ព័ត៌មានថ្មីៗ

បុគ្គលដែលប្រកាសលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកអាចនឹងប្រឈមវិធានការផ្លូវច្បាប់ប្រសិនបើមិនបញ្ឈប់!

បានផ្សាយនៅ ថ្ងៃទី 16 ខែ មិថុនា ឆ្នាំ2019 09:15 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក​ (តាណន លក់ដី Ta Norn Estate Sam Angkor Realty ម៉ាក់ លីហេង ម៉ាក់ លីហេង Boom Boom 3Brothers Property) និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់​។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ម្យ៉ាងទៀត​ ដេីម្បីបង្ការការខូចខាតផលប្រយោជន៍របស់សាធារណជនដែលកេីតឡេីងពីការទិញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ​ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវផងដែរដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ​ សូមកុំទិញឱ្យសោះ​ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា បេីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។

សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ​ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ​ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត​ (តំបន់១)​ និងជាតំបន់សម្បូរសំណល់បុរាណវត្ថុ​ដែលត្រូវការពារទប់ទល់នឹងនឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។
















លោកគ្រូ អ្នកគ្រូ និងនិស្សិតដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល នៃខេត្តកំពង់ធំសរុបចំនួន៧រូប បានមកទទួលយកបទពិសោធន៍នៃការងារគ្រប់គ្រងវិស័យទេសចរណ៍ ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អង្គរជារមណីយដ្ឋានមានជីវិតដែលផ្តុំឡើងដោយសមាសធាតុសំខាន់ៗចំនួន៣គឺ ប្រាង្គប្រាសាទ បរិស្ថាននិងសហគមន៍មនុស្ស ។ ការធ្វើឲ្យមានសុខដុមនីយកម្មទៅនឹងសមាសធាតុខាងលើនេះគឺវាកាន់តែជួយលើកតម្លៃរមណីយដ្ឋានអង្គរឲ្យលេចធ្លោជាសកលឡើងថែមទៀត និងបានក្លាយទៅជាចលករយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឲ្យមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ។ក្នុងបរិបទនេះហើយបានជាអាជ្ញាធរជាតិអប្សរាត្រូវផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងស្តីពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានយល់សំដៅធ្វើយ៉ាងណាដើម្បីឲ្យបេតិកភណ្ឌនេះគង់វង្សដល់កូនចៅជំនាន់ក្រោយទៀត។
វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ារបស់ប្រទេសជប៉ុន ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលប្រាង្គខាងជើងនៃប្រាសាទតុបខាងលិច ក្នុងជំហានទី២របស់ខ្លួន ចាប់ពីខែកញ្ញា ឆ្នាំ២០១៥មក។ តាមគម្រោង ប្រាង្គនេះអាចនឹងបញ្ចប់ការជួសជុលនៅអំឡុងខែមិថុនា ឆ្នាំ២០១៧ ហើយនឹងចាប់ផ្តើមគម្រោងជួសជុលប្រាង្គកណ្តាលតទៅទៀត។
នៅលើចម្លាក់នៃប្រាសាទបាយ័ន ត្រង់ថែវខាងក្រៅ នាទិសខាងត្បូង មានទិដ្ឋភាពមួយដែលនិយាយអំពីជំនួញផ្លូវទឹករបស់ខ្មែរបុរាណជាមួយប្រទេសជិតខាង ជាពិសេស ប្រទេសចិន។ បើគេមើលមួយភ្លែត ឬមើលដោយក្រសែភ្នែកធម្មតា ដែលមិនមែនជាអ្នកស្រាវជ្រាវ អាចនឹងមិនយល់ពីដំណើរសាច់រឿងនេះឡើយ។
ដើម្បីជំរុញការចូលរួមថែរក្សាបរិស្ថាន ធ្វើឲ្យមានភាពស្រស់ស្អាតនៅក្នុងរមណីយដ្ឋានអង្គរជាចីរភាព អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នធានាគុណភាពជប៉ុន JQA និងមន្ទីរអប់រំយុវជននិងកីឡា រៀបចំកម្មវិធីអប់រំកុមារអំពីបរិស្ថានតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យមួយចំនួនក្នុងតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
27672
ម្សិលមិញ
:
5216
សប្តាហ៍នេះ
:
27672
ខែនេះ
:
0183753
សរុប
:
012691342