ព័ត៌មានថ្មីៗ

គម្រោងស្រាវជ្រាវនៅប្រាសាទអកយំរកឃើញខឿនប្រាសាទដែលកប់ក្នុងទំនប់ខាងត្បូងបារាយណ៍ខាងលិច

បានផ្សាយនៅ ថ្ងៃទី 22 ខែ មេសា ឆ្នាំ2019 09:40 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទអកយំ នៅផ្នែកខាងជើង កំពុងទទួលបានការធ្វើកំណាយស្រាវជ្រាវនិងបុរាណវិទ្យាបង្ការដោយក្រុមអ្នកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។ ការធ្វើកំណាយនៅពេលនេះគឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។

បណ្ឌិតផ្នែកបុរាណវិទ្យា លោក ជា សុជាតិ ប្រធានគម្រោង និងជាអ្នកដឹកនាំកិច្ចការស្រាវជ្រាវបានឱ្យដឹងថា ក្រុមអ្នកបុរាណវិទ្យាបានបើករណ្តៅកំណាយស្រាវជ្រាវចំនួន ៨ ទីតាំងដើម្បីស្វែងរកខឿនទី១ផ្នែកខាងជើងរបស់ប្រាសាទអកយំ និងដើម្បីសិក្សាស្វែងរកទំនាក់ទំនងរវាងប្រាសាទនិងការតាំងទីរបស់មនុស្សនៅផ្នែកខាងលិចនៃប្រាសាទ។

លទ្ធផលបឋម ក្រុមអ្នកបុរាណវិទ្យាបានរកឃើញថាក្នុងរណ្តៅកំណាយបុរាណវិទ្យាចំនួន៣មានសំណល់ខឿនក្រោមបង្អស់ ឬខឿនទីមួយរបស់ប្រាសាទអកយំដែលបានលុបបាត់ក្នុងតួទំនប់ខាងត្បូងបារាយណ៍កាលពីគេលើកបារាយណ៍ទាំងមូលនេះឡើងនៅក្នុងអំឡុងសតវត្សទី១១នៃគ.ស។ សំណល់ខឿនទាំងនោះត្រូវបានរកឃើញនៅក្នុងជម្រៅចន្លោះជាមធ្យមពី១០ស.ម. ទៅ១៣០ស.ម។ ក្រុមអ្នកបុរាណវិទ្យាយល់ថាលទ្ធផលនេះនឹងរួមចំណែកយ៉ាងធំក្នុងការកំណត់ទីតាំងពិតប្រាកដ ក៏ដូចជាជម្រៅរបស់សំណល់ខឿនទីមួយរបស់ប្រាសាទអកយំដែរ។

បច្ចុប្បន្នក្រុមការងារកំពុងជីកបន្ថែម ដោយរំពឹងថានឹងអាចទៅដល់បាតក្រោមនៃខឿនប្រាសាទនេះ ប្រសិនបើគ្មានការរំខានពីបញ្ហាភ្លៀង និងកម្រិតទឹកក្នុងបារាយណ៍។ល។ រីឯនៅក្នុងរណ្ដៅចំនួន៤ធំៗ ស្ថិតនៅខាងលិចនៃជ្រុងពាយ័ព្យនៃខឿនទីមួយរបស់ប្រាសាទអកយំវិញ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញមានថ្មភ្នំដែលមានទំហំធំៗជាច្រើន។ តាមការវិភាគបឋមក្រុមអ្នកបុរាណវិទ្យាយល់ឃើញថាថ្មទាំងនោះ ត្រូវបានអ្នកជំនាន់មុនយកមកតំរៀបដើម្បីទប់ជើងទេរផ្នែកខាងជើងនៃទំនប់ខាងត្បូង ហើយក៏អាចប្រើទប់កុំឱ្យដីហូរច្រោះ បើទោះបីជាដីដែលគេលើកយកមកធ្វើទំនប់នោះជាប្រភេទដីឥដ្ឋដែលត្រូវបានបង្ហាប់ មានពណ៌ប្រផេះនិងមានលាយខ្សាច់ក្នុងបរិមាណតិចតួចបំផុតក្តី ។

