ព័ត៌មានថ្មីៗ

សិប្បកម្មបុរាណផ្នែកសិល្បៈតាំងលម្អនិងភ្លេងខ្មែរនៅសហគមន៍កុដិសូរទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវទេសចរ

បានផ្សាយនៅ ថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ2018 02:08 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ជាគោលនយោបាយរបស់អាជ្ញាធរជាតិអប្សរាក្នុងការអភិរក្សតំបន់អង្គរមានទាំង ជំនឿ សាសនា សិល្បៈ ទំនៀមទម្លាប់ របៀបរបបរស់នៅ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរាតែងសហការ ផ្តល់យោបល់ ជួយគាំទ្រាំសហគមន៍ ដើម្បីឱ្យសហគមន៍មានគំនិតឆ្នៃប្រឌិត និងចូលរួមអភិវឌ្ឍន៍សហគមន៍ខ្លួនដោយខ្លួនឯង។

ជាក់ស្តែងដោយមើលឃើញពីសក្តានុពលសិល្បៈបុរាណក្នុងការទាក់ទាញទេសចរដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាជន អាជ្ញាធរជាតិអប្សរាសហការណ៍ជាមួយប្រទេសញូវហ្សេឡែនតាមរយៈគម្រោង (ACHA) បង្កើតសហគមន៍កុដិសូរឡើងនៅឆ្នាំ២០១០ នៅភូមិរហាលនិងស្រះស្រង់ខាងជើង ដើម្បីលើកតម្លៃសិល្បៈខ្មែរផងនិងបង្កើនជីវភាពប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរផង ព្រោះអ្នកស្រុកនៅភូមិនេះមានចំណេះជំនាញខាងសិល្បៈសិប្បកម្មយ៉ាងចំណានពីដូនតារហូតមកដល់បច្ចុប្បន្ន។

លោក សំ កុសល មន្ត្រីនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនិងគ្រប់គ្រងគម្រោងបានឱ្យដឹងថា សហគមន៍កុដិសូរមានបម្រើសេវាកម្មពីរ គឺរទេះទេសចរនិងសិប្បកម្ម។ ប៉ុន្តែបច្ចុប្បន្នរទេះគោទេសចរបានធ្លាក់ចុះសល់ត្រឹម៤រទេះប៉ុណ្ណោះ ដោយសារកត្តាភ្ញៀវ ការផ្សព្វផ្សាយមិនបានទូលំទូលាយ ការងាកទៅប្រើគ្រឿងយន្តក្នុងរបរកសិកម្ម និងទម្លាប់ប្រជាជនលក់គោពេញកម្លាំងចេញពេលដកស្ទូងរួច ទើបមិនមានគោសម្រាប់ដឹកជញ្ជូន។ ដោយឡែក សិប្បកម្មចម្លាក់និងឧបករណ៍ភ្លេងខ្មែររបស់ប្រជាជនទាំង៤៨គ្រួសារ គឺនៅតែទទួលបានការពេញនិយម ហើយមានការគាំទ្រច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងឈ្មួញ។

លោក កុសល បន្ថែមថា ដើម្បីអភិវឌ្ឍន៍សមត្ថភាពផ្នែកសិប្បកម្ម ក្រុមការងារក៏បាននាំប្រជាជនទៅទស្សនកិច្ចសិក្សានៅក្រៅស្រុកនិងក្រៅប្រទេសផងដែរ ដើម្បីស្វែងយល់បន្ថែមពីក្បាច់ចម្លាក់ បច្ចេកទេសក្នុងការធ្វើថាមានអ្វីដែលខុសប្លែកពីតំបន់ខ្លួន។ តាមរយៈគម្រោងកុដិសូរ ក៏នាំទីផ្សារដល់ប្រជាជនផងដែរ ដោយការមានសិទ្ធិយកសម្ភារៈទៅលក់នៅពិព៌រណ៍ថ្នាក់ខេត្ត និងអង្គរសង្ក្រានជាដើម។

