NEWS

គម្រោងស្រាវជ្រាវនៅប្រាសាទអកយំរកឃើញខឿនប្រាសាទដែលកប់ក្នុងទំនប់ខាងត្បូងបារាយណ៍ខាងលិច

Published on 22 April 2019 09:40 AM Post By ៖ Apsara National Authority

ប្រាសាទអកយំ នៅផ្នែកខាងជើង កំពុងទទួលបានការធ្វើកំណាយស្រាវជ្រាវនិងបុរាណវិទ្យាបង្ការដោយក្រុមអ្នកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។ ការធ្វើកំណាយនៅពេលនេះគឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។

បណ្ឌិតផ្នែកបុរាណវិទ្យា លោក ជា សុជាតិ ប្រធានគម្រោង និងជាអ្នកដឹកនាំកិច្ចការស្រាវជ្រាវបានឱ្យដឹងថា ក្រុមអ្នកបុរាណវិទ្យាបានបើករណ្តៅកំណាយស្រាវជ្រាវចំនួន ៨ ទីតាំងដើម្បីស្វែងរកខឿនទី១ផ្នែកខាងជើងរបស់ប្រាសាទអកយំ និងដើម្បីសិក្សាស្វែងរកទំនាក់ទំនងរវាងប្រាសាទនិងការតាំងទីរបស់មនុស្សនៅផ្នែកខាងលិចនៃប្រាសាទ។

លទ្ធផលបឋម ក្រុមអ្នកបុរាណវិទ្យាបានរកឃើញថាក្នុងរណ្តៅកំណាយបុរាណវិទ្យាចំនួន៣មានសំណល់ខឿនក្រោមបង្អស់ ឬខឿនទីមួយរបស់ប្រាសាទអកយំដែលបានលុបបាត់ក្នុងតួទំនប់ខាងត្បូងបារាយណ៍កាលពីគេលើកបារាយណ៍ទាំងមូលនេះឡើងនៅក្នុងអំឡុងសតវត្សទី១១នៃគ.ស។ សំណល់ខឿនទាំងនោះត្រូវបានរកឃើញនៅក្នុងជម្រៅចន្លោះជាមធ្យមពី១០ស.ម. ទៅ១៣០ស.ម។ ក្រុមអ្នកបុរាណវិទ្យាយល់ថាលទ្ធផលនេះនឹងរួមចំណែកយ៉ាងធំក្នុងការកំណត់ទីតាំងពិតប្រាកដ ក៏ដូចជាជម្រៅរបស់សំណល់ខឿនទីមួយរបស់ប្រាសាទអកយំដែរ។

បច្ចុប្បន្នក្រុមការងារកំពុងជីកបន្ថែម ដោយរំពឹងថានឹងអាចទៅដល់បាតក្រោមនៃខឿនប្រាសាទនេះ ប្រសិនបើគ្មានការរំខានពីបញ្ហាភ្លៀង និងកម្រិតទឹកក្នុងបារាយណ៍។ល។ រីឯនៅក្នុងរណ្ដៅចំនួន៤ធំៗ ស្ថិតនៅខាងលិចនៃជ្រុងពាយ័ព្យនៃខឿនទីមួយរបស់ប្រាសាទអកយំវិញ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញមានថ្មភ្នំដែលមានទំហំធំៗជាច្រើន។ តាមការវិភាគបឋមក្រុមអ្នកបុរាណវិទ្យាយល់ឃើញថាថ្មទាំងនោះ ត្រូវបានអ្នកជំនាន់មុនយកមកតំរៀបដើម្បីទប់ជើងទេរផ្នែកខាងជើងនៃទំនប់ខាងត្បូង ហើយក៏អាចប្រើទប់កុំឱ្យដីហូរច្រោះ បើទោះបីជាដីដែលគេលើកយកមកធ្វើទំនប់នោះជាប្រភេទដីឥដ្ឋដែលត្រូវបានបង្ហាប់ មានពណ៌ប្រផេះនិងមានលាយខ្សាច់ក្នុងបរិមាណតិចតួចបំផុតក្តី ។

