ព័ត៌មានថ្មីៗ

លោក លឹម គង់៖ មួយជីវិតខ្ញុំគឺដើម្បីការងារអភិរក្សជួសជុល និងសង្គ្រោះប្រាសាទខ្មែរឱ្យល្អដូចពីបុរាណ!

បានផ្សាយនៅ ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ2019 04:20 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀម លោក លឹម គង់ មានអាយុ៥៧ឆ្នាំ បានចំណាយពេលអស់រយៈពេល១៥ឆ្នាំជា អ្នកជួសជុលប្រាសាទ នៅ ក្នុង រមណីយដ្ឋាន អង្គរ បាត់ដំបង និងបន្ទាយមានជ័យ រហូតក្លាយ ជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារ ជា ហូរហែ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀតផង។

សព្វថ្ងៃ លោក លឹម គង់ កំពុងបំពេញភារកិច្ចជាមេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងស្ថានទូតបារាំងប្រចាំកម្ពុជា។

បើទោះបីមិនមែនជាអ្នកជំនាញដែលទទួលបានការអប់រំថ្នាក់បរិញ្ញាបត្រឬបណ្ឌិតជំនាញជួសជុលប្រាសាទក៏ពិតមែន ក៏មេ ក្រុម ជួស ជុល ប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិចរូបនេះ មានបទពិសោធន៍ គ្រប់គ្រាន់ ច្បាស់ លាស់ ក្នុងការតថ្ម រៀបថ្ម ដាប់ថ្ម លាយកាវ និងបង្រៀនកូនក្រុមអំពីការងារបានយ៉ាងល្អ។

ក្នុងនាមជាអ្នកជួសជុលប្រាសាទដូនតាមួយរូប លោក គង់ បានបង្ហាញនូវឆន្ទៈនិងក្តីស្រឡាញ់ចំពោះការងារថា «ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំចង់ធ្វើតែប្រាសាទ មួយជីវិតខ្ញុំនៅតែចង់បន្តធ្វើការងារនេះរហូតឱ្យ តែនៅ មាន កម្លាំង ព្រោះខ្ញុំចង់ឱ្យបេតិកភណ្ឌពិភពលោកកាន់តែរីកចម្រើនតទៅមុខ កុំឱ្យរលុះបាក់បែក។ ខ្ញុំសោក ស្តាយ ណាស់ ដែលប្រាសាទខ្មែរជាច្រើនខូចខាត ខ្ទេចខ្ទាំ ខ្ញុំចង់ជួសជុលថ្មីឱ្យបានល្អដូចបុរាណវិញ តាមសមត្ថភាពនិងការចេះដឹងរបស់ខ្ញុំ»។

លោកមេក្រុម គង់ បានបញ្ជាក់ដែរថា បទពិសោធន៍ការងារជាអ្នកជួសជុលប្រាសាទដំបូងឡើយ លោកបានធ្វើការជាមួយអ្នកជំនាញចិន ដែលជួសជុលនៅប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ។ ក្រោយចប់គម្រោង លោកក៏បានបន្តការងារជាមួយអ្នកជំនាញឥណ្ឌានៅប្រាសាទតាព្រហ្ម និងជាមួយ អ្នកជំនាញខ្មែរ ដែលធ្វើការជួសជុលនៅប្រាសាទបាសែត ប្រាសាទនៅអូរជីក និងនៅបន្ទាយឆ្មារ។ ការអនុវត្តជាប្រចាំនេះហើយ ដែល ធ្វើឱ្យលោកអាចស្គាល់ពីគុណភាពថ្ម រៀបថ្មឱ្យជាប់មាំទាំ ជិត ល្អ ដូច បុរាណ ហើយមានសមត្ថភាពអាចសង្គ្រោះប្រាសាទបុរាណបាន។

លោកក៏សង្ឃឹមថា មិនយូរទេប្រាសាទក្នុងប្រទេសខ្មែរនឹងទទួលបានការអភិរក្សជួសជុល ឱ្យរួច ផុតពីហានិភ័យ ហើយសូមឱ្យកូនខ្មែរទាំងអស់ ចេះស្រឡាញ់ ការពារ ថែរក្សាប្រាសាទដូនតាជា បេតិកភណ្ឌពិភពលោកទាំងអស់គ្នា។ ចំពោះលោកវិញ លោកមានមោទនភាពណាស់ ហើយប្តេជ្ញានឹងបន្តការងារនេះរហូត ព្រោះបានបន្សល់នូវស្នាដៃថ្មីលើវត្ថុបុរាណទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់៕























អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ កញ្ញា ហ៊ីង ស្រីរ័ត្ន/លោក ហ៊ុំ រិទ្ធី
អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមស្តង់ដារអន្តរជាតិ ISO14001 នៅគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា។ សវនកម្មផ្ទៃក្នុងនេះធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២៥ ដល់២៧ ខែតុលា ឆ្នាំ២០១៦។
អនុស្សរណៈរវាង៣ភាគី គឺអាជ្ញាធរជាតិអប្សរា មហាវិទ្យាល័យដុងប៊ូសាន និងក្រុមហ៊ុនDream Airline Tour ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ គោលបំណងចម្បងនៃអនុស្សរណៈនេះគឺ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍវិស័យទេសចរណ៍។
ដើមជ្រៃមួយដើមដែលមានអង្កត់ផ្ចិតប្រហែល៣០សង់ទីម៉ែត្រ ដុះលើរោងទងនៅខាងក្នុងប្រាសាទបេងមាលា ត្រង់ថែវផ្នែកខាងត្បូង ត្រូវបានភ្នាក់ងារអភិរក្សប្រាសាទបេងមាលា រួមនឹងភ្នាក់ងារព្រៃឈើកាប់លះមែកធំតូចដើម្បីសម្រាលទម្ងន់មកលើរចនាសម្ព័ន្ធប្រាសាទ។ ការសម្រេចកាប់លះមែកនៅពេលនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមអភិរក្សប្រាសាទ មើលឃើញថា ដើមជ្រៃមួយដើមធំនេះ បានពុកផុយពាក់កណ្តាលដើម ដោយសារមេខ្មូតស៊ី និងមានមែកសាខាទោរទន់ខ្លាំង ដែលអាចនឹងបាក់រលំធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ និងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។ ការងារនេះដឹកនាំដោយឯកឧត្តម ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងលោក ឈាន រដ្ឋា ប្រធានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ។
ជាថ្មីម្តងទៀត គេហទំព័រក្រុមហ៊ុន Lonely Planet របស់ប្រទេសអូស្ត្រាលី ដែលជា គេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅ បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់រមណីយដ្ឋានអង្គរជាតំបន់គោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតលើពិភពលោកប្រចាំឆ្នាំ២០១៦។
ក្រោយពិធីចេញវស្សាមួយថ្ងៃ គឺចំថ្ងៃ១រោចខែអស្សុជ វត្តអារញ្ញសាគរដែលស្ថិតនៅតាមខាងកើតស្ទឹងសៀមរាប និងជាវត្តចុងក្រោយបង្អស់តាមបណ្តោយស្ទឹងសៀមរាបមុននឹងដល់បឹងទន្លេសាប តែងប្រារព្ធពិធីបុណ្យដ៏អឹកធឹកមួយជារៀងរាល់ឆ្នាំមិនដែលខាន នោះគឺ ពិធីបុណ្យបណ្តែតប្រទីប។ ពិធីបុណ្យនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ជាពិសេសគឺយុវជន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2350
ម្សិលមិញ
:
7912
សប្តាហ៍នេះ
:
10262
ខែនេះ
:
0159832
សរុប
:
009909518