៌នៃរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក ព្រមទាំងមរតកបេតិកភណ្ឌវប្បធម៌អរូបីមួយចំនួនទៀត ដែលទើបបានទទួលចំណាត់ជាបេតិកភណ្ឌអរូបីពិភពលោកកន្លងមកផង។

គួររំឭកឲ្យដឹងថា សៀវភៅផាត់ពណ៌បេតិកភណ្ឌទី១ បានរៀបចំក្នុងឆ្នាំ២០០៩ និងទី២ផលិតនៅឆ្នាំ២០១១ សុទ្ធតែជាសមិទ្ធផលនៃការសហការគ្នារវាងស្ថាប័នទាំងបីខាងលើ។ សៀវភៅទាំងពីរភាគនេះ ដែលបានដាក់ឲ្យប្រើប្រាស់កន្លងមក ទទួលបានការវាយតម្លៃខ្ពស់ពីលោកស្រីនាយិកា លោកនាយក លោកគ្រូ អ្នកគ្រូ ព្រមទាំសិស្សានុសិស្ស យុវវ័យអំពីខ្លឹមសារ សារៈសំខាន់សម្រាប់ការអប់រំអំពីវប្បធម៌ ប្រពៃណីទូទៅ ព្រមទាំងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

សូមជម្រាបដែរថា ការរៀបចំសៀវភៅទី៣នេះក៏ដូចគ្នានឹងភាគទី២ដែរ ពោលគឺតម្រូវឲ្យបង្កើតសៀវភៅសម្រាប់ជាជំនួយដល់លោកគ្រូ អ្នកគ្រូ ធ្វើការណែនាំសិស្សនៅក្នុងថ្នាក់រៀនជាមុនសិន។ នេះគឺក្នុងគោលបំណងឲ្យសិស្សបានដឹងអំពី រចនាសម្ព័ន្ធរបស់រាជធានីអង្គរ រូបរាងរបស់ព្រះបរមរាជវាំង ប្រព័ន្ធធារាសាស្រ្ត គំរូផ្ទះសម្បែងជាមុនសិន មុននឹង ទៅទស្សនាស្វែងយល់អំពីរមណីយដ្ឋានអង្គរ ព្រមទាំងបណ្តុះគំនិតការពារតំបន់បេតិកភណ្ឌ និងគំនិតអភិរក្ស ផ្ទះបុរាណខ្មែរផង។

នេះជាសកម្មភាពមួយរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ក្លាយជាអ្នកបន្តវេនការពារនិងអភិរក្សរមណីយដ្ឋានអង្គរ។ នេះក៏ជាផ្នែកមួយនៃកម្មវិធីអប់រំបេតិកភណ្ឌដល់សិស្សក្នុងតំបន់អង្គរនិងបន្ទាយឆ្មារ ដែលគម្រោងនេះទទួលបានការអបអរសាទរពីអង្គប្រជុំបច្ចេកទេសលើកទី៣២ នៃ ICC-Angkor កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។

















អត្ថបទ៖ លោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី     រូបថត៖ ក្រុមការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ
រមណីយដ្ឋានអង្គរ គឺជាទីកន្លែងពិសិដ្ឋដែលប្រជាជនខ្មែរតែងតែធ្វើការគោរពបូជា ប្រតិបត្តិនូវជំនឿសាសនាជាទីសក្ការៈខ្ពង់ខ្ពស់បំផុតរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ ប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូ និងបុរាណវិទូ ចាត់ទុកថាតំណាងឱ្យចក្រវាឡ។
នៅព្រឹកថ្ងៃ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ប្រជាជនភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំពិធីបួងសួងផ្សងសុំទឹកភ្លៀង ខណៈពេលដែលរដូវវស្សាចូលមកដល់ តែពុំមានភ្លៀង ដើម្បីឱ្យភ្លៀងបង្អុរគ្រប់គ្រាន់ ឱ្យប្រជាកសិករធ្វើស្រែចម្ការទទួលបានភោគផលល្អ និងបន់ស្រន់សុំសេចក្តីសុខដល់ភូមិករ ដែលជាទំនៀមអ្នកស្រុកអង្គរតាំងពីបុរាណ។
ដោយមើលឃើញពីស្ថានភាពជាក់ស្តែងនៃការដ្ឋានជួសជុលស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តមានភាពតូចចង្អៀត ពិបាកក្នុងការបំពេញការងារ ធ្វើឱ្យដំណើរការជួសជុលមានភាពយឺតយ៉ាវ អាជ្ញាធរជាតិអប្សរានឹងពង្រីកការដ្ឋាននេះបន្ថែម ដើម្បីមានភាពងាយស្រួលដល់ការបំពេញការងារនិងពន្លឿនសកម្មភាពជួសជុល។
នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាសហការជាមួយសមាគមធនធានមនុស្សខេត្តសៀមរាប(HRC)រៀបចំដាំកូនឈើចម្រុះរួមមាន គ្រញូង ធ្នង់ បេង ឈើទាល ចំបក់ ត្រាច ផ្ដៀក ធ្លក ត្រយឹង ចំនួន២,០០០ដើម នៅក្នុងរមណីយដ្ឋានអង្គរ។ ការដាំនេះក៏មានការចូលរួមពីតំណាងមកពីសណ្ឋាគារ រីស៊ត ភោជនីយដ្ឋាន មន្ទីរពេទ្យ អង្គការ និងក្រុមហ៊ុនផ្សេងៗសរុបចំនួន ៤៥ ដែលចូលរួមដាំនៅបរិវេណខាងកើតនៃប្រាសាទប្រីយ៍ ដែលអ្នកចូលរួមប្រមាណ ៥០០នាក់។
ក្រោយពីបានឈូសឆាយ បង្ហាប់គ្រឹះ រៀបចំប្រព័ន្ធរំដោះទឹក ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ (ស្វាយធំ-ព្រះដាក់) កំពុងដំណើរការក្រាលកៅស៊ូហើយនៅព្រឹកថ្ងៃសុក្រ ១១កើតខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ គម្រោងកែលម្អនេះ គឺចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៦ ចំណុចផ្សារស្វាយធំខាងកើតរហូតដល់រង្វង់មូលកូនដំរី ស្ថិតក្នុងឃុំព្រះដាក ស្រុកបន្ទាយស្រី។
ដើមដំបូងមុន12345...226227បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0641
ម្សិលមិញ
:
8456
សប្តាហ៍នេះ
:
20672
ខែនេះ
:
0104533
សរុប
:
008711541