ព័ត៌មានថ្មីៗ

លោក លឹម គង់៖ មួយជីវិតខ្ញុំគឺដើម្បីការងារអភិរក្សជួសជុល និងសង្គ្រោះប្រាសាទខ្មែរឱ្យល្អដូចពីបុរាណ!

បានផ្សាយនៅ ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ2019 04:20 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀម លោក លឹម គង់ មានអាយុ៥៧ឆ្នាំ បានចំណាយពេលអស់រយៈពេល១៥ឆ្នាំជា អ្នកជួសជុលប្រាសាទ នៅ ក្នុង រមណីយដ្ឋាន អង្គរ បាត់ដំបង និងបន្ទាយមានជ័យ រហូតក្លាយ ជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារ ជា ហូរហែ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀតផង។

សព្វថ្ងៃ លោក លឹម គង់ កំពុងបំពេញភារកិច្ចជាមេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងស្ថានទូតបារាំងប្រចាំកម្ពុជា។

បើទោះបីមិនមែនជាអ្នកជំនាញដែលទទួលបានការអប់រំថ្នាក់បរិញ្ញាបត្រឬបណ្ឌិតជំនាញជួសជុលប្រាសាទក៏ពិតមែន ក៏មេ ក្រុម ជួស ជុល ប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិចរូបនេះ មានបទពិសោធន៍ គ្រប់គ្រាន់ ច្បាស់ លាស់ ក្នុងការតថ្ម រៀបថ្ម ដាប់ថ្ម លាយកាវ និងបង្រៀនកូនក្រុមអំពីការងារបានយ៉ាងល្អ។

ក្នុងនាមជាអ្នកជួសជុលប្រាសាទដូនតាមួយរូប លោក គង់ បានបង្ហាញនូវឆន្ទៈនិងក្តីស្រឡាញ់ចំពោះការងារថា «ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំចង់ធ្វើតែប្រាសាទ មួយជីវិតខ្ញុំនៅតែចង់បន្តធ្វើការងារនេះរហូតឱ្យ តែនៅ មាន កម្លាំង ព្រោះខ្ញុំចង់ឱ្យបេតិកភណ្ឌពិភពលោកកាន់តែរីកចម្រើនតទៅមុខ កុំឱ្យរលុះបាក់បែក។ ខ្ញុំសោក ស្តាយ ណាស់ ដែលប្រាសាទខ្មែរជាច្រើនខូចខាត ខ្ទេចខ្ទាំ ខ្ញុំចង់ជួសជុលថ្មីឱ្យបានល្អដូចបុរាណវិញ តាមសមត្ថភាពនិងការចេះដឹងរបស់ខ្ញុំ»។

លោកមេក្រុម គង់ បានបញ្ជាក់ដែរថា បទពិសោធន៍ការងារជាអ្នកជួសជុលប្រាសាទដំបូងឡើយ លោកបានធ្វើការជាមួយអ្នកជំនាញចិន ដែលជួសជុលនៅប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ។ ក្រោយចប់គម្រោង លោកក៏បានបន្តការងារជាមួយអ្នកជំនាញឥណ្ឌានៅប្រាសាទតាព្រហ្ម និងជាមួយ អ្នកជំនាញខ្មែរ ដែលធ្វើការជួសជុលនៅប្រាសាទបាសែត ប្រាសាទនៅអូរជីក និងនៅបន្ទាយឆ្មារ។ ការអនុវត្តជាប្រចាំនេះហើយ ដែល ធ្វើឱ្យលោកអាចស្គាល់ពីគុណភាពថ្ម រៀបថ្មឱ្យជាប់មាំទាំ ជិត ល្អ ដូច បុរាណ ហើយមានសមត្ថភាពអាចសង្គ្រោះប្រាសាទបុរាណបាន។

លោកក៏សង្ឃឹមថា មិនយូរទេប្រាសាទក្នុងប្រទេសខ្មែរនឹងទទួលបានការអភិរក្សជួសជុល ឱ្យរួច ផុតពីហានិភ័យ ហើយសូមឱ្យកូនខ្មែរទាំងអស់ ចេះស្រឡាញ់ ការពារ ថែរក្សាប្រាសាទដូនតាជា បេតិកភណ្ឌពិភពលោកទាំងអស់គ្នា។ ចំពោះលោកវិញ លោកមានមោទនភាពណាស់ ហើយប្តេជ្ញានឹងបន្តការងារនេះរហូត ព្រោះបានបន្សល់នូវស្នាដៃថ្មីលើវត្ថុបុរាណទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់៕























អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ កញ្ញា ហ៊ីង ស្រីរ័ត្ន/លោក ហ៊ុំ រិទ្ធី
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួកបានចុះយកកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតានិងទារក ទៅចែកជូនដល់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងឃុំដូនកែវ។ ពិធីចែកជូននេះត្រូវបានធ្វើឡើងនៅក្នុងសាលាឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាតាមបណ្តាប្រាង្គប្រាសាទនានា មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ នគរបាលចរាចរណ៍ប្រចាំតំបន់ឧទ្យានអង្គរ និងមន្ត្រីបុគ្គលិកមកពីនាយកដ្ឋាននានា និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាមួយចំនួនទៀត កំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋមពីក្រុមអ្នកជំនាញ The CPR HERO Training Center មកពីសហរដ្ឋអាមេរិក។ វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមពីថ្ងៃទី១៣ខែធ្នូដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។
រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យក្រុមប្រតិភូសារព័ត៌មានឥណ្ឌារៀបចំដោយក្រសួងការបរទេសឥណ្ឌាចូលជួបសម្តែងការគួរសមនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ អមដំណើរប្រតិភូនានៅក្នុងជំនួបនេះ មានលោក SUDHIR GOSWAMI មន្ត្រីទំនាក់ទំនងនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
ចាប់តាំងពីអង្គរបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២មក ប្រទេសជាច្រើនចាប់ផ្តើមចូលរួមក្នុងកិច្ចការអភិរក្ស និងជួសជុលស្តារឡើងនូវប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនាមជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដោយមានភារកិច្ចជាម្ចាស់ផ្ទះផង ជាអ្នកសម្របសម្រួលជាមួយស្ថាប័នអន្តរជាតិផង ដោយឆ្លងតាមក្រុមជំនាញនៃគណៈកម្មាធិការ ICC-Angkor ដើម្បីជួសជុលអភិរក្សកេរមតកដូនតា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
6114
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
17843
ខែនេះ
:
0244707
សរុប
:
012070338