ព័ត៌មានថ្មីៗ

សិក្ខាកាម៤ប្រទេសក្នុងតំបន់អាស៊ានចូលរួមសិក្ខាសាលាស្តីអំពី «យុវជននិងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌»

បានផ្សាយនៅ ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ2019 08:43 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងគោលបំណងជំរុញស្មារតីស្រលាញ់ ចូលរួមថែរក្សា បង្កើនការយល់ដឹងអំពីកិច្ចការគ្រប់គ្រងសម្បត្តិបេតិភណ្ឌវប្បធម៌ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក យុវជនមកពីកម្ពុជា ថៃ វៀតណាម ឡាវ បានចូលរួមសិក្ខាសិលាស្តីអំពី «យុវជននិងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ សិក្ខាសាលានេះរៀបចំដោយគណៈកម្មាធិការយូណេស្កូជាតិកម្ពុជា ដោយសហការជាមួយអាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកសាស្រ្តាចារ្យ Azedine Beschaouch ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖ ជោគជ័យរបស់កម្ពុជាក្នុងវិស័យបេតិកភណ្ឌគឺការបណ្តុះបណ្តាលយុវជន ព្រោះបច្ចុប្បន្នអ្នកជំនាញខ្មែរមានសមត្ថភាពពេញលេញអាចធ្វើការជាមួយអន្តរជាតិបាន។ ដូច្នេះ សូមយុវជនយកចិត្តទុកដាក់រៀនសូត្រដើម្បីបន្តវេនជាបន្តទៀត ព្រោះថាតំបន់អង្គរមិនត្រឹមជាសម្បត្តិបេតិកភណ្ឌពិភពលោក ឬគ្រាន់ជាប្រាសាទធម្មតានោះទេ តែជាព្រលឹងជាតិខ្មែរទាំងមូល ដែលយុវជនខ្មែរត្រូវស្វែងយល់កិច្ចការបេតិកភណ្ឌឱ្យបានទូលំទូលាយ និងយល់ច្បាស់លាស់ពីតម្លៃព្រលឹងជាតិខ្មែរ។

ក្នុងនាមជាប្រធានយុវជនវិស័យបេតិកភណ្ឌនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា៖ នេះមិនមែនជាលើកទីមួយទេដែលស.ស.យ.ក. បានសហការជាមួយស្ថាប័នផ្សេងៗដើម្បីបណ្តុះបណ្តាលយុវជនឱ្យយល់ដឹងពីបេតិកភណ្ឌ កីឡា និងកិច្ចការសំខាន់ៗផ្សេងៗគ្រប់វិស័យនៅក្នុងសង្គម ដើម្បីផ្តល់ឱ្យយុវជនមានការយល់ដឹងនូវការងារដែលត្រូវបន្តវេនពីអ្នកជំនាន់មុន។

អគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា ឯកឧត្តម លឹម ប៊ុនហុក ក៏បានលើកឡើងក្នុងឱកាសដែលយុវជនទាំងអស់នឹងទទួលបានតាមរយៈការសិក្សារៀនសូត្រនិងបទពិសោធន៍ពីអ្នកជំនាញជាន់មុនៗ ព្រោះថាអ្នកជំនាញទាំងនោះមិនអាចនៅជាយូរអង្វែងបានឡើយ មានតែយុវជនប៉ុណ្ណោះដែលអាចបន្តការងារនេះ ប្រៀបបានជាទំពាំងស្នងឫស្សី។

សូមបញ្ជាក់ដែរថា សិក្ខាកាមជាតិ-អន្តរជាតិដែលបានចូលរួមមានចំនួនសរុប២០រូប មកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក យុវជនស.ស.យ.ក. រមណីយដ្ឋានវត្តភូប្រទេសឡាវ រមណីយដ្ឋានមីសឺង ប្រទេសវៀតណាម រមណីយដ្ឋានសុខោទ័យ និងក្រុងរណបនៃរមណីយដ្ឋានវាំងឃុំខាម ប្រទេសថៃ៕

















អត្ថបទ៖ លោក យី សុថា រូបភាព៖ លោក ហ៊ុំ រិទ្ធី
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនឹងរៀបចំតាំងពិព័រណ៍ «ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា” លើកទី១នៅលើទឹកដីសៀមរាប នាថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០១៩ ដើម្បីអបអរសាទរខួបលើកទី១៥០ឆ្នាំរបស់មហាត្មៈគន្ធី (Mohatma Gandhi) សហការជាមួយអាជ្ញាធរជាតិអប្សរា ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ និងក្រុមហ៊ុនវិចិត្រាឥណ្ឌានាំចេញ ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។
នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ តំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលជា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរា នារយៈពេល៩ខែក្នុងឆ្នាំ២០១៩នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះផ្តល់ការអនុញ្ញាតជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន ៨៧៩ករណី។ ការអនុញ្ញាតខាងលើបាន ផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន១០៦ករណី ស្រុកអង្គរធំចំនួន១១៥ករណី ស្រុកពួកចំនួន ១៨៥ករណី ស្រុកបន្ទាយស្រីបានចំនួន ១៦៧ករណី និងក្រុងសៀមរាបចំនួន ៣០៦ករណី។
បដិមាព្រះសិរព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈចំនួនមួយ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើកំណាយនៅក្នុងខ្លោងទ្វារចូលខាងកើតប្រាសាទតានៃជ្រុងនិរតី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្មនិងដីដំបូកយកមកជួសជុលប្រាសាទ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1028
ម្សិលមិញ
:
1611
សប្តាហ៍នេះ
:
82312
ខែនេះ
:
0163589
សរុប
:
009345871