លោក ឃុំ សឿត បានឱ្យដឹងថា លោកមានជំនាញខាងចម្លាក់ឈើតូចៗនិងរទេះគោ ជាង២០ឆ្នាំមកហើយនៅភូមិរហាល។ កាលមិនទាន់ចូលជាសមាជិកសហគមន៍កុដិសូរ ការលក់ដូរមិនសូវមានទីផ្សារច្រើនទេ តែក្រោយពេលមានសមាគមន៍នេះ អាជ្ញាធរជាតិអប្សរានិងប្រទេសញូវហ្សេឡែនបានបង្កើនការផ្សព្វផ្សាយ ធ្វើឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិបានស្គាល់ច្រើន ហើយខ្លះបានមកទិញដល់កន្លែង ពេលខ្លះផលិតមិនទាន់តម្រូវការទីផ្សារទេ ហើយយើងមានសិទ្ធិយកទៅលក់នៅក្នុងព្រឹត្តិការណ៍ធំៗក្នុងខេត្តសៀមរាបផង។ លើសពីនេះ គម្រោងក៏បាននាំទៅទស្សនកិច្ចនៅកំពង់ឆ្នាំង កំពង់ស្ពឺ និងប្រទេសវៀតណាម ដើម្បីមើលពីការផលិតសិប្បកម្មរបស់គេ ទុកជាបទពិសោធន៍មកច្នៃប្រឌិតបន្ថែមលើអ្វីដែលខ្លួនមាន។

ជាអ្នកជំនាញធ្វើរទេះគោដែលចេះតគ្នាពីអ្នកភូមិដែរនោះ លោក វួន ហ៊ាង បានប្រាប់ថា ការលក់ចម្លាក់ឈើវត្ថុអនុស្សាវរីយ៍នៅទីនេះ ទទួលបានកម្រៃគួរសមតាមខែមានភ្ញៀវតិច-ច្រើន និងលក់ឱ្យឈ្មួញ។ តែអ្វីដែលជួបការលំបាក គឺការរកឈើមកធ្វើចម្លាក់ពិសេសក្នុងរដូវភ្លៀង ណាមួយតម្លៃឈើសព្វថ្ងៃក៏ឡើងថ្លៃ ហើយទិញទុកយូរ វាក៏ខូចទៀត។ លោក ហ៊ាង ក៏សំណូមពរឱ្យអាជ្ញាធរជាតិអប្សរាជួយយកចិត្តទុកដាក់លើផ្នែកបរិស្ថាន និងផ្សព្វផ្សាយពីសហគមន៍កុដិសូរឱ្យបានច្រើន ដើម្បីអភិរក្សរបរសិប្បកម្មសិល្បៈមួយនេះ ហើយលោកក៏មានទទួលបង្រៀនសិស្សដោយមិនគិតថ្លៃផងដែរ។

សម្រាប់គ្រួសារអ្នកស្រី ព្រឿង សាអឿម ដែលជំនាញខាងផលិតឧបករណ៍ភ្លេងខ្មែរតាំងពីឆ្នាំ១៩៩២ មានសាដៀវ ទ្រ ជាដើមនោះ បានលើកឡើងថា របរនេះជួនកាលដាច់ខ្លាំងធ្វើមិនទាន់ ជួនក៏បានតិច តាមភ្ញៀវកើនឡើងឬធ្លាក់ចុះ ហើយអ្នកទិញយកទៅលក់បន្តមានទាំងខ្មែរនិងថៃ។ តាមរយៈរបរនេះ ធ្វើឱ្យគ្រួសារអ្នកស្រីមានជីវភាពសមរម្យ ហើយមិនបាច់ចំណាកស្រុក កូនចៅក៏បានរៀនសូត្រ និងបន្តផ្ទេរមរតកនៃចំណេះទាំងនេះដល់កូនចៅផងដែរ ដើម្បីកុំឱ្យបាត់បង់៕















នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
8343
ម្សិលមិញ
:
26968
សប្តាហ៍នេះ
:
35311
ខែនេះ
:
0179753
សរុប
:
010135900