ព័ត៌មានថ្មីៗ

ដើមឈើចំនួន ២០០០ដើមត្រូវបានដាំឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ2019 09:24 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោមក្របខណ្ឌយុទ្ធនាការសាធារណៈដាំដើមឈើឡើងវិញនៅរមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃច័ន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា ព្រះសង្ឃជាច្រើនអង្គ ពុទ្ធបរិស័ទ វិស័យឯកជន បានចូលរួមដាំដើមឈើប្រមាណ២០០០ដើមនៅខាងមុខបរិវេណប្រាសាទប្រីយ៍។

ពិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រះវិជ័យរង្សី បណ្ឌិត លាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប ក្រុមហ៊ុនម៉ាក្រូ នគរបាលការពារបេតិកភណ្ឌ អង្គការគាំពារសត្វព្រៃ មន្រ្តី-បុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន សិស្សានុសិស្ស និងសាធារណជនយ៉ាងច្រើនកុះករ។

ព្រះវិជ័យរង្សី បណ្ឌិត លាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប មានសង្ឃដីការថា ព្រៃឈើអាចការពារនូវគ្រោះថ្នាក់ផ្សេងៗ និងផ្តល់ជាម្លប់សម្រាប់មនុស្ស សត្វទូទៅ។ ព្រះអង្គមានទឹកព្រះទ័យសប្បាយ រីករាយដែលបានរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងការដាំដើមឈើនៅទីនេះ។ ក្នុងនាមព្រះអង្គផ្ទាល់ និងតំណាងឱ្យគណៈសង្ឃក្នុងក្រុងសៀមរាប ព្រះវិជ័យរង្សី បណ្ឌិត លាច លាង សូមចម្រើនពរ អំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ សុំឱ្យមានការចូលរួមដាំដើមឈើឱ្យបានច្រើនជាងការកាប់បំផ្លាញ។

មានប្រសាសន៍ក្នុងកម្មវិធី ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងអំណរព្រះគុណដល់ព្រះសង្ឃគ្រប់អង្គ និងអរគុណដល់អ្នកចូលរួមគ្រប់មជ្ឈដ្នានទាំងវិស័យឯកជន ស្ថាប័នរដ្ឋ ដែលមានសទ្ធាចូលរួមដាំដើមឈើនាពេលនេះ។ ឯកឧត្តមបន្តថា ការបាត់បង់ព្រៃឈើបណ្តាលឱ្យមនុស្ស និងប្រាសាទមានការរងគ្រោះ។ ដូច្នេះការចូលរួមនាពេលនេះពិតជាសំខាន់ និងជាបុណ្យកុសលមួយដ៏ធំធេងសម្រាប់ប្រទេសជាតិ និងមនុស្សជំនាន់ក្រោយ។

លើសពីនេះ ឯកឧត្តមបន្តថា បច្ចុប្បន្នមានជនខិលខូចបានកាប់បំផ្លាញច្រើនទៅៗ ហើយអាជ្ញាធរជាតិអប្សរាតែងព្យាយាមទប់ស្កាត់នូវបទល្មើសនានា និងគ្រោងដាំបន្ថែមឡើងវិញ៣៥ហិចតានៅទីតាំងផ្សេងគ្នា ដែលនឹងបើកយុទ្ធនាការដាំដើមឈើ៤ម៉ឺនដើម នៅរដូវវស្សាក្នុងឆ្នាំនេះ៕




















អត្ថបទ៖ លោក យី សុថា រូបភាព៖ លោក ហាប់ គឹមអាន
កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារបរិស្ថាននៅប្រាសាទព្រះគោ និងនៅប្រាសាទបាភួន ដើម្បីតាមដានសកម្មភាពការងារបរិស្ថានទៅតាមកម្មវិធីបរិស្ថានរបស់នាយកដ្ឋាននីមួយៗដែលអនុវត្តតាមស្តង់ដារ ISO 14001 នៃប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា។
កំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី បានចាប់ផ្តើមឡើងនៅថ្ងៃទី១០ និងបញ្ចប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីដឹងអំពីការវិវឌ្ឍនៃរចនាសម្ពន្ធ និងទំនាក់ទំនងរបស់សំណង់នីមួយៗ ព្រមទាំងការបណ្ដុះបណ្ដាលដល់និស្សិតមហាវិទ្យាល័យបុរាណវិទ្យា និងស្ថាបត្យកម្ម ក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យសូហ្វីយ៉ា។
កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នំា២០១៩ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ទទួលបានវត្ថុបុរាណចំនួន៥ប្រភេទពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ យកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនាយកដ្ឋាន ដើម្បីចុះបញ្ជីទៅតាមបច្ចេកទេស និងរៀបចំសំណើរសម្រាប់យកទៅរក្សាទុកនៅសារមន្ទីរនរោត្តម សីហនុអង្គរ។
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យចំនួន២របស់ជប៉ុន បានផ្តើមចុះកម្មសិក្សានៅរមណីយដ្ឋានអង្គររយៈពេល២សប្ដាហ៍ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០១៩។ កម្មសិក្សានេះ ធ្វើឡើងក្រោមអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យជប៉ុន និងអាជ្ញាធរជាតិអប្សរា ដែលបានធ្វើឡើងជាមួយសាកលវិទ្យាល័យ Kanazawa ពីឆ្នាំ២០១០មក រីឯសាកលវិទ្យាល័យ Komatsu ពីឆ្នាំ២០១៦ និងបានទទួលនិស្សិតឱ្យមកចុះធ្វើកម្មសិក្សានៅអាជ្ញាធរជាតិអប្សរាជារៀងរាល់ឆ្នាំ និងមាននាយកដ្ឋានគ្រប់គ្រងទឹកជាអ្នកទទួលបន្ទុកដឹកនាំនិស្សិតចុះធ្វើកម្មសិក្សានេះ។
ដើមដំបូងមុន12345...238239បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0410
ម្សិលមិញ
:
1960
សប្តាហ៍នេះ
:
00410
ខែនេះ
:
0094407
សរុប
:
008938550