NEWS

គម្រោងស្រាវជ្រាវនៅប្រាសាទអកយំរកឃើញខឿនប្រាសាទដែលកប់ក្នុងទំនប់ខាងត្បូងបារាយណ៍ខាងលិច

Published on 22 April 2019 09:40 AM Post By ៖ Apsara National Authority

ប្រាសាទអកយំ នៅផ្នែកខាងជើង កំពុងទទួលបានការធ្វើកំណាយស្រាវជ្រាវនិងបុរាណវិទ្យាបង្ការដោយក្រុមអ្នកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។ ការធ្វើកំណាយនៅពេលនេះគឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។

បណ្ឌិតផ្នែកបុរាណវិទ្យា លោក ជា សុជាតិ ប្រធានគម្រោង និងជាអ្នកដឹកនាំកិច្ចការស្រាវជ្រាវបានឱ្យដឹងថា ក្រុមអ្នកបុរាណវិទ្យាបានបើករណ្តៅកំណាយស្រាវជ្រាវចំនួន ៨ ទីតាំងដើម្បីស្វែងរកខឿនទី១ផ្នែកខាងជើងរបស់ប្រាសាទអកយំ និងដើម្បីសិក្សាស្វែងរកទំនាក់ទំនងរវាងប្រាសាទនិងការតាំងទីរបស់មនុស្សនៅផ្នែកខាងលិចនៃប្រាសាទ។

លទ្ធផលបឋម ក្រុមអ្នកបុរាណវិទ្យាបានរកឃើញថាក្នុងរណ្តៅកំណាយបុរាណវិទ្យាចំនួន៣មានសំណល់ខឿនក្រោមបង្អស់ ឬខឿនទីមួយរបស់ប្រាសាទអកយំដែលបានលុបបាត់ក្នុងតួទំនប់ខាងត្បូងបារាយណ៍កាលពីគេលើកបារាយណ៍ទាំងមូលនេះឡើងនៅក្នុងអំឡុងសតវត្សទី១១នៃគ.ស។ សំណល់ខឿនទាំងនោះត្រូវបានរកឃើញនៅក្នុងជម្រៅចន្លោះជាមធ្យមពី១០ស.ម. ទៅ១៣០ស.ម។ ក្រុមអ្នកបុរាណវិទ្យាយល់ថាលទ្ធផលនេះនឹងរួមចំណែកយ៉ាងធំក្នុងការកំណត់ទីតាំងពិតប្រាកដ ក៏ដូចជាជម្រៅរបស់សំណល់ខឿនទីមួយរបស់ប្រាសាទអកយំដែរ។

បច្ចុប្បន្នក្រុមការងារកំពុងជីកបន្ថែម ដោយរំពឹងថានឹងអាចទៅដល់បាតក្រោមនៃខឿនប្រាសាទនេះ ប្រសិនបើគ្មានការរំខានពីបញ្ហាភ្លៀង និងកម្រិតទឹកក្នុងបារាយណ៍។ល។ រីឯនៅក្នុងរណ្ដៅចំនួន៤ធំៗ ស្ថិតនៅខាងលិចនៃជ្រុងពាយ័ព្យនៃខឿនទីមួយរបស់ប្រាសាទអកយំវិញ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញមានថ្មភ្នំដែលមានទំហំធំៗជាច្រើន។ តាមការវិភាគបឋមក្រុមអ្នកបុរាណវិទ្យាយល់ឃើញថាថ្មទាំងនោះ ត្រូវបានអ្នកជំនាន់មុនយកមកតំរៀបដើម្បីទប់ជើងទេរផ្នែកខាងជើងនៃទំនប់ខាងត្បូង ហើយក៏អាចប្រើទប់កុំឱ្យដីហូរច្រោះ បើទោះបីជាដីដែលគេលើកយកមកធ្វើទំនប់នោះជាប្រភេទដីឥដ្ឋដែលត្រូវបានបង្ហាប់ មានពណ៌ប្រផេះនិងមានលាយខ្សាច់ក្នុងបរិមាណតិចតួចបំផុតក្តី ។

