ព័ត៌មានថ្មីៗ

លោក លឹម គង់៖ មួយជីវិតខ្ញុំគឺដើម្បីការងារអភិរក្សជួសជុល និងសង្គ្រោះប្រាសាទខ្មែរឱ្យល្អដូចពីបុរាណ!

បានផ្សាយនៅ ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ2019 04:20 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀម លោក លឹម គង់ មានអាយុ៥៧ឆ្នាំ បានចំណាយពេលអស់រយៈពេល១៥ឆ្នាំជា អ្នកជួសជុលប្រាសាទ នៅ ក្នុង រមណីយដ្ឋាន អង្គរ បាត់ដំបង និងបន្ទាយមានជ័យ រហូតក្លាយ ជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារ ជា ហូរហែ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀតផង។

សព្វថ្ងៃ លោក លឹម គង់ កំពុងបំពេញភារកិច្ចជាមេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងស្ថានទូតបារាំងប្រចាំកម្ពុជា។

បើទោះបីមិនមែនជាអ្នកជំនាញដែលទទួលបានការអប់រំថ្នាក់បរិញ្ញាបត្រឬបណ្ឌិតជំនាញជួសជុលប្រាសាទក៏ពិតមែន ក៏មេ ក្រុម ជួស ជុល ប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិចរូបនេះ មានបទពិសោធន៍ គ្រប់គ្រាន់ ច្បាស់ លាស់ ក្នុងការតថ្ម រៀបថ្ម ដាប់ថ្ម លាយកាវ និងបង្រៀនកូនក្រុមអំពីការងារបានយ៉ាងល្អ។

ក្នុងនាមជាអ្នកជួសជុលប្រាសាទដូនតាមួយរូប លោក គង់ បានបង្ហាញនូវឆន្ទៈនិងក្តីស្រឡាញ់ចំពោះការងារថា «ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំចង់ធ្វើតែប្រាសាទ មួយជីវិតខ្ញុំនៅតែចង់បន្តធ្វើការងារនេះរហូតឱ្យ តែនៅ មាន កម្លាំង ព្រោះខ្ញុំចង់ឱ្យបេតិកភណ្ឌពិភពលោកកាន់តែរីកចម្រើនតទៅមុខ កុំឱ្យរលុះបាក់បែក។ ខ្ញុំសោក ស្តាយ ណាស់ ដែលប្រាសាទខ្មែរជាច្រើនខូចខាត ខ្ទេចខ្ទាំ ខ្ញុំចង់ជួសជុលថ្មីឱ្យបានល្អដូចបុរាណវិញ តាមសមត្ថភាពនិងការចេះដឹងរបស់ខ្ញុំ»។

លោកមេក្រុម គង់ បានបញ្ជាក់ដែរថា បទពិសោធន៍ការងារជាអ្នកជួសជុលប្រាសាទដំបូងឡើយ លោកបានធ្វើការជាមួយអ្នកជំនាញចិន ដែលជួសជុលនៅប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ។ ក្រោយចប់គម្រោង លោកក៏បានបន្តការងារជាមួយអ្នកជំនាញឥណ្ឌានៅប្រាសាទតាព្រហ្ម និងជាមួយ អ្នកជំនាញខ្មែរ ដែលធ្វើការជួសជុលនៅប្រាសាទបាសែត ប្រាសាទនៅអូរជីក និងនៅបន្ទាយឆ្មារ។ ការអនុវត្តជាប្រចាំនេះហើយ ដែល ធ្វើឱ្យលោកអាចស្គាល់ពីគុណភាពថ្ម រៀបថ្មឱ្យជាប់មាំទាំ ជិត ល្អ ដូច បុរាណ ហើយមានសមត្ថភាពអាចសង្គ្រោះប្រាសាទបុរាណបាន។

លោកក៏សង្ឃឹមថា មិនយូរទេប្រាសាទក្នុងប្រទេសខ្មែរនឹងទទួលបានការអភិរក្សជួសជុល ឱ្យរួច ផុតពីហានិភ័យ ហើយសូមឱ្យកូនខ្មែរទាំងអស់ ចេះស្រឡាញ់ ការពារ ថែរក្សាប្រាសាទដូនតាជា បេតិកភណ្ឌពិភពលោកទាំងអស់គ្នា។ ចំពោះលោកវិញ លោកមានមោទនភាពណាស់ ហើយប្តេជ្ញានឹងបន្តការងារនេះរហូត ព្រោះបានបន្សល់នូវស្នាដៃថ្មីលើវត្ថុបុរាណទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់៕























អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ កញ្ញា ហ៊ីង ស្រីរ័ត្ន/លោក ហ៊ុំ រិទ្ធី
នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍ប្រតិភូសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុនដឹកនាំដោយលោកសាស្ត្រាចារ្យ ហ៊ីរ៉ាយ៉ាម៉ា សិងគិជិ (Hirayama Zenkichi) ប្រធានគណៈកម្មការបច្ចេកទេសគម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ចូលជួបសម្តែងការគួរសមនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
ប្រាសាទអកយំ នៅផ្នែកខាងជើង កំពុងទទួលបានការធ្វើកំណាយស្រាវជ្រាវនិងបុរាណវិទ្យាបង្ការដោយក្រុមអ្នកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។ ការធ្វើកំណាយនៅពេលនេះគឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។
ក្នុងងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងជាដួងព្រលឹងជាតិខ្មែរ អាជ្ញាធរជាតិអប្សរាបានប្រកាន់ខ្ជាប់នូវគោលការណ៍ពីរសំខាន់ គឺការអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាព ដែលចាំបាច់ត្រូវដើរទន្ទឹមគ្នា និងបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីសាសនា និងល្បែងប្រជាប្រិយជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត នៅតំបន់ព្រះអង្គចេកព្រះអង្គចម។
អាជ្ញាធរជាតិអប្សរាកំពុងដំណើរការដាក់ផ្ទាំងស្លាកឈ្មោះប្រាសាទដែលមានទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស ធ្វើពីថ្មភក់ប្រមាណ១១៨ផ្ទាំងដាក់នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឱ្យរួចរាល់ក្នុងរយៈពេល២ខែ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0068
ម្សិលមិញ
:
2643
សប្តាហ៍នេះ
:
06232
ខែនេះ
:
0077644
សរុប
:
008449051