ព័ត៌មានថ្មីៗ

អង្គការមូលនិធិប្រាសាទពិភពលោកប្រារព្ធខួប៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទក្នុងរមណីយដ្នានអង្គរ

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ2019 09:12 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) បានប្រារព្ធខួប ៣០ឆ្នាំ លើការងារអភិរក្សនិងជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ ពិធីនេះប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោក Michael Newbill ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី Gineavra Boato តំណាងអង្គការមូលនិធិប្រាសាទពិភពលោកប្រចាំអាស៊ីអាគ្នេយ៍ មន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួនប្រមាណ២០០នាក់។

លោកស្រី Gineavra Boato តំណាង WMF ប្រចាំអាស៊ីអាគ្នេយ៍ បានលើកឡើងថា អង្គការនេះបានចូលមកបំពេញការងារនៅតំបន់អង្គរនៅឆ្នាំ១៩៨៩ ដោយការងារអាទិភាពដំបូងគឺការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាលើការងារអភិរក្សនិងជួសជុលប្រាសាទ។ ជាបន្តបន្ទាប់មក WMF បានធ្វើវាយតម្លៃលើការខូចខាតរបស់ប្រាង្គប្រាសាទបុរាណដែលកម្ពុជាបានជួបប្រទះ និងការខ្វះកិច្ចអភិរក្សជួសជុលក្រោយពីសង្រ្គាមស៊ីវិល។ នៅឆ្នាំ ២០០៨ WMF បានចាប់ផ្តើមគម្រោងអភិរក្សប្រាសាទភ្នំបាខែងដែលការងារនេះត្រូវបានគ្រប់គ្រងរៀបចំនិងអនុវត្តន៍ដោយអ្នកជំនាញការខ្មែរដែលទទួលបានការបណ្ដុះបណ្ដាលនាពេលកន្លងមក។

ក្នុងនាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Michael Newbill បានចាត់ទុកការប្រារព្ធពិធីនេះជាការបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិកតាមរយៈ WMF ជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសក្នុងរយៈពេល៣០ឆ្នាំមកនេះ WMF បានបណ្ដុះបណ្ដាលអ្នកជំនាញខ្មែរជាច្រើនរូប ហើយនឹងផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជាជាង១០០នាក់។ ចំពោះគម្រោងជួសជុលប្រាសាទភ្នំបាខែង គឺជាគម្រោងដែលមានភាពលេចធ្លោនិងមានការចូលរួមភាគច្រើនដោយបុគ្គលិកជំនាញកម្ពុជា។

មានប្រសាសន៍ក្នុងពិធីនេះដែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណដល់ WMF ដែលបានរួមចំណែកក្នុងការកសាងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា និងបានអនុវត្តកិច្ចការអភិរក្សនិងជួសជុលប្រាសាទចាប់ពីឆ្នាំ១៩៩២ ជាពិសេសប្រាសាទព្រះខ័ន តាសោម អង្គរវត្ត និងប្រាសាទភ្នំបាខែង។ លោកជំទាវ ក៏បានរំលេចអំពីផលប្រយោជន៍នៃកត្តាសន្តិភាពព្រោះកត្តានេះបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុដុមរមនារបស់ប្រទេសនាពេលបច្ចុប្បន្ននិងអនាគត រួមទាំងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ៕
















អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី     រូបភាព៖ សឿន ប៊ុនស៊រ
សកម្មភាពការកាប់ទន្រ្ទានដីព្រៃក្នុងឧទ្យានអង្គរនៅតែកើតឡើងជាបន្តបន្ទាប់ បើទោះបីជាមានការល្បាតតឹងរឹងយ៉ាងណាក្ដី។ ជនខិលខូច នៅតែធ្វើសកម្មភាពកាប់ទន្រ្ទានដីព្រៃដើម្បីពង្រីកផ្ទៃដីផ្ទះសម្បែង និងដីស្រែចម្ការយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដូច្នេះដើម្បីទប់ស្កាត់ករណីនេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការជីកប្រឡាយតាមព្រំដីព្រៃឈើនានាក្នុងតំបន់ឧទ្យានអង្គរ ដែលគម្រោងនេះមានប្រវែងជាង២៧គីឡូម៉ែត្រ។
នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២១០៩ នេះ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងតាមដានការសាងសង់ ដឹកនាំដោយឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យផ្ទាល់នៅការដ្ឋានសាងសង់ ដើម្បីជំរុញការងារឱ្យបានទាន់ពេលវេលា និងគោរពតាមបទដ្ឋានបច្ចេកទេ នៃផែនការមេ រក្សាបាននូវគុណតម្លៃផ្នែកបេតិកភណ្ឌ ទាំងផ្នែកវប្បធម៌ និងបរិស្ថាន។
បាឋកថាស្ដីពី «ប្រវត្តិសង្ខេបតំបន់អង្គរ» ដែលធ្វើឡើងដោយលោកសាស្រ្ដាចារ្យ អាំង ជូលាន នៅថ្ងៃទី៣ ខែកញ្ញា នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានទាក់ទាញមហាជនជាខ្លាំង ដោយមានអ្នកចូលរួមស្ដាប់ផ្ទាល់ប្រមាណ២០០នាក់ និងអ្នកតាមដាន ការផ្សាយផ្ទាល់តាមបណ្តាញសង្គមជិត១០០០នាក់បន្ថែមទៀត។ ជាបាឋកថា បង្ហាញប្រវត្តិសាស្រ្តយ៉ាងទូលំទូលាយ ចាប់ពីវត្តមានមនុស្សដំបូងមករស់នៅក្នុងតំបន់អង្គររហូតដល់ដើមសម័យទំនើប។
ស្របពេលដែលអាជ្ញាធរជាតិអប្សរាមានគម្រោងដាំកូនឈើឡើងវិញដើម្បីបំពេញលើផ្ទៃដីដែលបាត់បង់ក្នុងឧទ្យានអង្គរ ក្នុងនោះមានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពកាប់ទន្រ្ទានព្រៃឈើដើម្បីកាន់កាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីភាពផ្ទុយគ្នាដែលម្ខាងខំការពារនិងដាំឡើងវិញ តែម្ខាងទៀតបែរជាប្រឹងទន្រ្ទានព្រៃឈើ ពង្រីកផ្ទៃដីដែលខ្លួនកាន់កាប់ ដែលពីមុនដីនោះជាដីព្រៃទៅវិញ។ តំបន់ដែលមានសកម្មភាពខ្លាំងក្លាជាងគេ គឺស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប។
ក្នុងអំឡុងខែសីហាឆ្នាំ២០១៩នេះ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ អនុញ្ញាតការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ និងជួសជុលសំណង់តូចតាចបានចំនួន៨៣ករណី រួមមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន៧ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន៧ករណី ស្រុកពួក អនុញ្ញាតបានចំនួន២០ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន៣១ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន១៨ករណី។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
13534
ម្សិលមិញ
:
16400
សប្តាហ៍នេះ
:
101933
ខែនេះ
:
0184888
សរុប
:
009144459