ព័ត៌មានថ្មីៗ

គម្រោងស្រាវជ្រាវនៅប្រាសាទអកយំរកឃើញខឿនប្រាសាទដែលកប់ក្នុងទំនប់ខាងត្បូងបារាយណ៍ខាងលិច

បានផ្សាយនៅ ថ្ងៃទី 22 ខែ មេសា ឆ្នាំ2019 09:40 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទអកយំ នៅផ្នែកខាងជើង កំពុងទទួលបានការធ្វើកំណាយស្រាវជ្រាវនិងបុរាណវិទ្យាបង្ការដោយក្រុមអ្នកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។ ការធ្វើកំណាយនៅពេលនេះគឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។

បណ្ឌិតផ្នែកបុរាណវិទ្យា លោក ជា សុជាតិ ប្រធានគម្រោង និងជាអ្នកដឹកនាំកិច្ចការស្រាវជ្រាវបានឱ្យដឹងថា ក្រុមអ្នកបុរាណវិទ្យាបានបើករណ្តៅកំណាយស្រាវជ្រាវចំនួន ៨ ទីតាំងដើម្បីស្វែងរកខឿនទី១ផ្នែកខាងជើងរបស់ប្រាសាទអកយំ និងដើម្បីសិក្សាស្វែងរកទំនាក់ទំនងរវាងប្រាសាទនិងការតាំងទីរបស់មនុស្សនៅផ្នែកខាងលិចនៃប្រាសាទ។

លទ្ធផលបឋម ក្រុមអ្នកបុរាណវិទ្យាបានរកឃើញថាក្នុងរណ្តៅកំណាយបុរាណវិទ្យាចំនួន៣មានសំណល់ខឿនក្រោមបង្អស់ ឬខឿនទីមួយរបស់ប្រាសាទអកយំដែលបានលុបបាត់ក្នុងតួទំនប់ខាងត្បូងបារាយណ៍កាលពីគេលើកបារាយណ៍ទាំងមូលនេះឡើងនៅក្នុងអំឡុងសតវត្សទី១១នៃគ.ស។ សំណល់ខឿនទាំងនោះត្រូវបានរកឃើញនៅក្នុងជម្រៅចន្លោះជាមធ្យមពី១០ស.ម. ទៅ១៣០ស.ម។ ក្រុមអ្នកបុរាណវិទ្យាយល់ថាលទ្ធផលនេះនឹងរួមចំណែកយ៉ាងធំក្នុងការកំណត់ទីតាំងពិតប្រាកដ ក៏ដូចជាជម្រៅរបស់សំណល់ខឿនទីមួយរបស់ប្រាសាទអកយំដែរ។

បច្ចុប្បន្នក្រុមការងារកំពុងជីកបន្ថែម ដោយរំពឹងថានឹងអាចទៅដល់បាតក្រោមនៃខឿនប្រាសាទនេះ ប្រសិនបើគ្មានការរំខានពីបញ្ហាភ្លៀង និងកម្រិតទឹកក្នុងបារាយណ៍។ល។ រីឯនៅក្នុងរណ្ដៅចំនួន៤ធំៗ ស្ថិតនៅខាងលិចនៃជ្រុងពាយ័ព្យនៃខឿនទីមួយរបស់ប្រាសាទអកយំវិញ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញមានថ្មភ្នំដែលមានទំហំធំៗជាច្រើន។ តាមការវិភាគបឋមក្រុមអ្នកបុរាណវិទ្យាយល់ឃើញថាថ្មទាំងនោះ ត្រូវបានអ្នកជំនាន់មុនយកមកតំរៀបដើម្បីទប់ជើងទេរផ្នែកខាងជើងនៃទំនប់ខាងត្បូង ហើយក៏អាចប្រើទប់កុំឱ្យដីហូរច្រោះ បើទោះបីជាដីដែលគេលើកយកមកធ្វើទំនប់នោះជាប្រភេទដីឥដ្ឋដែលត្រូវបានបង្ហាប់ មានពណ៌ប្រផេះនិងមានលាយខ្សាច់ក្នុងបរិមាណតិចតួចបំផុតក្តី ។

