NEWS

សិប្បកម្មបុរាណផ្នែកសិល្បៈតាំងលម្អនិងភ្លេងខ្មែរនៅសហគមន៍កុដិសូរទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវទេសចរ

Published on 18 December 2018 02:08 PM Post By ៖ Apsara National Authority

ជាគោលនយោបាយរបស់អាជ្ញាធរជាតិអប្សរាក្នុងការអភិរក្សតំបន់អង្គរមានទាំង ជំនឿ សាសនា សិល្បៈ ទំនៀមទម្លាប់ របៀបរបបរស់នៅ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរាតែងសហការ ផ្តល់យោបល់ ជួយគាំទ្រាំសហគមន៍ ដើម្បីឱ្យសហគមន៍មានគំនិតឆ្នៃប្រឌិត និងចូលរួមអភិវឌ្ឍន៍សហគមន៍ខ្លួនដោយខ្លួនឯង។

ជាក់ស្តែងដោយមើលឃើញពីសក្តានុពលសិល្បៈបុរាណក្នុងការទាក់ទាញទេសចរដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាជន អាជ្ញាធរជាតិអប្សរាសហការណ៍ជាមួយប្រទេសញូវហ្សេឡែនតាមរយៈគម្រោង (ACHA) បង្កើតសហគមន៍កុដិសូរឡើងនៅឆ្នាំ២០១០ នៅភូមិរហាលនិងស្រះស្រង់ខាងជើង ដើម្បីលើកតម្លៃសិល្បៈខ្មែរផងនិងបង្កើនជីវភាពប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរផង ព្រោះអ្នកស្រុកនៅភូមិនេះមានចំណេះជំនាញខាងសិល្បៈសិប្បកម្មយ៉ាងចំណានពីដូនតារហូតមកដល់បច្ចុប្បន្ន។

លោក សំ កុសល មន្ត្រីនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនិងគ្រប់គ្រងគម្រោងបានឱ្យដឹងថា សហគមន៍កុដិសូរមានបម្រើសេវាកម្មពីរ គឺរទេះទេសចរនិងសិប្បកម្ម។ ប៉ុន្តែបច្ចុប្បន្នរទេះគោទេសចរបានធ្លាក់ចុះសល់ត្រឹម៤រទេះប៉ុណ្ណោះ ដោយសារកត្តាភ្ញៀវ ការផ្សព្វផ្សាយមិនបានទូលំទូលាយ ការងាកទៅប្រើគ្រឿងយន្តក្នុងរបរកសិកម្ម និងទម្លាប់ប្រជាជនលក់គោពេញកម្លាំងចេញពេលដកស្ទូងរួច ទើបមិនមានគោសម្រាប់ដឹកជញ្ជូន។ ដោយឡែក សិប្បកម្មចម្លាក់និងឧបករណ៍ភ្លេងខ្មែររបស់ប្រជាជនទាំង៤៨គ្រួសារ គឺនៅតែទទួលបានការពេញនិយម ហើយមានការគាំទ្រច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងឈ្មួញ។

លោក កុសល បន្ថែមថា ដើម្បីអភិវឌ្ឍន៍សមត្ថភាពផ្នែកសិប្បកម្ម ក្រុមការងារក៏បាននាំប្រជាជនទៅទស្សនកិច្ចសិក្សានៅក្រៅស្រុកនិងក្រៅប្រទេសផងដែរ ដើម្បីស្វែងយល់បន្ថែមពីក្បាច់ចម្លាក់ បច្ចេកទេសក្នុងការធ្វើថាមានអ្វីដែលខុសប្លែកពីតំបន់ខ្លួន។ តាមរយៈគម្រោងកុដិសូរ ក៏នាំទីផ្សារដល់ប្រជាជនផងដែរ ដោយការមានសិទ្ធិយកសម្ភារៈទៅលក់នៅពិព៌រណ៍ថ្នាក់ខេត្ត និងអង្គរសង្ក្រានជាដើម។

