NEWS

បុគ្គលដែលប្រកាសលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកអាចនឹងប្រឈមវិធានការផ្លូវច្បាប់ប្រសិនបើមិនបញ្ឈប់!

Published on 16 June 2019 09:15 AM Post By ៖ Apsara National Authority
ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក​ (តាណន លក់ដី Ta Norn Estate Sam Angkor Realty ម៉ាក់ លីហេង ម៉ាក់ លីហេង Boom Boom 3Brothers Property) និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់​។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ម្យ៉ាងទៀត​ ដេីម្បីបង្ការការខូចខាតផលប្រយោជន៍របស់សាធារណជនដែលកេីតឡេីងពីការទិញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ​ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវផងដែរដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ​ សូមកុំទិញឱ្យសោះ​ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា បេីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។

សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ​ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ​ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត​ (តំបន់១)​ និងជាតំបន់សម្បូរសំណល់បុរាណវត្ថុ​ដែលត្រូវការពារទប់ទល់នឹងនឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។
















នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំច្រកទាំង៦ ក្នុងសប្តាហ៍ទី៤នៃខែកក្កដា ឆ្នាំ២០២០ បានទទួលពាក្យស្នើសុំសាងសង់ពីប្រជាពលរដ្ឋធ្វើលំនៅដ្ឋាន សុំជួសជុលសំណង់ស្រាល និងសំណើសុំផ្សេងៗបម្រើឱ្យប្រយោជន៍សាធារណៈ រួមមាន សាលារៀន និងស្តារហេដ្ឋារចនាសម្ពន្ធបុរាណ សរុបចំនួន១៩ករណី។
របាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំខែកក្កដា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ បានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២១២ សំណើ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់ជូនកូនឈើចំនួន ១,២០០ដើម ដល់តំណាងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប និងតំណាងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ក្នុងនោះ ផ្តល់ឲ្យតំណាងភូមិត្រពាំងវែង ចំនួន៣២០ដើម ដើម្បីយកទៅដាំលំអតាមលំនៅដ្ឋាន និងតាមដងផ្លូវក្នុងភូមិ។ កូនឈើទាំងនោះរួមមាន គ្រញូងចំនួន៥០ដើម បេងចំនួន១០ដើម គគីរចំនួន២០ដើម ឈើទាលចំនួន១០ដើម លឿងរាជចំនួន១០០ដើម អង្គារដីចំនួន៥០ដើម ឥន្ទនេលចំនួន២០ដើម ស្តៅចំនួន២០ដើម សេដាចំនួន១០ដើម រំដួលចំនួន១០ដើម និងគុយចំនួន២០ដើម។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើនក្នុងការអភិរក្សនិងជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែនឱ្យមានស្ថានភាពល្អប្រសើរឡើងវិញ។
កំឡុងខែកក្កដា ឆ្នាំ២០២០ នេះ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃ ក្នុងដំណើរការសាងសង់លំនៅដ្ឋានក៏ដូចជាសំណង់ឧបសម្ព័ន្ធផ្សេងៗទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរបានចំនួន ៣៨៧គ្រួសារ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
3922
Yesterday
:
11554
This Week
:
127777
This Month
:
0212633
Total
:
012038264