ព័ត៌មានថ្មីៗ

អង្គការមូលនិធិប្រាសាទពិភពលោកប្រារព្ធខួប៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទក្នុងរមណីយដ្នានអង្គរ

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ2019 09:12 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) បានប្រារព្ធខួប ៣០ឆ្នាំ លើការងារអភិរក្សនិងជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ ពិធីនេះប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោក Michael Newbill ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី Gineavra Boato តំណាងអង្គការមូលនិធិប្រាសាទពិភពលោកប្រចាំអាស៊ីអាគ្នេយ៍ មន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួនប្រមាណ២០០នាក់។

លោកស្រី Gineavra Boato តំណាង WMF ប្រចាំអាស៊ីអាគ្នេយ៍ បានលើកឡើងថា អង្គការនេះបានចូលមកបំពេញការងារនៅតំបន់អង្គរនៅឆ្នាំ១៩៨៩ ដោយការងារអាទិភាពដំបូងគឺការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាលើការងារអភិរក្សនិងជួសជុលប្រាសាទ។ ជាបន្តបន្ទាប់មក WMF បានធ្វើវាយតម្លៃលើការខូចខាតរបស់ប្រាង្គប្រាសាទបុរាណដែលកម្ពុជាបានជួបប្រទះ និងការខ្វះកិច្ចអភិរក្សជួសជុលក្រោយពីសង្រ្គាមស៊ីវិល។ នៅឆ្នាំ ២០០៨ WMF បានចាប់ផ្តើមគម្រោងអភិរក្សប្រាសាទភ្នំបាខែងដែលការងារនេះត្រូវបានគ្រប់គ្រងរៀបចំនិងអនុវត្តន៍ដោយអ្នកជំនាញការខ្មែរដែលទទួលបានការបណ្ដុះបណ្ដាលនាពេលកន្លងមក។

ក្នុងនាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Michael Newbill បានចាត់ទុកការប្រារព្ធពិធីនេះជាការបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិកតាមរយៈ WMF ជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសក្នុងរយៈពេល៣០ឆ្នាំមកនេះ WMF បានបណ្ដុះបណ្ដាលអ្នកជំនាញខ្មែរជាច្រើនរូប ហើយនឹងផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជាជាង១០០នាក់។ ចំពោះគម្រោងជួសជុលប្រាសាទភ្នំបាខែង គឺជាគម្រោងដែលមានភាពលេចធ្លោនិងមានការចូលរួមភាគច្រើនដោយបុគ្គលិកជំនាញកម្ពុជា។

មានប្រសាសន៍ក្នុងពិធីនេះដែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណដល់ WMF ដែលបានរួមចំណែកក្នុងការកសាងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា និងបានអនុវត្តកិច្ចការអភិរក្សនិងជួសជុលប្រាសាទចាប់ពីឆ្នាំ១៩៩២ ជាពិសេសប្រាសាទព្រះខ័ន តាសោម អង្គរវត្ត និងប្រាសាទភ្នំបាខែង។ លោកជំទាវ ក៏បានរំលេចអំពីផលប្រយោជន៍នៃកត្តាសន្តិភាពព្រោះកត្តានេះបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុដុមរមនារបស់ប្រទេសនាពេលបច្ចុប្បន្ននិងអនាគត រួមទាំងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ៕
















អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី     រូបភាព៖ សឿន ប៊ុនស៊រ
ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នឹងរៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសរុបប្រមាណ១០៣នាក់ បានមកបំពេញទស្សនកិច្ចសិក្សានៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាស្វែងយល់ពីការងារ អភិរក្សប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។
និស្សិតមហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន៣៦០នាក់ បានមកបំពេញទស្សនកិច្ចសិក្សានិងស្វែងយល់ពីប្រវត្តិសាស្ត្រអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងនៅតំបន់រមណីយដ្ឋានអង្គរចាប់ពីថ្ងៃទីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជាលើកទី៥ហើយ នៃការរៀបចំវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទគោលដៅ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសជប៉ុន (អង្គការ Srolanh project NPO) សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងជាតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារជួសជុលផ្លូវថ្នល់នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបើកការដ្ឋានជួសជុលកែលម្អកំណាត់ផ្លូវ៦០ម (ផ្លូវសម្តេចវិបុលបញ្ញាសុខអាន) ចាប់ពីរង្វង់មូលអាជ្ញាធរជាតិអប្សរាមកផ្លូវជាតិលេខ៦ ដែលមានប្រវែង១៧៩៥ម៉ែត្រ ទទឹង១០ម៉ែត្រ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ ដែលផ្លូវនេះមានការខូចខាតខ្លាំងដោយសារអាយុកាល។ ផ្លូវនេះគ្រោងនឹងបញ្ចប់ការជួលជុលកែលម្អក្នុងរយៈពេល៣ខែ៕

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
9251
ម្សិលមិញ
:
7799
សប្តាហ៍នេះ
:
63779
ខែនេះ
:
0344608
សរុប
:
010300755