លោក ឃុំ សឿត បានឱ្យដឹងថា លោកមានជំនាញខាងចម្លាក់ឈើតូចៗនិងរទេះគោ ជាង២០ឆ្នាំមកហើយនៅភូមិរហាល។ កាលមិនទាន់ចូលជាសមាជិកសហគមន៍កុដិសូរ ការលក់ដូរមិនសូវមានទីផ្សារច្រើនទេ តែក្រោយពេលមានសមាគមន៍នេះ អាជ្ញាធរជាតិអប្សរានិងប្រទេសញូវហ្សេឡែនបានបង្កើនការផ្សព្វផ្សាយ ធ្វើឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិបានស្គាល់ច្រើន ហើយខ្លះបានមកទិញដល់កន្លែង ពេលខ្លះផលិតមិនទាន់តម្រូវការទីផ្សារទេ ហើយយើងមានសិទ្ធិយកទៅលក់នៅក្នុងព្រឹត្តិការណ៍ធំៗក្នុងខេត្តសៀមរាបផង។ លើសពីនេះ គម្រោងក៏បាននាំទៅទស្សនកិច្ចនៅកំពង់ឆ្នាំង កំពង់ស្ពឺ និងប្រទេសវៀតណាម ដើម្បីមើលពីការផលិតសិប្បកម្មរបស់គេ ទុកជាបទពិសោធន៍មកច្នៃប្រឌិតបន្ថែមលើអ្វីដែលខ្លួនមាន។

ជាអ្នកជំនាញធ្វើរទេះគោដែលចេះតគ្នាពីអ្នកភូមិដែរនោះ លោក វួន ហ៊ាង បានប្រាប់ថា ការលក់ចម្លាក់ឈើវត្ថុអនុស្សាវរីយ៍នៅទីនេះ ទទួលបានកម្រៃគួរសមតាមខែមានភ្ញៀវតិច-ច្រើន និងលក់ឱ្យឈ្មួញ។ តែអ្វីដែលជួបការលំបាក គឺការរកឈើមកធ្វើចម្លាក់ពិសេសក្នុងរដូវភ្លៀង ណាមួយតម្លៃឈើសព្វថ្ងៃក៏ឡើងថ្លៃ ហើយទិញទុកយូរ វាក៏ខូចទៀត។ លោក ហ៊ាង ក៏សំណូមពរឱ្យអាជ្ញាធរជាតិអប្សរាជួយយកចិត្តទុកដាក់លើផ្នែកបរិស្ថាន និងផ្សព្វផ្សាយពីសហគមន៍កុដិសូរឱ្យបានច្រើន ដើម្បីអភិរក្សរបរសិប្បកម្មសិល្បៈមួយនេះ ហើយលោកក៏មានទទួលបង្រៀនសិស្សដោយមិនគិតថ្លៃផងដែរ។

សម្រាប់គ្រួសារអ្នកស្រី ព្រឿង សាអឿម ដែលជំនាញខាងផលិតឧបករណ៍ភ្លេងខ្មែរតាំងពីឆ្នាំ១៩៩២ មានសាដៀវ ទ្រ ជាដើមនោះ បានលើកឡើងថា របរនេះជួនកាលដាច់ខ្លាំងធ្វើមិនទាន់ ជួនក៏បានតិច តាមភ្ញៀវកើនឡើងឬធ្លាក់ចុះ ហើយអ្នកទិញយកទៅលក់បន្តមានទាំងខ្មែរនិងថៃ។ តាមរយៈរបរនេះ ធ្វើឱ្យគ្រួសារអ្នកស្រីមានជីវភាពសមរម្យ ហើយមិនបាច់ចំណាកស្រុក កូនចៅក៏បានរៀនសូត្រ និងបន្តផ្ទេរមរតកនៃចំណេះទាំងនេះដល់កូនចៅផងដែរ ដើម្បីកុំឱ្យបាត់បង់៕















នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍ទី៥ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុម រួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បាននាំយកស័ង្កសីចំនួន២០សន្លឹកទៅប្រគល់ជូនស្រ្តីមេម៉ាយចាស់ជរាទីទ័លក្រម្នាក់ នៅភូមិតាត្រៃ ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងអ្នកជំនាញការជាន់ខ្ពស់ផ្នែកបេតិកភណ្ឌ ព្រមទាំងអ្នកជំនាញជាតិ-អន្តរជាតិរបស់ស្ថាប័នពាក់ព័ន្ធជាច្រើននាក់ បានអញ្ជើញចុះទៅពិនិត្យមើលការដ្ឋានកំណាយស្ពានហាលប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) នឹងចាប់ដំណើរការកិច្ចប្រជុំបច្ចេកទេសលើកទី២៧ និងពេញអង្គលើកទី២៣របស់ខ្លួននាព្រឹកថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះហើយ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា ប្រមាណ៨៩រូប ដែលធ្វើការផ្ទាល់នៅតាមមូលដ្ឋានទទួលបានចំណេះដឹងស្តីពីបេតិកភណ្ឌ។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្ដម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងបន្ថែមទៀតអំពីកិច្ចថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
3655
Yesterday
:
6616
This Week
:
16236
This Month
:
0258911
Total
:
012766500