ព័ត៌មានថ្មីៗ

គម្រោងស្រាវជ្រាវនៅប្រាសាទអកយំរកឃើញខឿនប្រាសាទដែលកប់ក្នុងទំនប់ខាងត្បូងបារាយណ៍ខាងលិច

បានផ្សាយនៅ ថ្ងៃទី 22 ខែ មេសា ឆ្នាំ2019 09:40 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទអកយំ នៅផ្នែកខាងជើង កំពុងទទួលបានការធ្វើកំណាយស្រាវជ្រាវនិងបុរាណវិទ្យាបង្ការដោយក្រុមអ្នកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។ ការធ្វើកំណាយនៅពេលនេះគឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។

បណ្ឌិតផ្នែកបុរាណវិទ្យា លោក ជា សុជាតិ ប្រធានគម្រោង និងជាអ្នកដឹកនាំកិច្ចការស្រាវជ្រាវបានឱ្យដឹងថា ក្រុមអ្នកបុរាណវិទ្យាបានបើករណ្តៅកំណាយស្រាវជ្រាវចំនួន ៨ ទីតាំងដើម្បីស្វែងរកខឿនទី១ផ្នែកខាងជើងរបស់ប្រាសាទអកយំ និងដើម្បីសិក្សាស្វែងរកទំនាក់ទំនងរវាងប្រាសាទនិងការតាំងទីរបស់មនុស្សនៅផ្នែកខាងលិចនៃប្រាសាទ។

លទ្ធផលបឋម ក្រុមអ្នកបុរាណវិទ្យាបានរកឃើញថាក្នុងរណ្តៅកំណាយបុរាណវិទ្យាចំនួន៣មានសំណល់ខឿនក្រោមបង្អស់ ឬខឿនទីមួយរបស់ប្រាសាទអកយំដែលបានលុបបាត់ក្នុងតួទំនប់ខាងត្បូងបារាយណ៍កាលពីគេលើកបារាយណ៍ទាំងមូលនេះឡើងនៅក្នុងអំឡុងសតវត្សទី១១នៃគ.ស។ សំណល់ខឿនទាំងនោះត្រូវបានរកឃើញនៅក្នុងជម្រៅចន្លោះជាមធ្យមពី១០ស.ម. ទៅ១៣០ស.ម។ ក្រុមអ្នកបុរាណវិទ្យាយល់ថាលទ្ធផលនេះនឹងរួមចំណែកយ៉ាងធំក្នុងការកំណត់ទីតាំងពិតប្រាកដ ក៏ដូចជាជម្រៅរបស់សំណល់ខឿនទីមួយរបស់ប្រាសាទអកយំដែរ។

បច្ចុប្បន្នក្រុមការងារកំពុងជីកបន្ថែម ដោយរំពឹងថានឹងអាចទៅដល់បាតក្រោមនៃខឿនប្រាសាទនេះ ប្រសិនបើគ្មានការរំខានពីបញ្ហាភ្លៀង និងកម្រិតទឹកក្នុងបារាយណ៍។ល។ រីឯនៅក្នុងរណ្ដៅចំនួន៤ធំៗ ស្ថិតនៅខាងលិចនៃជ្រុងពាយ័ព្យនៃខឿនទីមួយរបស់ប្រាសាទអកយំវិញ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញមានថ្មភ្នំដែលមានទំហំធំៗជាច្រើន។ តាមការវិភាគបឋមក្រុមអ្នកបុរាណវិទ្យាយល់ឃើញថាថ្មទាំងនោះ ត្រូវបានអ្នកជំនាន់មុនយកមកតំរៀបដើម្បីទប់ជើងទេរផ្នែកខាងជើងនៃទំនប់ខាងត្បូង ហើយក៏អាចប្រើទប់កុំឱ្យដីហូរច្រោះ បើទោះបីជាដីដែលគេលើកយកមកធ្វើទំនប់នោះជាប្រភេទដីឥដ្ឋដែលត្រូវបានបង្ហាប់ មានពណ៌ប្រផេះនិងមានលាយខ្សាច់ក្នុងបរិមាណតិចតួចបំផុតក្តី ។

លោក ជា សុជាតិ បានបន្តទៀតថា ផ្នែកខាងជើងនៃប្រាសាទអកយំពុំធ្លាប់បានធ្វើការស្រាវជ្រាវបុរាណវិទ្យាឱ្យបានដិតដល់នោះទេ បើទោះបីជាមានការរុករកខឿនទីមួយផ្នែកខាងជើងរបស់ប្រាសាទអកយំនេះក្នុងចន្លោះឆ្នាំ១៩៣២និងឆ្នាំ១៩៣៥ ដោយអ្នកស្រាវជ្រាវជនជាតិបារាំងឈ្មោះ Georges Trouvé (ហ្សក ទ្រូវេ)ក៏ដោយ។ តាមរយៈការស្រាវជ្រាវ ជនជាតិបារាំងរូបនេះបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនូវឯកសារជាច្រើនដូចជា សំណេរដៃក្នុងទិនានុប្បវត្តិកំណាយ (Journaux de fouilles) របាយការណ៍ប្រចាំខែ ឯកសារប្លង់់ចំនួន៥៨ផ្ទាំង និងរូបថតចំនួន១៣៥សន្លឹក ដើម្បីជាឯកសារយោង។ បើយោងតាមការស្រាវជ្រាវរបស់លោក ហ្សក ទ្រូវេ នៅពេលនោះ គេអាចដឹងបានថា ខឿនទីមួយរបស់ប្រាសាទអកយំមានប្រវែង ១០០ម៉ែត្របួនជ្រុង កម្ពស់ប្រវែង២,៦០ម៉ែត្រ និងមានកម្រាស់ទទឹងប្រវែង ៣ម៉ែត្រ ។ រីឯការស្រាវជ្រាវជាបន្តដោយលោក Christophe Pottier (គ្រីស្តូហ្វ ប៉ូត្យេ) ដែលធ្វើឡើងក្នុងឆ្នាំ ២០០១ ឆ្នាំ២០១២ និងឆ្នាំ២០១៦ បានរំលេចអោយឃើញនូវទិន្នន័យថ្មីជាច្រើនបន្ថែមទៀតនៅផ្នែកខាងត្បូងប្រាសាទនិងលើសអំពីអ្វីដែលលោក ហ្សក ទ្រូវេ ធ្លាប់បានរកឃើញ។

