នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្វាយព្រះពរនិងអបអរសាទរដល់ការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ណារឺហិតូ ព្រះចៅអធិរាជជប៉ុន ដែលព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។
ក្នុងនាមអាជ្ញាធរជាតិអប្សរា ទូលបង្គំយើងខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ចំពោះប្រទេសជប៉ុន ប្រជាជនជប៉ុន អ្នកជំនាញជនជាតិជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកអភិរក្សនិងជួសជុលប្រាសាទនៅរមណីយដ្ឋានអង្គរ និងជំនួយគ្រប់បែបយ៉ាងចំពោះអាជ្ញាធរជាតិអប្សរានិងប្រជាជនកម្ពុជា។
ទូលបង្គំយើងខ្ញុំប្តេជ្ញាថែរក្សាចំណងមិត្តភាពដ៏ល្អថ្លៃថ្លានេះជាមួយប្រជាជាតិជប៉ុន ឱ្យបានរឹងមាំ ត្រចះត្រចង់ និងល្អប្រសើរជានិច្ចនិរន្តរ៍៕
អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហ៊ុំ រិទ្ធី