លោក ជា សុជាតិ បានបន្តទៀតថា ផ្នែកខាងជើងនៃប្រាសាទអកយំពុំធ្លាប់បានធ្វើការស្រាវជ្រាវបុរាណវិទ្យាឱ្យបានដិតដល់នោះទេ បើទោះបីជាមានការរុករកខឿនទីមួយផ្នែកខាងជើងរបស់ប្រាសាទអកយំនេះក្នុងចន្លោះឆ្នាំ១៩៣២និងឆ្នាំ១៩៣៥ ដោយអ្នកស្រាវជ្រាវជនជាតិបារាំងឈ្មោះ Georges Trouvé (ហ្សក ទ្រូវេ)ក៏ដោយ។ តាមរយៈការស្រាវជ្រាវ ជនជាតិបារាំងរូបនេះបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនូវឯកសារជាច្រើនដូចជា សំណេរដៃក្នុងទិនានុប្បវត្តិកំណាយ (Journaux de fouilles) របាយការណ៍ប្រចាំខែ ឯកសារប្លង់់ចំនួន៥៨ផ្ទាំង និងរូបថតចំនួន១៣៥សន្លឹក ដើម្បីជាឯកសារយោង។ បើយោងតាមការស្រាវជ្រាវរបស់លោក ហ្សក ទ្រូវេ នៅពេលនោះ គេអាចដឹងបានថា ខឿនទីមួយរបស់ប្រាសាទអកយំមានប្រវែង ១០០ម៉ែត្របួនជ្រុង កម្ពស់ប្រវែង២,៦០ម៉ែត្រ និងមានកម្រាស់ទទឹងប្រវែង ៣ម៉ែត្រ ។ រីឯការស្រាវជ្រាវជាបន្តដោយលោក Christophe Pottier (គ្រីស្តូហ្វ ប៉ូត្យេ) ដែលធ្វើឡើងក្នុងឆ្នាំ ២០០១ ឆ្នាំ២០១២ និងឆ្នាំ២០១៦ បានរំលេចអោយឃើញនូវទិន្នន័យថ្មីជាច្រើនបន្ថែមទៀតនៅផ្នែកខាងត្បូងប្រាសាទនិងលើសអំពីអ្វីដែលលោក ហ្សក ទ្រូវេ ធ្លាប់បានរកឃើញ។

គួរបញ្ជាក់ថា គម្រោងស្រាវជ្រាវរចនាសម្ព័ន្ធផ្នែកខាងជើងប្រាសាទអកយំនៅពេលនេះ គឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។ ការសិក្សាស្រាវជ្រាវបុរាណវិទ្យានេះ គឺធ្វើឡើងទាំងសម្រាប់ការស្រាវជ្រាវផង និងសម្រាប់កំណាយបុរាណវិទ្យាបង្ការផងដែរ។ គម្រោងស្រាវជ្រាវនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ៕
























រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌរស់របស់មនុស្សជាតិ។ រមណីយដ្ឋាននេះមិនមានត្រឹមតែប្រាង្គប្រាសាទ ព្រៃព្រឹក្សាប៉ុណ្ណោះទេ តែក៏មានមនុស្សរស់នៅប្រកបមុខរបរចិញ្ចឹមជីវិត និងរក្សាទំនៀមទម្លាប់ប្រពៃណីយ៉ាងល្អទៀតផង។ អ្នកស្រុកដែលរស់នៅក្នុងតំបន់រមណីយដ្ឋានពិភពលោកនេះ គេច្រើនហៅថា អ្នកអង្គរ។ ក្រៅពីមុខរបរជាកសិករ អ្នកអង្គរច្រើនតែមានមុខរបរទៀត ដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ដូចជា កម្មករជួសជុលប្រាសាទ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារការពារព្រៃឈើជុំវិញអង្គរជាដើម។
ប្រាសាទតានៃ គឺជាប្រាសាទមួយដែលមានទេសភាព និងរចនាប័ទ្មដ៏ស្រស់ស្អាត សាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះស្ថិតនៅក្នុកណ្តាលព្រៃយ៉ាងស្ងាត់ជ្រងំ និងផ្លូវចូលជាច្រកផ្លូវលំតូចមួយនោះ ដូច្នេះមិនសូវមានអ្នកទេសចរច្រើនទេ ដែលបានទៅដល់ប្រាសាទមួយនេះ។ ប្រាសាទតានៃ មានទីតាំងនៅខាងកើតប្រាសាទតាកែវ ឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ។
ប្រាសាទតានៃ គឺជាប្រាសាទមួយដែលមានទេសភាព និងរចនាប័ទ្មដ៏ស្រស់ស្អាត។ មានទីតាំងក្នុងព្រៃ និងផ្លូវចូលជាច្រកផ្លូវលំតូចមួយនោះ ដូច្នេះមិនសូវមានអ្នកទេសចរច្រើនទេ ដែលបានទៅដល់ប្រាសាទមួយនេះ។ ប្រាសាទតានៃ មានទីតាំងនៅខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ។ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តជាតិអង្គរវត្ត ឆ្នាំ​២០១៦​ បានចាប់ផ្តើម និងបញ្ចប់នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី៤ ខែធ្នូ​ ឆ្នាំ២០១៦​ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ គោលបំណង​ចម្បង​នៃពិធីរត់ប្រណាំង នេះគឺដើម្បីការងារមនុស្សធម៌​ បង្កើតសន្តិភាព​ មិត្តភាព​ និងសុខភាពសម្រាប់ទាំងអស់គ្នា។​
ប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ីប្រទេសចិន បានមកបំពេញទស្សនកិច្ចសិក្សានៅភូមិធម្មជាតិរុនតាឯក នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។ ក្នុងដំណើរនោះ លោក បៃ ស៊ី (Bai Xi) ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក ដោយក្នុងនោះលោកប្រធានមន្ទីរកសិកម្មខេត្តក្វាងស៊ី បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារកសិកម្មរវាងភាគីទាំងពីរ ឲ្យកាន់តែប្រសើរឡើងទៅមុខទៀត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
3324
ម្សិលមិញ
:
4682
សប្តាហ៍នេះ
:
65859
ខែនេះ
:
0065859
សរុប
:
011002843