ព័ត៌មានថ្មីៗ

កិច្ចប្រជុំបច្ចេកទេសលើកទី៤ បានបើកសម័យប្រជុំរបស់ខ្លួនហើយនៅព្រឹកថ្ងៃទី២០នេះ

បានផ្សាយនៅ ថ្ងៃទី 20 ខែ កញ្ញា ឆ្នាំ2018 11:09 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភរិក្ស និងការលើកតម្លៃថព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC- Preah Vihear) នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំគណៈកម្មាធិការ អាយស៊ីស៊ី-ព្រះវិហារ ដឹកនាំដោយសហប្រធាននៃប្រទេសចិន និងប្រទេសឥណ្ឌា និងប្រទេសជាសមាជិកចំនួន ៦ទៀត រួមមាន ប្រទេសប៊ែកហ្សិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃឡង់ដ៍ និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីអ្នកជំនាញជាតិ និងអន្ដរជាតិ ដើម្បីពិភាក្សាគ្នាអំពីយន្តការនៃការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកែរ។

កិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការ ICC-Preah Vihear នៅឆ្នាំនេះផ្តោការពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកប្រាសាទព្រះវិហារ ការរៀបចំទីតាំងបដិសណ្ឋារកិច្ចលើភ្នំប្រាសាទព្រះវិហារ ការរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកែរ និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។

គួរបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្រៃ្ដយ៍ ICC-Preah Vihear តែងតែរៀបចំកិច្ចប្រជុំនេះ២ដងក្នុងមួយឆ្នាំ ដែលរួមមានកិច្ចប្រជុំពេញអង្គរៀបចំនៅរៀងរាល់ខែ មីនា និងកិច្ចប្រជុំបច្ចេកទេស តែងរៀបចំនៅរាល់ខែ កញ្ញា៕











ជឿន គឹមហេង ប្រហែលជាស្ត្រីពិការទី១ ដែលបានឡើងទៅទស្សនានៅលើរួតបាកាណ ដែលជាជាន់ខ្ពស់ជាងគេបង្អស់នៃប្រាសាទអង្គរវត្តបានដោយជោគជ័យ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ។ នេះក៏ដោយសារតែឆន្ទៈដ៏មុតមាំរបស់នាង ដែលបានទទូចស្នើសុំមកអាជ្ញាធរជាតិអប្សរាកន្លងមក។
ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយលោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការ វិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃ ICC-Angkor ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងថ្នាក់ដឹកនាំពាក់ព័ន្ធផ្សេងទៀតនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារជួសជុលនិងអភិរក្សនៅវត្តរាជបូណ៌ និង ប្រគេនទៀនវស្សាព្រមទាំងទេយ្យទានផ្សេងៗដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តរាជបូណ៌ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីចាប់យកមគ្គផលនិងរួមចំណែកក្នុងការលើកតម្កើងព្រះពុទ្ធសាសនាផងដែរ។ ក្នុងឱកាសចុះទៅពិនិត្យការងារជួសជុលនិងអភិរក្សនៅព្រះវិហារវត្តរាជបូណ៌ ឯកឧត្តមអគ្គនាយក និងថ្នាក់ដឹកនាំបានពិនិត្យពីលទ្ធផលនៃការជួសជុលរូបគំនូរដែលមានក្នុងព្រះវិហារ និងលទ្ធភាពជួសជុលដំបូលព្រះវិហារ។
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានសហការគ្នាជាមួយក្រុមពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា(AMH) ចំនួន២៥រូប បារាំង១៦រូបនិងខ្មែរ៩រូបចុះទៅពិនិត្យសុខភាពនិងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រុមអ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណ វិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគម្រោងជួសជុលចម្រឹងបង្អួចនៅរោងទងទី២ផ្នែក ខាងជើងនៃប្រាសាទអង្គរវត្ត។ ជាទូទៅស្ថានភាពចម្រឹងបង្អួចទាំងអស់នៅប្រាសាទអង្គរវត្ត ពុំមានភាពរឹងមាំល្អឡើយ ចម្រឹងខ្លះពុកផុយនិងសឹករិចរិលដោយអន្លើៗ ឯខ្លះទៀតបានបាក់ និងបាត់បង់ទាំងស្រុង។ ក្នុងដំណាក់កាលដំបូងនៃការសិក្សាលើស្ថានភាពចម្រឹងបង្អួចនៅរោង ទងទី២ផ្នែកខាងក្នុងគឺមានសរុបចំនួន១៤៩ស៊ុមស្មើនឹង១០៣៩ចម្រឹង ក្នុងនោះបានបង្ហាញពី ការខូចខាតខ្លាំងប្រមាណ២១% ខូចខាតមធ្យម ១៦% និងខូចតិចតួចចំនួន៣៩%។
នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំនាមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងក្រុមការងារ បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃអង្គការមូលនិធិ Three Hearts Foundation របស់ប្រទេសជប៉ុន ដែលដឹកនាំដោយកញ្ញា Hisae Arai អតីតកញ្ញាឯកប្រទេសជប៉ុន ឆ្នាំ២០១១ និងជានាយកគ្រប់គ្រងទូទៅ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
2839
ម្សិលមិញ
:
9536
សប្តាហ៍នេះ
:
67619
ខែនេះ
:
0012375
សរុប
:
013703829