ព័ត៌មានថ្មីៗ

លោក លឹម គង់៖ មួយជីវិតខ្ញុំគឺដើម្បីការងារអភិរក្សជួសជុល និងសង្គ្រោះប្រាសាទខ្មែរឱ្យល្អដូចពីបុរាណ!

បានផ្សាយនៅ ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ2019 04:20 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀម លោក លឹម គង់ មានអាយុ៥៧ឆ្នាំ បានចំណាយពេលអស់រយៈពេល១៥ឆ្នាំជា អ្នកជួសជុលប្រាសាទ នៅ ក្នុង រមណីយដ្ឋាន អង្គរ បាត់ដំបង និងបន្ទាយមានជ័យ រហូតក្លាយ ជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារ ជា ហូរហែ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀតផង។

សព្វថ្ងៃ លោក លឹម គង់ កំពុងបំពេញភារកិច្ចជាមេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងស្ថានទូតបារាំងប្រចាំកម្ពុជា។

បើទោះបីមិនមែនជាអ្នកជំនាញដែលទទួលបានការអប់រំថ្នាក់បរិញ្ញាបត្រឬបណ្ឌិតជំនាញជួសជុលប្រាសាទក៏ពិតមែន ក៏មេ ក្រុម ជួស ជុល ប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិចរូបនេះ មានបទពិសោធន៍ គ្រប់គ្រាន់ ច្បាស់ លាស់ ក្នុងការតថ្ម រៀបថ្ម ដាប់ថ្ម លាយកាវ និងបង្រៀនកូនក្រុមអំពីការងារបានយ៉ាងល្អ។

ក្នុងនាមជាអ្នកជួសជុលប្រាសាទដូនតាមួយរូប លោក គង់ បានបង្ហាញនូវឆន្ទៈនិងក្តីស្រឡាញ់ចំពោះការងារថា «ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំចង់ធ្វើតែប្រាសាទ មួយជីវិតខ្ញុំនៅតែចង់បន្តធ្វើការងារនេះរហូតឱ្យ តែនៅ មាន កម្លាំង ព្រោះខ្ញុំចង់ឱ្យបេតិកភណ្ឌពិភពលោកកាន់តែរីកចម្រើនតទៅមុខ កុំឱ្យរលុះបាក់បែក។ ខ្ញុំសោក ស្តាយ ណាស់ ដែលប្រាសាទខ្មែរជាច្រើនខូចខាត ខ្ទេចខ្ទាំ ខ្ញុំចង់ជួសជុលថ្មីឱ្យបានល្អដូចបុរាណវិញ តាមសមត្ថភាពនិងការចេះដឹងរបស់ខ្ញុំ»។

លោកមេក្រុម គង់ បានបញ្ជាក់ដែរថា បទពិសោធន៍ការងារជាអ្នកជួសជុលប្រាសាទដំបូងឡើយ លោកបានធ្វើការជាមួយអ្នកជំនាញចិន ដែលជួសជុលនៅប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ។ ក្រោយចប់គម្រោង លោកក៏បានបន្តការងារជាមួយអ្នកជំនាញឥណ្ឌានៅប្រាសាទតាព្រហ្ម និងជាមួយ អ្នកជំនាញខ្មែរ ដែលធ្វើការជួសជុលនៅប្រាសាទបាសែត ប្រាសាទនៅអូរជីក និងនៅបន្ទាយឆ្មារ។ ការអនុវត្តជាប្រចាំនេះហើយ ដែល ធ្វើឱ្យលោកអាចស្គាល់ពីគុណភាពថ្ម រៀបថ្មឱ្យជាប់មាំទាំ ជិត ល្អ ដូច បុរាណ ហើយមានសមត្ថភាពអាចសង្គ្រោះប្រាសាទបុរាណបាន។

លោកក៏សង្ឃឹមថា មិនយូរទេប្រាសាទក្នុងប្រទេសខ្មែរនឹងទទួលបានការអភិរក្សជួសជុល ឱ្យរួច ផុតពីហានិភ័យ ហើយសូមឱ្យកូនខ្មែរទាំងអស់ ចេះស្រឡាញ់ ការពារ ថែរក្សាប្រាសាទដូនតាជា បេតិកភណ្ឌពិភពលោកទាំងអស់គ្នា។ ចំពោះលោកវិញ លោកមានមោទនភាពណាស់ ហើយប្តេជ្ញានឹងបន្តការងារនេះរហូត ព្រោះបានបន្សល់នូវស្នាដៃថ្មីលើវត្ថុបុរាណទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់៕























អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ កញ្ញា ហ៊ីង ស្រីរ័ត្ន/លោក ហ៊ុំ រិទ្ធី
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2020
ម្សិលមិញ
:
6616
សប្តាហ៍នេះ
:
14601
ខែនេះ
:
0257276
សរុប
:
012764865