ព័ត៌មានថ្មីៗ

អ្នកជំនាញការនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរចុះពិនិត្យសកម្មភាពកសាងផ្លូវឡើងភ្នំគូលែន

បានផ្សាយនៅ ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ2019 02:38 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងគោលបំណងចុះពិនិត្យនិងតាមដានការអនុវត្តនូវអនុសាសន៍ដែលបានផ្តល់ជូននាកិច្ចប្រជុំបច្ចេកទេសលើកទី៣១ នៅថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ៩ ខែមិថុនា ឆ្នាំ២០១៩ អ្នកជំនាញការនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ អមដោយមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅពិនិត្យផ្ទាល់នៅការដ្ឋានកសាងផ្លូវឡើងភ្នំគូលែនដែលមានប្រវែង៣២គីឡូម៉ែត្រ។​

ជាការកត់សំគាល់ អ្នកជំនាញការបានធ្វើការពិនិត្យអំពីលទ្ធផលដែលអនុវត្តនាពេលកន្លងមកនិងផ្តល់យោបល់បច្ចេកទេសបន្ថែមអំពីដំណោះស្រាយផ្សេងៗដែលកើតមានដើម្បីកាត់បន្ថយនូវការប៉ះពាល់ដល់តម្លៃនិងទេសភាពវប្បធម៌នៃភ្នំគូលែនដែលជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់នាសម័យបុរាណនិងបច្ចុប្បន្ន។

សូមបញ្ជាក់ថា អ្នកជំនាញការនឹងត្រូវធ្វើរបាយការណ៍ជូនអង្គប្រជុំបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ី-អង្គរលើកទី៣២នៅថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៩ នូវរាល់ការចុះត្រួតពិនិត្យរបស់ខ្លួននៅគ្រប់ការដ្ឋានអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ៕









ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយរួមគ្នាលើផ្នែកទេសចរណ៍ និងវប្បធម៌រវាងកម្ពុជា-ចិន គណៈប្រតិភូក្រសួងវប្បធម៌និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយបេសកជនជាច្រើនបានមកបំពេញទស្សនកិច្ចនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល២ថ្ងៃ គឺថ្ងៃព្រហស្បតិ៍-សុក្រ ៤-៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន ៣៥គ្រួសារ បានទទួលការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាដើម្បីរុះរើផ្ទះចាស់និងសាងសង់ផ្ទះថ្មីឡើងវិញ។ ក្នុងករណីសាធារណជនមានបំណងរុះរើផ្ទះចាស់ និងសាងសង់ជាថ្មីឡើងវិញ សូមអញ្ជើញដាក់ពាក្យស្នើសុំនៅមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរាដែលមានអាសយដ្ឋាននៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានសហការជាមួយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិរក្សវាយនភណ្ឌ» រយៈពេល១១ថ្ងៃដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០៣ ខែមិថុនា ដល់ទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយផ្តោតសំខាន់លើទ្រឹស្តី និងការអនុវត្តផ្ទាល់។ ពិធីបើកវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាពឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។
នៅក្នុងដំណើរចុះតាមដានអនុសាសន៍ពាក់ព័ន្ធនឹងបច្ចេកទេសនៃកិច្ចការអភិរក្ស ជួសជុលប្រាសាទនៅតំបន់ឧទ្យានរលួស នាព្រឹកថ្ងៃច័ន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ របស់អ្នកជំនាញអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ (អាស៊ីស៊ី-អង្គរ) លោកសាស្រ្តាចារ្យ Mounir Bouchenaki បានចាត់ទុកការសម្រេចព្រះទ័យរបស់ព្រះសង្ឃនៅវត្តលលៃដោយព្រមផ្លាស់ទីកុដិមកគង់នៅខាងក្រោមប្រាសាទ គឺជាការចូលរួមចំណែកលើកស្ទួយការអភិរក្សប្រាសាទ ការស្រឡាញ់មរតកដូនតាខ្មែរ និងយល់ពីតម្លៃបេតិកភណ្ឌពិភពលោក។ នេះជាគំរូដ៏ល្អគួរឱ្យគោរពនិងកោតសរសើរ ដែលបុរាណដ្ឋានដទៃទៀតនៅក្នុងតំបន់អង្គរនិងពិភពលោកគួរយកគំរូតាម។
តាមរយៈកម្មវិធីបណ្តុះបណ្តាល Technical Exchange NAPAV/APSARA ក្រោមកិច្ចសហការរបស់ស្ថានទូតអាមេរិក ដឹកនាំដោយសាស្រ្តាចារ្យ Barbara J. Anello-Adnani រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ចប់ហើយ និងប្រកបដោយជោគជ័យ។ វគ្គសិក្សាថ្មី នឹងចាប់ផ្តើមពីខែកញ្ញា ដល់ខែមិថុនាខាងមុខ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
3216
ម្សិលមិញ
:
5613
សប្តាហ៍នេះ
:
20489
ខែនេះ
:
0087534
សរុប
:
008557117