ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរានិងតំណាងស្ថានទូតបារាំងចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច

បានផ្សាយនៅ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ2019 03:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងស្ថានទូតបារាំង លោក Guillaume NARJOLLET ព្រមទាំងអ្នកជំនាញខ្មែរនិងបារាំងបានចុះត្រួតពិនិត្យមើលការវិវឌ្ឍនៃដំណើរការជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលបារាំង។

ការដ្ឋានជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច បានចាប់ផ្តើមតាំងពីឆ្នាំ២០១២រហូតដល់បច្ចុប្បន្ន ហើយទទួលបានលទ្ធផលយ៉ាងល្អប្រសើរដូចជាការតម្រៀបថ្ម ការតថ្មតាមច្រាំងកសិន្ធុ ការបង្ហាប់ដី ការដំឡើងថែវខាងកើត និងខ្លោងទ្វារខាងកើតឡើងវិញបានយ៉ាងគួរឱ្យកត់សម្គាល់។ តាមការប៉ាន់ប្រមាណរបស់អ្នកជំនាញ ការជួសជុលអភិរក្សប្រាសាទមេបុណ្យខាងលិច អាចនឹងរួចរាល់ជាស្ថាពរនៅ៤ឬ៥ឆ្នាំខាងមុខនេះ។

សូមបញ្ចាក់ដែរថា ប្រាសាទមេបុណ្យខាងលិចមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាដែលមានលក្ខណៈប្លែកពិសេស ដោយហេតុថា សំណង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាជាព្រះវិស្ណុ ក្នុងឥរិយាបថផ្ទំមួយអង្គ ក្នុងប្រាសាទនោះផងដែរ៕















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក ហ៊ុំ រិទ្ធី
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
9261
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
43681
ខែនេះ
:
0124958
សរុប
:
009307240