លោក ជា សុជាតិ បានបន្តទៀតថា ផ្នែកខាងជើងនៃប្រាសាទអកយំពុំធ្លាប់បានធ្វើការស្រាវជ្រាវបុរាណវិទ្យាឱ្យបានដិតដល់នោះទេ បើទោះបីជាមានការរុករកខឿនទីមួយផ្នែកខាងជើងរបស់ប្រាសាទអកយំនេះក្នុងចន្លោះឆ្នាំ១៩៣២និងឆ្នាំ១៩៣៥ ដោយអ្នកស្រាវជ្រាវជនជាតិបារាំងឈ្មោះ Georges Trouvé (ហ្សក ទ្រូវេ)ក៏ដោយ។ តាមរយៈការស្រាវជ្រាវ ជនជាតិបារាំងរូបនេះបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនូវឯកសារជាច្រើនដូចជា សំណេរដៃក្នុងទិនានុប្បវត្តិកំណាយ (Journaux de fouilles) របាយការណ៍ប្រចាំខែ ឯកសារប្លង់់ចំនួន៥៨ផ្ទាំង និងរូបថតចំនួន១៣៥សន្លឹក ដើម្បីជាឯកសារយោង។ បើយោងតាមការស្រាវជ្រាវរបស់លោក ហ្សក ទ្រូវេ នៅពេលនោះ គេអាចដឹងបានថា ខឿនទីមួយរបស់ប្រាសាទអកយំមានប្រវែង ១០០ម៉ែត្របួនជ្រុង កម្ពស់ប្រវែង២,៦០ម៉ែត្រ និងមានកម្រាស់ទទឹងប្រវែង ៣ម៉ែត្រ ។ រីឯការស្រាវជ្រាវជាបន្តដោយលោក Christophe Pottier (គ្រីស្តូហ្វ ប៉ូត្យេ) ដែលធ្វើឡើងក្នុងឆ្នាំ ២០០១ ឆ្នាំ២០១២ និងឆ្នាំ២០១៦ បានរំលេចអោយឃើញនូវទិន្នន័យថ្មីជាច្រើនបន្ថែមទៀតនៅផ្នែកខាងត្បូងប្រាសាទនិងលើសអំពីអ្វីដែលលោក ហ្សក ទ្រូវេ ធ្លាប់បានរកឃើញ។

គួរបញ្ជាក់ថា គម្រោងស្រាវជ្រាវរចនាសម្ព័ន្ធផ្នែកខាងជើងប្រាសាទអកយំនៅពេលនេះ គឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។ ការសិក្សាស្រាវជ្រាវបុរាណវិទ្យានេះ គឺធ្វើឡើងទាំងសម្រាប់ការស្រាវជ្រាវផង និងសម្រាប់កំណាយបុរាណវិទ្យាបង្ការផងដែរ។ គម្រោងស្រាវជ្រាវនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ៕
























នៅព្រឹកថ្ងៃទី០៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានជួយសង្រ្គោះភ្ញៀវទេសចរជនជាតិចិនម្នាក់ដែលបានដួលគ្រេចជើង ខណៈកំពុងដើរទស្សនានៅប្រាសាទអង្គរវត្ត។
ក្នុងគោលបំណងអភិរក្សប្រាសាទផង និងគិតគូរផងអំពីការបញ្ជៀសហានិភ័យផ្សេងៗដល់ប្រាង្គប្រាសាទនិងមនុស្ស ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចុះកាត់ដកហូតដើមឈើចំនួន៣ដើមដែលមានហានិភ័យខ្ពស់ចំនួន៣ដើមស្ថិតនៅបរិវេណខាងក្នុងនៃប្រាសាទព្រះខ័ន្ត។
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយនឹងលោកស្រី Ren Wanping អនុប្រធានសារមន្ទីរ Palace Museum នៅថ្ងៃចន្ទ ០៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល សៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងលោកធម្មបណ្ឌិត ហេង មណីចិន្តា ជាទីប្រឹក្សា និងក្រុមប្រឹក្សាកិច្ចការវត្តអារាម បានចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជ ទេព វង្ស ដើម្បីទូលថ្វាយអំពីកិច្ចការរបស់អាជ្ញាធរជាតិអប្សរា និងតួនាទីវត្តអារាមក្នុងការចូលរួមអភិរក្សបេតិកភណ្ឌជាតិ ជាពិសេសកិច្ចការអភិរក្សនៅប្រាសាទលលៃដែលកំពុងដំណើរការជួសជុល។
ដើមឈើមានសារៈសំខាន់ណាស់សម្រាប់កិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរព្រោះដើមឈើបានដើរតួនាទីយ៉ាងសំខាន់ជារបាំងការពារខ្យល់ រក្សាសំណើមដល់ថ្មប្រាសាទ ការសំណឹករិចរិលរបស់ថ្មដោយកត្តាអាកាសធាតុ ទប់ទល់ការហូរច្រោះដី ទាក់ទាញទឹកភ្លៀង រក្សាតុល្យភាពទឹកក្រោមដី និងជាគម្របបៃតងលម្អជុំវិញប្រាសាទឱ្យមានទេសភាពស្រស់ត្រកាល។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0428
ម្សិលមិញ
:
1539
សប្តាហ៍នេះ
:
19523
ខែនេះ
:
0046979
សរុប
:
009420255