ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រជុំផ្ទៃក្នុងគណៈកម្មការប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001:2015

បានផ្សាយនៅ ថ្ងៃទី 17 ខែ កញ្ញា ឆ្នាំ2018 04:06 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៨ អង្គភាពគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO14001 គ្រប់នាយកដ្ឋាន និងអង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយករងជាតំណាងឯកឧត្តមបណ្ឌិតស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធទាំងអស់។

ការបើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនេះ ធ្វើឡើងដើម្បីពិភាក្សា ដោះស្រាយបញ្ហាបរិស្ថាន ចង្អុលទិសដៅអំពីគោលបំណងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាទាំងមូល និងសម្របសម្រួលរាល់សកម្មភាពការងារបរិស្ថានក្នុងតំបន់អង្គរដោយអនុលោមតាមស្តង់ដារ ISO14001 ដែលអាជ្ញាធរជាតិអប្សរាទទួលបានពីស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA)។

លោកភោគ បញ្ញា អនុប្រធានស្តីទីអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន បានលើកឡើងថា ចំពោះលទ្ធផលការធ្វើសវនកម្មផ្ទៃក្នុងឆ្នាំ២០១៨ គឺនាយកដ្ឋាននិងអង្គភាពចំនួន១៦នៃស្ថាប័នអាជ្ញាធរជាតិអប្សរា នៅតែបន្តភាពវិជ្ជមាន ដោយមិនមានភាពមិនអនុលោមណាមួយឡើយ ដែលខុសពីស្តង់ដា SIO 14001។ ប៉ុន្តែមានចំណុចតាមសង្កេតចំនួន៣ចំណុច ដែលស្ថិតនៅលើគោលបំណងនៃកម្មវិធី ដែលសវនករបានផ្តល់ជាអនុសាសន៍គ្រប់នាយកដ្ឋានបានកំណត់ បង្កើតកម្មវិធីអនុវត្ត និងទទួលលទ្ធផលតាមផែនការច្បាប់ ប៉ុន្តែការកំណត់គោលដៅក្នុងផែនការអនុវត្តនេះរក្សានៅដដែលដូចឆ្នាំ២០១៧និង២០១៨ ដោយកំណត់ទិសដៅបរិស្ថានឱ្យលើសពីឆ្នាំចាស់។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តម ហង់ ពៅ បានរំឭកថា ការបង្កើតប្រព័ន្ធការពារបរិស្ថាន សំខាន់ជាងគេគឺយល់ពីការគ្រប់គ្រងរួម ហើយមានទំនាក់ទំនងគ្នាទៅវិញទៅមក ទោះបីជានាយកដ្ឋានផ្សេងៗ ឬជំនាញផ្សេងៗ គឺត្រូវតែមានការពាក់ព័ន្ធគ្នាគ្រប់នាយកដ្ឋាន។ ដូច្នេះក្រុមបរិស្ថានជាអ្នកសម្របសម្រួល ធ្វើយ៉ាងណាឱ្យត្រូវតាមចំណុចទាមទាររបស់ស្តង់ដារ ISO 14001 ហើយម្ចាស់សាមីនាយកដ្ឋានឬអង្គភាពនីមួយៗ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តមបន្តថា កិច្ចការនេះគឺជាការងារយើងទាំងអស់គ្នាដោយមិនផ្តោតតែទៅលើនរណាម្នាក់ឡើយ ទើបអាចបង្ហាញពីប្រសិទ្ធិភាពនៃការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាលើប្រព័ន្ធបរិស្ថានបានជោគជ័យ។

គួររំឭកថា អាជ្ញាធរជាតិអប្សរាបានចុះឈ្មោះ ដើម្បីទទួលបានការវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន ពីស្ថាប័នធានាគុណភាពជប៉ុន JQA តាំងពីឆ្នាំ២០០៣មក ហើយក៏ធ្លាប់បានទទួលវិញ្ញាបនបត្រ ISO14001 លើការងារគ្រប់គ្រងប្រព័ន្ធបរិស្ថាន ពីស្ថាប័នអន្តរជាតិមួយនេះ ចំនួន៥លើករួចមកហើយដែរ៕











នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ អ្នកជំនាញការអាដហុករបស់គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាស៊ីស៊ី-អង្គរ បានចុះទៅពិនិត្យការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ កម្មវិធីនេះ តែងធ្វើជាទៀងទាត់នៅមុនកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ហើយកិច្ចប្រជុំនៅលើកនេះ នឹងប្រារព្ធធ្វើនៅថ្ងៃទី៤-៥ ខែធ្នូ អមនឹងការប្រារព្ធខួប ២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្ដរជាតិនេះផងដែរ។
នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យលោក Frédéric VALLETOUX អភិបាលក្រុង Fontainebleau និងប្រតិភូចូលជួបសំណេះសំណាល ផ្លាស់ប្តូរយោបល់គ្នា ចែករំលែកបទពិសោធន៍រវាងបេតិកភណ្ឌពិភពលោកនៃប្រទេសទាំងពីរ គឺតំបន់រមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Fontainebleau។
កាលពីព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរា បានសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់រៀបចំកម្មវិធីអប់រំបេតិកភណ្ឌមួយសម្រាប់សិស្សានុសិស្សនៃសាលាបឋមសិក្សាប្រាសាទបន្ទាយសំរ៉ែនៅក្នុងឧទ្យានអង្គរ ក្នុងឱកាសខួបទី១០ឆ្នាំនៃការបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញខ្មែរខាងវិស័យអភិរក្សនិងជួសជុលចម្លាក់ថ្មរបស់អង្គការ GIZ នៅតំបន់អង្គរ។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ត្រូវបានអញ្ជើញឱ្យចូលរួមទទួលពានរង្វាន់ «សហគមន៍ទេសចរណ៍គំរូភូមិធម្មជាតិរុនតាឯក» ដែលជាពានរង្វាន់ថ្មី រៀបចំឡើងដោយក្រសួងទេចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1322
ម្សិលមិញ
:
2569
សប្តាហ៍នេះ
:
07075
ខែនេះ
:
0100234
សរុប
:
007690933