លោក ជា សុជាតិ បានបន្តទៀតថា ផ្នែកខាងជើងនៃប្រាសាទអកយំពុំធ្លាប់បានធ្វើការស្រាវជ្រាវបុរាណវិទ្យាឱ្យបានដិតដល់នោះទេ បើទោះបីជាមានការរុករកខឿនទីមួយផ្នែកខាងជើងរបស់ប្រាសាទអកយំនេះក្នុងចន្លោះឆ្នាំ១៩៣២និងឆ្នាំ១៩៣៥ ដោយអ្នកស្រាវជ្រាវជនជាតិបារាំងឈ្មោះ Georges Trouvé (ហ្សក ទ្រូវេ)ក៏ដោយ។ តាមរយៈការស្រាវជ្រាវ ជនជាតិបារាំងរូបនេះបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនូវឯកសារជាច្រើនដូចជា សំណេរដៃក្នុងទិនានុប្បវត្តិកំណាយ (Journaux de fouilles) របាយការណ៍ប្រចាំខែ ឯកសារប្លង់់ចំនួន៥៨ផ្ទាំង និងរូបថតចំនួន១៣៥សន្លឹក ដើម្បីជាឯកសារយោង។ បើយោងតាមការស្រាវជ្រាវរបស់លោក ហ្សក ទ្រូវេ នៅពេលនោះ គេអាចដឹងបានថា ខឿនទីមួយរបស់ប្រាសាទអកយំមានប្រវែង ១០០ម៉ែត្របួនជ្រុង កម្ពស់ប្រវែង២,៦០ម៉ែត្រ និងមានកម្រាស់ទទឹងប្រវែង ៣ម៉ែត្រ ។ រីឯការស្រាវជ្រាវជាបន្តដោយលោក Christophe Pottier (គ្រីស្តូហ្វ ប៉ូត្យេ) ដែលធ្វើឡើងក្នុងឆ្នាំ ២០០១ ឆ្នាំ២០១២ និងឆ្នាំ២០១៦ បានរំលេចអោយឃើញនូវទិន្នន័យថ្មីជាច្រើនបន្ថែមទៀតនៅផ្នែកខាងត្បូងប្រាសាទនិងលើសអំពីអ្វីដែលលោក ហ្សក ទ្រូវេ ធ្លាប់បានរកឃើញ។

គួរបញ្ជាក់ថា គម្រោងស្រាវជ្រាវរចនាសម្ព័ន្ធផ្នែកខាងជើងប្រាសាទអកយំនៅពេលនេះ គឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។ ការសិក្សាស្រាវជ្រាវបុរាណវិទ្យានេះ គឺធ្វើឡើងទាំងសម្រាប់ការស្រាវជ្រាវផង និងសម្រាប់កំណាយបុរាណវិទ្យាបង្ការផងដែរ។ គម្រោងស្រាវជ្រាវនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ៕
























កូនក្រពើដែលព្រលែងថ្ងៃមុន ត្រូវបានប្រជាពលរដ្ឋចាប់បានវិញហើយនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ។ បច្ចុប្បន្នក្រពើនោះ ត្រូវបានមន្រ្តីជំនាញផ្នែករដ្ឋបាលជលផលខេត្តសៀមរាបយកទៅរក្សាទុកនៅកន្លែងដទៃរួចហើយដែរ។
ថ្ងៃ​សុក្រ​ ១២កេីត​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែលបានលែងកូនក្រពេី​ និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច​ បណ្ដោយ​ប្រហែល​ ៤០​សង់ទីម៉ែត្រ​ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​នៅប៉ែក​ខាងកេីត។
អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពអនាម័យរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងបុព្វហេតុនេះ អាជ្ញាធរជាតិអប្សរាដែលទទួលបានជំនួយពីរាជរដ្ឋាភិបាលប្រទេសបារាំងបាននិងកំពុងអនុវត្តន៍គម្រោង សុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រង ទឹកក្នុងតំបន់អង្គរ (PAAGERA) ដើម្បីលើកស្ទួយកម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អង្គរលើផ្នែកសុខភាព និងអនាម័យតាមរយៈការផ្សព្វផ្សាយពន្យល់របស់ក្រុម
អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់លើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យក្នុងរមណីយដ្ឋានអង្គរ ដោយក្នុងនោះមានទាំងការរៀបចំផ្លូវថ្នល់ សួនច្បារ ការដាំដើមឈើឡើងវិញជុំវិញតំបន់ ដើម្បីឱ្យល្អប្រសើរ និងមានភាពបៃតងប្រយោជន៍ទាំងសង្គម បរិស្ថាន និងប្រាសាទ។ ក្នុងគម្រោងអភិវឌ្ឍន៍ទាំងនោះ ក៏មានការដាំស្មៅនៅបរិវេណប្រាសាទអង្គរវត្តផងដែរ រួមទាំងការរៀបចំប្រព័ន្ធស្រោចស្រពទំនើបដោយស្វ័យប្រវត្តិ ដើម្បីឱ្យវាលស្មៅនៅខាងក្នុងប្រាសាទអង្គរវត្តមានភាពបៃតងគ្រប់រដូវកាលទាំងរដូវប្រាំងនិងរដូវវស្សា។
នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៩ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នឹងមានរៀបចំបាឋកថាស្តីអំពី «ព្រះលិង្គ» ដោយលោកសាស្រ្តាចារ្យ អាំង ជូលាន។
FirstPrev12345...263264NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
2
Today
:
0500
Yesterday
:
2952
This Week
:
16376
This Month
:
0043832
Total
:
009417108