ព័ត៌មានថ្មីៗ

ដើមឈើចំនួន ២០០០ដើមត្រូវបានដាំឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ2019 09:24 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោមក្របខណ្ឌយុទ្ធនាការសាធារណៈដាំដើមឈើឡើងវិញនៅរមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃច័ន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា ព្រះសង្ឃជាច្រើនអង្គ ពុទ្ធបរិស័ទ វិស័យឯកជន បានចូលរួមដាំដើមឈើប្រមាណ២០០០ដើមនៅខាងមុខបរិវេណប្រាសាទប្រីយ៍។

ពិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រះវិជ័យរង្សី បណ្ឌិត លាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប ក្រុមហ៊ុនម៉ាក្រូ នគរបាលការពារបេតិកភណ្ឌ អង្គការគាំពារសត្វព្រៃ មន្រ្តី-បុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន សិស្សានុសិស្ស និងសាធារណជនយ៉ាងច្រើនកុះករ។

ព្រះវិជ័យរង្សី បណ្ឌិត លាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប មានសង្ឃដីការថា ព្រៃឈើអាចការពារនូវគ្រោះថ្នាក់ផ្សេងៗ និងផ្តល់ជាម្លប់សម្រាប់មនុស្ស សត្វទូទៅ។ ព្រះអង្គមានទឹកព្រះទ័យសប្បាយ រីករាយដែលបានរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងការដាំដើមឈើនៅទីនេះ។ ក្នុងនាមព្រះអង្គផ្ទាល់ និងតំណាងឱ្យគណៈសង្ឃក្នុងក្រុងសៀមរាប ព្រះវិជ័យរង្សី បណ្ឌិត លាច លាង សូមចម្រើនពរ អំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ សុំឱ្យមានការចូលរួមដាំដើមឈើឱ្យបានច្រើនជាងការកាប់បំផ្លាញ។

មានប្រសាសន៍ក្នុងកម្មវិធី ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងអំណរព្រះគុណដល់ព្រះសង្ឃគ្រប់អង្គ និងអរគុណដល់អ្នកចូលរួមគ្រប់មជ្ឈដ្នានទាំងវិស័យឯកជន ស្ថាប័នរដ្ឋ ដែលមានសទ្ធាចូលរួមដាំដើមឈើនាពេលនេះ។ ឯកឧត្តមបន្តថា ការបាត់បង់ព្រៃឈើបណ្តាលឱ្យមនុស្ស និងប្រាសាទមានការរងគ្រោះ។ ដូច្នេះការចូលរួមនាពេលនេះពិតជាសំខាន់ និងជាបុណ្យកុសលមួយដ៏ធំធេងសម្រាប់ប្រទេសជាតិ និងមនុស្សជំនាន់ក្រោយ។

លើសពីនេះ ឯកឧត្តមបន្តថា បច្ចុប្បន្នមានជនខិលខូចបានកាប់បំផ្លាញច្រើនទៅៗ ហើយអាជ្ញាធរជាតិអប្សរាតែងព្យាយាមទប់ស្កាត់នូវបទល្មើសនានា និងគ្រោងដាំបន្ថែមឡើងវិញ៣៥ហិចតានៅទីតាំងផ្សេងគ្នា ដែលនឹងបើកយុទ្ធនាការដាំដើមឈើ៤ម៉ឺនដើម នៅរដូវវស្សាក្នុងឆ្នាំនេះ៕




















អត្ថបទ៖ លោក យី សុថា រូបភាព៖ លោក ហាប់ គឹមអាន
គណៈកម្មាធិការអាយស៊ីស៊ី-អង្គរប្រជុំបច្ចេកទេសលើកទី៣២នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ កំពុងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣២ ដើម្បីតាមដានរាល់អនុសាសន៍ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅតាមការដ្ឋានអភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។
តាមរយៈកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតសហរដ្ឋអាមេរិក វគ្គបណ្តុះបណ្តាលស្តីអំពី English Fellow Program ក្នុងគោលបំណងសិក្សាភាសាអង់គេ្លសសម្រាប់ប្រើក្នុងការងារអភិរក្ស ការរៀបចំ ការបែងចែកឯកសារ និងការថតរូប ក្នុងវិស័យការពារបេតិកភណ្ឌ ចាប់ពីថ្ងៃខែតុលា ឆ្នាំ២០១៨ បានបញ្ចប់ហើយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ។
នៅថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពផែនការសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរាប្រចាំឆ្នាំ២០១៩។ កិច្ចប្រជុំមានការចូលរួមពីអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទទួលបន្ទុកថវិកាតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
នៅព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) បានប្រារព្ធខួប ៣០ឆ្នាំ លើការងារអភិរក្សនិងជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ ពិធីនេះប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោក Michael Newbill ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី Gineavra Boato តំណាងអង្គការមូលនិធិប្រាសាទពិភពលោកប្រចាំអាស៊ីអាគ្នេយ៍ មន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួនប្រមាណ២០០នាក់។
នាព្រឹកថ្ងៃ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញអមដំណើរឯកឧត្តម BEN KING ឯកអគ្គរដ្ឋទូតញូវហ្សេឡែន ក្នុងឱកាសឯកឧត្តមឯកអគ្គរដ្ឋទូតចុះបំពេញទស្សនកិច្ចស្វែងយល់អំពីលទ្ធផលដែលសម្រេចបាននាពេលកន្លងមកនៅរមណីយដ្ឋានអង្គរក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបេតិកភណ្ឌអង្គរ Angkor Community Heritage and Economic Advancement (ACHA) ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលញូវហ្សេឡែន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
3118
ម្សិលមិញ
:
5613
សប្តាហ៍នេះ
:
20391
ខែនេះ
:
0087436
សរុប
:
008557019