គួរបញ្ជាក់ថា គម្រោងស្រាវជ្រាវរចនាសម្ព័ន្ធផ្នែកខាងជើងប្រាសាទអកយំនៅពេលនេះ គឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។ ការសិក្សាស្រាវជ្រាវបុរាណវិទ្យានេះ គឺធ្វើឡើងទាំងសម្រាប់ការស្រាវជ្រាវផង និងសម្រាប់កំណាយបុរាណវិទ្យាបង្ការផងដែរ។ គម្រោងស្រាវជ្រាវនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ៕
























មានការលើកឡើងថាមានការធ្លាក់ចុះភ្ញៀវច្រើននារដូវវស្សា (Low season) ព្រោះមានភ្លៀង ធ្វើឱ្យពិបាកក្នុងការដើរកម្សាន្ត។ ប៉ុន្តែផ្ទុយទៅវិញ វស្សានរដូវនៅឧទ្យានអង្គរ ជារដូវដែលទាក់ទាញបំផុត ក្នុងការមកទស្សនា និងថតរូបភាពអនុស្សាវរីយ៍ផ្សេងៗ ដោយហេតុផលថា ក្នុងរដូវនេះ ភ្លៀងចាប់ផ្តើមធ្លាក់ ដែលធ្វើឲ្យរុក្ខជាតិប្រែជាពណ៌បៃតង ដ៏ស្រស់ត្រកាល (Green Season) ត្រជាក់ភ្នែកគ្រប់ទីកន្លែង។ ដើមឈើតូចធំពណ៌បៃតងចាស់ អមសងខាងផ្លូវកៅស៊ូ គួរឱ្យស្រស់ថ្លាចិត្ត។ ឯផ្ទៃដីក្រាលគ្របដោយស្មៅលាស់ខ្ចី ប្រៀបដូចកម្រាលព្រំពណ៌បៃតងគ្រប់ទីកន្លែង ដែលជួយលើកសោភ័ពភាពប្រាសាទឱ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត។
ព្រៃឈើមានសារៈសំខាន់ខ្លាំង សម្រាប់មនុស្សសត្វនៅលើផែនដីនេះ។ ព្រៃឈើអាចបញ្ជៀសនូវគ្រោះមហន្តរាយ ផ្សេងៗ ដូចជា ទប់ស្កាត់ខ្យល់ព្យុះ ទាក់ទាញទឹកភ្លៀង កាត់បន្ថយកម្តៅលើនៅផែនដី ទប់ស្កាត់ទឹកជំនន់ជាដើម មិនត្រឹមតែប៉ុននោះព្រៃឈើអាចទាក់ទាញភ្ញៀវទេសចរ ជាពិសេសជាងនេះទៀតនោះ ព្រៃឈើជួយការពារដល់ប្រាង្គប្រាសាទនានាដែលនៅក្នុងតំបន់អង្គរផងដែរ។
សម្រាប់តំបន់ទេសចរណ៍ល្បីៗជាច្រើន និងតំបន់បេតិកភណ្ឌពិភពលោក គឺតែងតែមានគេហទំព័រផ្ទាល់ប្រចាំតំបន់ទាំងនោះ ដើម្បីផ្សព្វផ្សាយពីវិសាលភាពនៃតំបន់ទេសចរណ៍របស់ខ្លួនទៅកាន់ពិភពលោក។ ដូចគ្នានោះដែរ អាជ្ញាធរជាតិអប្សរា ដែលមានតួនាទីគ្រប់គ្រង អភិរក្ស និងរៀបចំតំបន់អង្គរដ៏ល្បីល្បាញ ក៏បានគ្រោងរៀបចំបង្កើតគេហទំព័រ www.angkor.com. kh សម្រាប់ផ្តល់ព័ត៌មានទូលំទូលាយអំពីសក្តានុពលវិស័យទេសចរណ៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិបានដឹងពីតំបន់អង្គរ។
ISO14001 ជាស្តង់ដារ ឬមាត្រដ្ឋានសម្រាប់វាស់វែងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស។ ទស្សនវិស័យសម្រាប់ការអនុវត្តការងារគ្រប់គ្រងបរិស្ថាន អាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ២០០៤មក ក្នុងឋានៈជាស្ថាប័នជាតិគ្រប់គ្រង និងអភិរក្សរមណីយដ្ឋានអង្គរ បានចុះឈ្មោះដើម្បីបំពេញលក្ខខណ្ឌជាមួយស្ថាប័នធានាគុណភាពជប៉ុន (Japan Quality Assurance-JQA) ដើម្បីទទួលបានវិញ្ញាបនបត្រ ISO 14001 នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1449
ម្សិលមិញ
:
12153
សប្តាហ៍នេះ
:
60177
ខែនេះ
:
0138803
សរុប
:
009888489