លោក ជា សុជាតិ បានបន្តទៀតថា ផ្នែកខាងជើងនៃប្រាសាទអកយំពុំធ្លាប់បានធ្វើការស្រាវជ្រាវបុរាណវិទ្យាឱ្យបានដិតដល់នោះទេ បើទោះបីជាមានការរុករកខឿនទីមួយផ្នែកខាងជើងរបស់ប្រាសាទអកយំនេះក្នុងចន្លោះឆ្នាំ១៩៣២និងឆ្នាំ១៩៣៥ ដោយអ្នកស្រាវជ្រាវជនជាតិបារាំងឈ្មោះ Georges Trouvé (ហ្សក ទ្រូវេ)ក៏ដោយ។ តាមរយៈការស្រាវជ្រាវ ជនជាតិបារាំងរូបនេះបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនូវឯកសារជាច្រើនដូចជា សំណេរដៃក្នុងទិនានុប្បវត្តិកំណាយ (Journaux de fouilles) របាយការណ៍ប្រចាំខែ ឯកសារប្លង់់ចំនួន៥៨ផ្ទាំង និងរូបថតចំនួន១៣៥សន្លឹក ដើម្បីជាឯកសារយោង។ បើយោងតាមការស្រាវជ្រាវរបស់លោក ហ្សក ទ្រូវេ នៅពេលនោះ គេអាចដឹងបានថា ខឿនទីមួយរបស់ប្រាសាទអកយំមានប្រវែង ១០០ម៉ែត្របួនជ្រុង កម្ពស់ប្រវែង២,៦០ម៉ែត្រ និងមានកម្រាស់ទទឹងប្រវែង ៣ម៉ែត្រ ។ រីឯការស្រាវជ្រាវជាបន្តដោយលោក Christophe Pottier (គ្រីស្តូហ្វ ប៉ូត្យេ) ដែលធ្វើឡើងក្នុងឆ្នាំ ២០០១ ឆ្នាំ២០១២ និងឆ្នាំ២០១៦ បានរំលេចអោយឃើញនូវទិន្នន័យថ្មីជាច្រើនបន្ថែមទៀតនៅផ្នែកខាងត្បូងប្រាសាទនិងលើសអំពីអ្វីដែលលោក ហ្សក ទ្រូវេ ធ្លាប់បានរកឃើញ។

គួរបញ្ជាក់ថា គម្រោងស្រាវជ្រាវរចនាសម្ព័ន្ធផ្នែកខាងជើងប្រាសាទអកយំនៅពេលនេះ គឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។ ការសិក្សាស្រាវជ្រាវបុរាណវិទ្យានេះ គឺធ្វើឡើងទាំងសម្រាប់ការស្រាវជ្រាវផង និងសម្រាប់កំណាយបុរាណវិទ្យាបង្ការផងដែរ។ គម្រោងស្រាវជ្រាវនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ៕
























កាលណាគេចូលរួមក្នុងពិធីប្រពៃណីមួយចំនួនរបស់អ្នកស្រុកអង្គរ ដូចជា ពិធីលៀងមេមត់ ចូលរូប ឡើងអ្នកតា បង្កក់កូន ជាដើម គេតែងឮចាស់ៗនិយាយគ្នាពីការរៀបចំស្លាធម៌ បាយសី និងជម ដែលជាគ្រឿងរណ្តាប់។ បើក្នុងពិធីបញ្ចូលរូប ជម៤ គឺជាគ្រឿងរណ្តាប់ដែលគេមិនអាចខកខាននោះទេ។
វាជារឿងកម្រសម្រាប់មនុស្សសម័យថ្មីដែលបានគិតគូរ និងជឿស៊ប់លើជំនឿ មូលហេតុដោយសារតែការអប់រំនិងវិទ្យាសាស្ត្រជឿនលឿនខ្លាំង។ ការមិនស្គាល់ពីតម្លៃនិងមិនយកចិត្តទុកដាក់របស់កូនខ្មែរភាគច្រើន រួមផ្សំនឹងការហូរចូលនៃវប្បធម៌បរទេសផងនោះ បានធ្វើឱ្យទំនៀមទម្លាប់ខ្មែរមួយចំនួនដែលជាកេរមរតកដូនតាបន្សល់ទុករាប់សតវត្សមកហើយត្រូវបាត់បង់បន្តិចម្តងៗ។
តាមរយៈកិច្ចសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា អាជ្ញាធរជាតិអប្សរាបានសហការជាមួយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា ដើម្បីបើកកម្មវិធីបណ្តុះបណ្តាលភាសាចិនដល់មន្ត្រីបុគ្គលិកជំនាញចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧តទៅ ដែលមានទីតាំងនៅក្នុងវិទ្យាល័យអង្គរ ខេត្តសៀមរាប។
ពិធីសម្ពោធជាផ្លូវការ និងដាក់បញ្ចាំងរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំរយៈពេល២រាត្រី នៅលើដីអង្គរលើព្រះលានជល់ដំរីនៃក្រុងអង្គរធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
5062
Yesterday
:
6032
This Week
:
69272
This Month
:
0225353
Total
:
012732942